CamNews

យល់ដឹង 

ស្វែងយល់អត្ថន័យវត្ថុទាំង៧ ដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃបុណ្យចូលឆ្នាំចិន ! (Video Inside)

(ចិន)៖ ចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក (ជាង១.៣ពាន់លាននាក់) ដោយចំនួននេះគិតតែលើប្រជាជនដែលរស់នៅក្នុង ប្រទេសប៉ុណ្ណោះ ដោយមិនគិតប្រជាជនកាត់ចិន ដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកនោះឡើយ។ សម្រាប់ឆ្នាំ២០១៧នេះជាឆ្នាំពិសេសមួយទៀត តាមប្រពៃណីជនជាតិចិន ដែលត្រូវជាឆ្នាំមាន់មាស។ ឆ្នាំនេះត្រូវបានគ្រប់គ្នាជឿជាក់ថា នឹងនាំមកនូវភាព ចំរុងចំរើនដល់ក្រុមគ្រួសារជនជាតិចិន-កាត់ចិនទាំងឡាយនៅលើពិភពលោក។

ដូច្នេះខាងក្រោមនេះ គឺជាការលើកយកចំណុចដ៏គួរឲ្យចាប់អារម្មណ៍ចំនួន០៧ ដែលគ្រប់គ្នានឹងយល់ច្បាស់ពីអត្ថន័យនីមួយៗ សម្រាប់ឆ្នាំថ្មីឆ្នាំ២០១៧ នេះ, សូមទស្សនាវិដេអូ៖

១៖ ប្រជាជន ១ភាគ ៥នៅលើពិភពលោក ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ វាចំថ្ងៃដែលព្រះច័ន្ទថ្មីទីពីរ លេចរូបរាងឡើងបន្ទាប់ពីរដូវរងារ។

២៖ ឆ្នាំនីមួយៗត្រូវបានតំណាងដោយសត្វនីមួយៗចំនួន១២ ទៅតាមឆ្នាំកំណត់របស់ជនជាតិចិន ហើយសម្រាប់ឆ្នាំ២០១៧ គឺត្រូវនឹងសត្វមាន់គក។

៣៖ សម្រាប់ជនជាតិចិន ពាក្យថាត្រីគឺសំដៅលើភាពសំបូរហូរហៀរ។ ដូច្នេះហើយមានត្រីនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី មានន័យថាមានទ្រព្យសម្បត្តិសំបូរហូរហៀរ។

៤៖ កំណាព្យសរសេរលើក្រដាសបញ្ឈរត្រូវបានព្យួរនៅសងខាងទ្វារចូលផ្ទះ។ កំណាព្យទាំងគូនេះ សម្តែងអំពីក្តីប្រាថ្នាសម្រាប់បុណ្យចូលឆ្នាំថ្មី។

៥៖ អាំងប៉ាវក្រហមមានច្រកលុយ ដែលធ្វើឡើងសម្រាប់ជាអំណោយដល់គ្រប់គ្នា ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត និងបង្ហាញពីលាភសំណាងនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកទទួលអាំងប៉ាវមានន័យថា សំណាងមកដល់ហើយ។

៦៖ ផ្ទាំងគំនូរសម្រាប់ឆ្នាំថ្មី តែងតែបង្ហាញអំពីនិមិត្តរូបនៃភាពយូរអង្វែង និងស្ថិតស្ថេរដូចជា ព្រះអាទិត្យ ទឹក ដើមម្នាស់ និងសត្វក្រៀលជាដើម។ សត្វក្រៀលតំណាងឲ្យជីវិត និងក្តីស្រឡាញ់ជាអមតៈ។

៧៖ នៅថ្ងៃបញ្ចប់នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គោមឬអំពូលជាច្រើនត្រូវបានអុជបំភ្លឺ ដែលជាការបញ្ជាក់ថា រដូវរងារបានបញ្ចប់ហើយ និងជំនួសមកវិញនូវនិទាឃរដូវម្តង។

គួរបញ្ជាក់ថា ប្រពៃណីចិនត្រូវបានប្រជាជនចិនបន្តអនុវត្តន៍មិនដែលអាក់ខានឡើយ ក្នុងរយៈពេលរាប់ពាន់ឆ្នាំមកហើយ ដោយវាបានផ្តល់ភាពចំរុងចំរើន ទៅមុខជានិច្ចសម្រាប់ប្រជាជាតិចិនទាំងមូល ដែលឥឡូវនេះចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខពីរលើលោក និងលេខ១ នៅអាស៊ី ខណៈដែលសន្ទុះនេះវាប្រាកដណាស់ថា បានកើតមានឡើងដោយសារតែការផ្សាភ្ជាប់រវាង ប្រពៃណីទំនៀមទំលាប់ ផ្នត់គំនិតដ៏រស់រវើក និងការមានទម្លាប់សន្សំសំចៃក្នុងការរស់នៅប្រចាំថ្ងៃ៕



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Chinese