CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងប្រុស ពីរនាក់ត្រូវបានចាប់ខ្លួន ពីបទសម្លាប់ឃ្មុំ អស់មិនចេះតិច

សហរដ្ឋអាមេរិក៖ មានក្មេងប្រុស ២នាក់អាយុ ១២​និង ១៣ឆ្នាំត្រូវបានចាប់ខ្លួនពីបទល្មើស៣ករណី ដោយពួកគេបានធ្វើឲ្យឃ្មុំប្រមាណកន្លះលានក្បាលកកស្លាប់ខ្ទេចគ្មានសល់ តាមរយៈបំផ្លាញសំបុកឃ្មុំចំនួន ៥០សំបុកនៅឯកសិដ្ឋាន Wild Hill Honey ក្នុងទីក្រុង Sioux កាលពីចុងខែធ្នូ។

ម្ចាស់កសិដ្ឋាន Wild Hill Honey បានរៀបរាប់ថាកសិដ្ឋានត្រូវបានខូចខាតអស់ទឹកប្រាក់រហូតទៅដល់ ៦០,០០០ដុល្លារ (៤៣,៤០០ផោន)។

រីឯម្ចាស់កសិដ្ឋានម្នាក់ទៀត  លោក Justin Engelhardt បាននិយាយប្រាប់អ្នកយកព័ត៌មានថា ក្មេងទាំងនោះបានដើរបំផ្លាញគ្រប់សំបុកឃ្មុំទាំងអស់ស្ទើរគ្មានសល់។ លោក Engelhardt និងប្រពន្ធរបស់គាត់បានរកឃើញការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ២០១៧។


ការខាតបង់របស់លោក Engelhardt និងភរិយារបស់គាត់បានធ្វើឲ្យជាតិ អន្ដរជាតិ និងប៉ូលីសមានការចាប់អារម្មណ៍ជាខ្លាំងហើយនាំគ្នាតាមដានជនសង្ស័យនឹងមានការជួយពីសាធារណៈជនផងដែរ។

គួរឲ្យសោកស្តាយ ខាងក្រុមហ៊ុនធានារ៉ាប់រងមិនមានការសងសំណងទៅលើបញ្ហាខាងលើនោះទេ។ យ៉ាងណាមិញ ការប្រមូលទឺកប្រាក់សម្បុរសធម៌តាមរយៈអនឡាញបានច្រើនជាង ៣០ ០០០ដុល្លារហើយ ដែលថវិការទាំងនេះអាចឲ្យប្តីប្រពន្ធរបស់គាត់ចាប់ផ្តើមអាជីវកម្មសារជាថ្មីនៅនិទាឃារដូវខាងមុខនេះ ៕


ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីសុី


Tags: International news