CamNews

ព័ត៌មានជាតិ 

គូស្នេហ៍ក្មេងវ័យខ្មែរឥ​ស្លាម​មួយគូ​ ផឹកថ្នាំពុលសម្លាប់ខ្លួន ស្លាប់ទាំង​ពីរនាក់ ក្នុងព្រះវិហារ

(ពោធិ៍សាត់)៖ សេចក្ដីស្នេហាពិតជាមានទំហំធំធេងខ្លាំង គ្មានអ្វីប្រៀបស្មើបានឡើយ មិនថាជាតិសាសន៍ណា ឬជាតិសាសន៍ណាទេ ឲ្យតែងប់ងល់នឹងស្នេហាហើយ ពិបាកនឹងដកខ្លួនចេញណាស់ ហើយបើមានអ្នកមករារាំង ឬភាគីណាមួយ ប្រុងដោះដៃនោះ ភាគីម្ខាងទៀត ប្រាកដជាហ៊ានធ្វើអ្វីៗ​ ទាំងអស់ ដោយមិនស្ដាយស្រណោះ ជិវិតរបស់ខ្លួននោះទេ។ ជាក់ស្ដែងគូ​ស្នេហ៍ខ្មែរឥស្លាម ក្មេងខ្ចីមួយគូ​ បានផឹកថ្នាំពុលសម្លាប់ខ្លួនទាំងពីរនាក់ ក្នុងវិហារឥស្លាម ស្ថិតក្នុងភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ លុះព្រឹកឡើង​ម៉ោង០៦៖៣០នាទី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

​លោកវរសេនីយ៍ត្រី លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្ដៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ​​តួឯកប្រុសឈ្មោះ សុះ សល់លី អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ចំណែកតួឯកស្រីឈ្មោះ ស្មាន តីណូ អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពុំមាននរណាដឹងរឿងស្នេហា របស់គូស្នហ៍ទាំងពីរស៊ីជម្រៅដល់កម្រិតណាទេ ប៉ុន្តែគេគ្រាន់តែដឹងថា ពួកគេទាំងពីរនាក់ ស្គាល់គ្នាតាមរយៈទូរស័ព្ទ ហើយក៏មានទំនាក់​ទំនងស្នេហា ផ្អែមល្ហែម​ជាមួយគ្នារហូតមក ។ ផ្ទះរបស់គូរស្នេហ៍ទាំងពីរ មានឃុំនៅជាប់គ្នា ប៉ុន្តែម្ខាងស្រុកកណ្ដៀង ម្ខាងស្រុកក្រគរ ។ ពួកគេបានរឹតចំណងស្នេហ៍ ជាមួយគ្នាជាច្រើនខែមកហើយ និង​មិនដឹងថា គេធ្លាប់ជួបមុខគ្នាផ្ទាល់ដែរឬអត់ ឬមួយក៏មានឧបសគ្គ ឪពុកម្ដាយខាងណារារាំងនោះទេ ។ នៅយប់ថ្ងៃទី០៩តួប្រុសបានស្កាត់មក ជួបតួស្រីនៅវិហារឥស្លាម ដោយមិនដឹងថា គេបបួល​គ្នាស្បថ​ស្បែ ឬមួយក៏គេសារសង​ភាសាស្នេហា ដោយរបៀបណានោះទេ លុះព្រឹកឡើងថ្ងៃទី១០​ម៉ោង០៦៖​៣០នាទីព្រឹក អ្នកស្រុកដើរទៅវិហារ ឃើញដេកស្លាប់ទាំងពីរនាក់ ក៏មានការភ្ញាក់ផ្អើលតែម្ដង។

​លោកអធិការបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០នេះ សមត្ថកិច្ច និង មន្ត្រីជំនាញ បានចុះទៅពិនិត្យ​នៅកន្លែងកើតហេតុ ឃើញសាកសពជនរង​គ្រោះទាំងពីរនាក់ ដេកស្លាប់ក្បែរគ្នា ដោយខាងប្រុសផ្ងា ឯខាងស្រីផ្កាប់មុខ និង មានថ្នាំបំពុលសត្វកុក នៅក្បែរនោះផងដែរ ទើបសន្និដ្ឋានថា ពួកគេទាំងពីរផឹកថ្នាំពុលសម្លាប់ខ្លួន ។ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត លើករណីនេះដើម្បីរកការពិត ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh