CamNews

កីឡាជាតិ 

មូល​និធិ​ក្លឹប Real Madrid ចុះ​ហត្ថលេខា បង្កើត​សា​លា​ទី២ នៅ​ភ្នំពេញ

(ម៉ាឌ្រីដ)៖ មូលនិធិក្លឹបបាល់ទាត់អាជីព Real Madrid របស់អេស្ប៉ាញ បានចុះហត្ថលេខាលើគម្រោង សាងសង់ សាលាទី២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីជួយកុមារក្រីក្រ និងសម្រាប់ហ្វឹកហាត់បាល់ទាត់ផងដែរ ។

ក្នុងគេហទំព័រផ្លូវការរបស់ក្លឹប Real Madrid បានបញ្ជាក់ថា អនុប្រធានប្រតិបត្តិក្លឹប Real Madrid លោក Enrique Sanchez បានចុះកិច្ចសហ ប្រតិបត្តិការជាមួយលោក Marisa Caprile ប្រធានអង្គការ Por la Sonrisa de un Nino ប្រចាំនៅកម្ពុជា ដើម្បីសាងសង់សាលាបាល់ទាត់ទី២ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីសាលាបាល់ទាត់ទី១ បានចាប់ផ្តើមសាងសង់ហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ នៅក្នុងខេត្តបាត់ដំបង ។

លោក Emilio Butragueno នាយកវិទ្យាស្ថានដែលធ្វើការទំនាក់ទំនងនឹងក្លឹប Real Madrid បានថ្លែងក្នុងពិធីចុះហត្ថលេខាថា “ក្នុងគម្រោងនោះ ដែរ មូលនិធិក្លឹប Real Madrid នឹងទទួលខុសត្រូវទាំងស្រុង ចំពោះការស្នាក់នៅ និងហូបចុករបស់ក្មេងៗ គឺស្ថិតនៅក្នុងសាលាតែម្តង ដើម្បីជួយឲ្យពួកគេមានអនាគតភ្លឺស្វាង និងជំនាញលេងបាល់ទាត់ ផងដែរ ជាមួយនឹងការបណ្តុះបណ្តាលក្លាយទៅជាកីឡាករបាល់ទាត់ អាជីពទៅថ្ងៃអនាគត” ។

សូមបញ្ជាក់ដែរថា Real Madrid ជាក្លឹបបាល់ទាត់អាជីពរបស់ប្រទេសអេស្ប៉ាញ ដែលឈរនៅលំដាប់ លេខ១ពិភពលោក ក្នុងនាមក្លឹបមានលុយ ច្រើនជាងគេ ជាមួយនឹងការឈ្នះពានជើងឯកច្រើនជាងគេផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News PP