CamNews

សុខភាព 

អាហារ ១០យ៉ាង ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​បេះដូង​រឹងមាំ

(សុខភាព)៖ ដើម្បីឲ្យបេះដូងមានសុខភាពល្អ  គួរទទួលទានអាហារណា ដែលមានកាកសរសៃ វិតាមីន និងសារធាតុរ៉ែខ្ពស់ ដូចជាបន្លែ និងផ្លែឈើឲ្យបានច្រើន និងកាត់បន្ថយអាហារប្រភេទខ្លាញ់ ស្ករ និងអំបិលដូចខាងក្រោមនេះ ៖

០១)  អង្ករ ៖ គួរជ្រើសរើសទទួលទានបាយ ដែលដាំពីអង្ករដែលមិនបានឆ្លងកាត់ ការខាត់ពណ៌ឲ្យស ឬអង្ករដែលយើងហៅជាទូទៅថា អង្ករសំរូប ឬអង្ករបុកដោយដៃ ព្រោះវាមានកាកសរសៃអាហារ និងសារធាតុអាហារ វិតាមីន សារធាតុរ៉ែជាច្រើន ។

០២) សាច់ត្រី៖ គួរជាសាច់ត្រីដែលងាយរំលាយ មានសារធាតុអាស៊ីត អ:មីណូដែលចាំបាច់ចំពោះរាងកាយ និងមិនធ្វើឲ្យកើតកករនៅក្នុងសរសៃឈាមបេះដូង  អាចជាត្រីសមុទ្ទ ឬត្រីទឹកសាបក៏បាន។

០៣) បន្លែពពួកស្ពៃ  បន្លែផ្សេង៖ នឹងផ្តល់នូវកាកសរសៃអាហារខ្ពស់ ព្រោះមានសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ដែលល្អចំពោះបេះដូង ដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងប្រូខូលីជាដើម ។

០៤) ទឹកផ្លែឈើស្រស់៖ ដូចជា ទឹកក្រូចច្របាច់ស្រស់សម្បូរដោយ អាស៊ីតហ្វូលិក ដែលជួយកាត់បន្ថយកំរិតហូម៉ូស៊ីស្តេស៊ីត ជាអាស៊ីតអ:មីណូ ដែលសម្ព័ន្ធជាមួយការគាំងបេះដូង ។ ទឹកផ្លែទំពាំងបាយជូរស្រស់មានសារធាតុ ហ្វ្លាវ៉ូណយដ៍ និង រេស្វើរ៉ាថ្រូល (Resveratrol) ជួយបង្អាក់កោសិកាគ្រាប់ឈាមក្រហមចាប់គ្នាជាដុំ ដែលនឹងធ្វើឲ្យកើតការញ៉ុកណែន ។

០៥) សណ្តែកសំបករឹង៖  ដូចជា អាល់ម៉ន់  វ៉លណាត់  ភិស្តាឈិអូ កាត់បន្ថយភាពប្រថុយប្រថាន ក្នុងការកើតរោគបេះដូង។

សណ្តែកលឿង និងផលឹតផលពីសណ្តែកលឿង ដូចជា តៅហ៊ូ  ទឹកសណ្តែកលឿង ឬទឹកតៅហ៊ូដែលអាចជួយកាត់បន្ថយខូលេស្តេរ៉ូលបាន ។

០៦) មើមខ្ទឹមស៖ ជួយទប់ស្កាត់ការផ្តុំខ្លួនរបស់គ្រាប់ឈាមក្រហម ដែលនឹងទៅញ៉ុកណែនសរសៃឈាមក្រហម  គួរទទួលទានមួយថ្ងៃ ៥ -១០កំពិស។

០៧) ផ្លែចេក៖  មានប៉ូតាស្យូមខ្ពស់  ជួយកាត់បន្ថយសម្ពាធឈាមបាន  ឬ តំឡូងជ្វា  តំឡូងបារាំងចំហុយ  ទឹកប៉េងប៉ោះយ៉ាអួ  ផ្លែឃែនតាលូប ក៏អាចជួយបានដូចគ្នា ។

០៨) ផ្លែឈើស្រស់៖  ដែលផ្តល់គុណប្រយោជន៍ដល់បេះដូង ដោយផ្លែឈើដែលមានពណ៌ផ្សេងដូចជា  ៖

– សារធាតុពណ៌ស្វាយក្រហម ឬ អ៊ែនថូសៃយ៉ានីន ឃើញមានច្រើននៅក្នុង ផ្លែទំពាំងបាយជូរ  ផ្លែប៉ោមក្រហមផ្លែស្ត្រប៊ើរី  ផ្លែជម្ពូ  ផ្លែប្ល៊ូប៊ើរី  ផ្លែត្រប់វែងពណ៌ស្វាយ  ស្ពៃក្តោបពណ៌ស្វាយ – ល – សារធាតុនេះជួយពង្រីកសរសៃឈាម  កាត់បន្ថយភាពប្រថុយនៃការកើតរោគបេះដូង ។

– សារធាតុពណ៌ក្រហម ឬ ឡៃខូពីន ឃើញមានច្រើននៅក្នុងផ្លែឥឡឹក  ប៉េងប៉ោះ  ចំណែកសារធាតុពណ៌ក្រហមនៅក្នុងផ្លែទទឹម  មើមប៊ីធ្រូតវិញ មានសារធាតុ បេតាវ៉ៃស៊ីន  ដោយសារធាតុពណ៌ក្រហមទាំងអស់នេះជាសារធាតុប្រឆាំងអនុមូលឥស្សរ: និងកាត់បន្ថយអាការប្រថុយ នៃជំងឺសរសៃឈាមបេះដូងញ៉ុកណែន ។

– សារធាតុពណ៌លឿងទុំ ឬ បេតាឃែរ៉ូធីន ឃើញមានច្រើននៅក្នុង ផ្លែល្ហុងទុំ  ល្ពៅ   ឃែនតាលូប  ស្វាយទុំ  មើមការ៉ុត ជួយកាត់បន្ថយកំរឹតជាតិខ្លាញ់នៅក្នុងឈាម ។

– សារធាតុពណ៌លឿង ឃើញមានច្រើននៅក្នុងផ្លែក្រូចខ្វិច ជួយបំប៉នបេះដូង កាត់បន្ថយអត្រានៃការកើតរោគមហារីក ។

០៩) គួរចៀសវាងសាច់សត្វ ដែលមានជាតិខ្លាញ់បង្កកខ្លួន៖  ប៊័រ  ប្រេងដូង ដែលវាអាចនឹងបង្កើនភាពប្រថុយដល់ការកើតរោគបេះដូង ។ បើមានខូលេស្តេរ៉ូលនៅក្នុងខ្លួនច្រើន គួរចៀសវាងជាតិខ្លាញ់ប្រភេទនេះមុនគេ ។

១០) គួរចៀសវាងអាហារប្រភេទត្រាំ ឬជ្រក់៖ ព្រោះអាហារទាំងនេះច្រើនតែមានអំបិលសូដ្យូមខ្ពស់ ដែលមានផលប៉ះពាល់ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips