CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក សម្រេចផ្ដល់ជំនួយយោធា ៣៨ ពាន់លានដុល្លារ ដល់អ៉ីស្រាអែល ដើម្បីលួងចិត្ត

(វ៉ាស៊ីនតោន)៖ បើទោះបីជា កំពុងមានភាពតានតឹងនឹងគ្នា ស្ដីពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ និង​ដំណើរការសន្តិភាពជាមួយ នឹងប៉ាឡេស្ទីនក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែសម្រេចិត្តផ្ដល់ជំនួយ ផ្នែកយោធាជាង ៣៨ពាន់លានដុល្លារ ដល់ប្រទេសអ៉ីស្រាអែល សម្រាប់ឆ្នាំ២០១៩ ដល់២០២៨។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថាលេខា កាលពីថ្ងៃពុធនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា «កិច្ចព្រមព្រៀងជាមួយនឹង អ៉ីស្រាអែល គឺជាការចូលរួមដ៏សំខាន់ នៃជំនួយផ្នែកយោធាទ្វេភាគី ក្នុងប្រវត្តិសាស្ត្រអាមេរិក ពោលគឺដូចខ្ញុំធ្លាប់បានលើកឡើងថា ការចូលរួមរបស់សហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខ​អ៉ីស្រាអែល នឹងមិនមានការផ្លាស់ប្ដូរឡើយ»។

គួរបញ្ជាក់តាម​សេតវិមានអាមេរិក​ថា ក្នុងចំណោមជំនួយយោធាជាង ៣៨ពាន់លានដុល្លារនេះ ៣៣ពាន់លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល គ្រាប់រ៉ុក្កែត ឬ​កំាភ្លើងធំជាដើម ខណៈកិច្ចព្រមព្រៀងយោធា បច្ចុប្បន្នមានតម្លៃជាង ៣០ពាន់លានដុល្លារ រវាងសហរដ្ឋអាមេរិក-អ៉ីស្រាអែល នឹងអស់សុពលភាព នៅឆ្នាំ២០១៨៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news