CamNews

ព័ត៌មានអន្តរជាតិ 

ខ្លាញីស៊ីមនុស្សអស់ ៤ នាក់ ក្ស័យសង្ខារដោយសារតែ.............

គ្រោះថ្នាក់ ៖ សត្វខ្លាញី ដែលបានសម្លាប់មនុស្សអស់ ៤ នាក់ នៅក្នុងរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា បានងាប់កាលពីថ្ងៃសៅរ៍ រយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការ បានបញ្ជាឱ្យសម្លាប់វា។ មន្ត្រីអភិរក្សសត្វព្រៃ បាននិយាយថា សត្វខ្លាមួយក្បាលនេះ ត្រូវបានឆក់នឹងខ្សែភ្លើង នៅរបងមួយកន្លែង ដែលធ្វើឡើងដោយកសិករម្នាក់ដើម្បីទប់ស្កាត់កុំឱ្យសត្វជ្រូកព្រៃចូល។

ក្រុមមន្ត្រីបានអំពាវនាវឱ្យបញ្ឈប់ការតាមប្រមាញ់សត្វខ្លា ដែលមានអាយុ ២ ឆ្នាំនេះ បន្ទាប់ពីពួកគេបានរកឃើញសាកសពរបស់វានៅក្បែររបង កាលពីព្រឹកថ្ងៃអាទិត្យ។

សកម្មជនគាំពារសត្វពាហណៈ បានរិះគន់នាយកដ្ឋានព្រៃឈើ ចំពោះការបរាជ័យក្នុងការជួយសង្រ្គោះឆ្មាដ៏ធំមួយក្បាល។ ក្រុមសកម្មជនសត្វព្រៃ បានជំទាស់ចំពោះបទបញ្ជាឱ្យបាញ់សម្លាប់ ដែលបានចេញដោយនាយកដ្ឋានព្រៃឈើរដ្ឋ នៅថ្ងៃទី ២៣ ខែមិថុនា ប៉ុន្តែតុលាការបានបដិសេធការប្តឹងឧទ្ធរណ៍របស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍។



សត្វខ្លាត្រូវចាប់បានលើកដំបូង នៅក្នុងខែកក្កដា បន្ទាប់ពីវាបានសម្លាប់មនុស្សអស់ ២ នាក់និងបង្ករបួសដល់មនុស្ស ៤ នាក់ នៅក្នុងទីក្រុង Brahmapuri នៅក្នុងរដ្ឋ Maharashtra ។ ក្រោយមក វាត្រូវបានគេព្រលែងវិញ នៅក្នុងឧទ្យានអភិរក្សសត្វខ្លា Bor Tiger Reserve ប៉ុន្តែវាបានសម្លាប់មនុស្សពីរនាក់បន្ថែមទៀត។

ប្រទេសឥណ្ឌាគឺជាជម្រករបស់សត្វខ្លាចំនួន ៦០ ភាគរយ ដែលត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក និងអ្នកប្រមាញ់ ដែលបានសម្លាប់ពួកវាយកផ្នែករាងកាយមួយចំនួន ដើម្បីប្រើប្រាស់ជាឱសថបុរាណចិន។

តាមរយៈការកើនឡើងការទន្ទ្រានរបស់មនុស្សចូលទៅក្នុងតំបន់អភិរក្សរបស់ពួកវា សត្វខ្លាតែងតែប្រជែងដណ្ដើមធនធានចំណីជាមួយអ្នកភូមិនៅក្បែរនោះ ដែលនាំឱ្យមានជម្លោះនឹងមនុស្ស។

សូមបញ្ជាក់ផងដែរថា ការស្លាប់របស់មនុស្សដោយសារសត្វខ្លាខាំ បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០១៥ មន្រ្តីឥណ្ឌា បានរាយការណ៍ថា មនុស្សស្លាប់ដោយសារសត្វខ្លាវាយប្រហារ មានចំនួន ៨០ នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ដែលមានចំនួនអ្នកស្លាប់ដោយសារសត្វនេះ  ៧៨ នាក់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news