CamNews

កីឡាអន្តរជាតិ 

Barcelona បំបាក់ Arsenal ៣-១ គ្រា​ដែល Bayern ទម្លាក់ Juventus ក្នុង​នាទី​បន្ថែម (Video Inside)

(ក្រុងម៉ូនិច)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានឈ្នះកៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ប្រចាំ ទ្វីបអឺរ៉ុប UEFA Champions League ក្រោយទម្លាក់គូប្រជែងកាំភ្លើងធំ Arsenal ៣-១ ក្នុងជើងទី២ ខណៈដែលក្រុម ម្ចាស់ផ្ទះ Bayern Munich របស់អាល្លឺម៉ង់ ទម្លាក់ក្រុមភ្ញៀវ សេះបង្កង់ Juventus ៤-២ ក្នុងនាទីបន្ថែមយប់មិញដូចគ្នា ។

សារព័ត៌មាន Dailymail បានផ្សាយថា ក្រុមការពារតំណែងជើងឯករបស់អេស្ប៉ាញ Barcelona បន្តធ្វើបានល្អដដែល ក្នុងជើងទី២នៃកីឡដ្ឋាន Camp Nou របស់ខ្លួនពីការធ្វើបានសម្រេចគ្រាប់ទី១ដោយកីឡាករប្រេស៊ីល Neymar នៅនាទីទី១៨ មុនពេលសមាជិកថ្មីរបស់កាំភ្លើង Mohamed Elneny រកគ្រាប់តាមស្មើវិញនៅនាទីទី៥១ ដើម្បីបន្ថយ សំពាធរបស់គ្រូបង្វឹកជនជាតិបារាំង Arsene Wenger ។

តែយ៉ាងណាក៏ដោយ ក្រុមដែលឈ្នះពាននេះកាលពីឆ្នាំទៅ ក្រោយពីយកឈ្នះ Juventus ៣-១ នៅវគ្គផ្តាច់ព្រ័ត្រមិន បង្អង់យូរឡើង ថែម២គ្រាប់ទៀតនៅ នាទីទី៦៥ និង ៨៨ ដោយ Luis Suarez និង Lionel Messi មិនធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយ ក្រោយជើងទី១នៅទឹកដីអង់គ្លេស ក៏បានយកឈ្នះ Arsenal ២-០ ដែរនោះ ។

ងាកមកមើល Juventus របស់អ៊ីតាលីវិញ បានធ្វើការនាំមុខ ២-០ មុនទៅហើយនៅនាទីទី៥ និង២៨ ពីការធ្វើបាន សម្រេចដោយកីឡាករ Paul Pogba និងមិត្តរួមក្រុម Juan Cuadrado តាំងពីវគ្គទី១ តែត្រូវបាន Robert Lewandowski និង Thomas Muller ជួយឲ្យម្ចាស់ផ្ទះ Bayern Munich តាមបានស្មើវិញនៅនាទីទី៧៣ និង៩០ ដែលស្មើលទ្ធផល ៤-៤ ទាំងពីរជើង ដែលតម្រូវថែម១៥នាទី២ដង ដើម្បីកាត់សេចក្តីឈ្នះចាញ់ ជាមួយនឹង Thiago Alcantara និង Kingsley Coman រកបានម្នាក់១គ្រាប់នៅនាទីទី១០៨ និង១១០ ទម្លាក់ Juventus បានសម្រេច ក្រោមលទ្ធផលទាំងពីរជើង ៦-៤ បញ្ចប់ជើងទី២ វគ្គ១៦ក្រុមយប់មិញ ។

សូមបញ្ជាក់ដែរថា វគ្គ៨ក្រុមចុងក្រោយត្រូវបានរកឃើញអស់ហើយមាន អេស្ប៉ាញ៣ក្រុម Real Madrid, Atletico Madrid និង FC Barcelona អាល្លឺម៉ង់២ក្រុម Wolfsburg និង Bayern Munich ព័រទុយហ្គាល់១ក្រុម Benfica អង់គ្លេស១ក្រុម Manchester City និងបារាំង១ក្រុម Paris Saint-Germain រង់ចាំចាប់ឆ្នោតគូប្រកួតនាម៉ោង ៦៖០០ នាទីល្ងាចស្អែកនេះ (ម៉ោងនៅកម្ពុជា) នៅទីក្រុង Nyon ប្រទេសស្វីស ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League