CamNews

ផលិតផលថ្មី 

អង្គការ NASA ស្វាគមន៍​គំរោង​​របស់ SpaceX ដែល​គ្រោង​បញ្ជូន​ទេសចរ​​​ទៅ​ជុំវិញ​​ព្រះច័ន្ទ!

(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអវកាស SpaceX លោក Elon Musk នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានលាតត្រដាងអំពីគំរោងមហិច្ឆតាមួយ សំដៅនាំយកភ្ញៀវទេសចរអវកាសឯកជនចំនួនពីរនាក់ ទៅធ្វើដំណើរកម្សាន្តជុំវិញព្រះចន្ទ នៅឆ្នាំ២០១៨ខាងមុខនេះ។ ព្រមពេលជាមួយគ្នាការបោះជំហាននេះ ទទួលបានការកោតសរសើរ ពីទីភ្នាក់ងារអវកាស NASA រួមជាមួយការក្រើនរំលឹក យ៉ាងច្បាស់មួយផងដែរថា NASA រំពឹងថា SpaceX នឹងបំពេញកាតព្វកិច្ចដទៃផ្សេងទៀតរបស់ខ្លួន ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងរឿងព្រះច័ន្ទ។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសន្និសីទកាសែតមួយ ជាមួយក្រុមអ្នកសារព័ត៌មានលោក Elon Musk បាននិយាយថាក្រុមហ៊ុន SpaceX នឹងនាំយកមនុស្សចំនួនពីរនាក់ ដែលបានបង់ថ្លៃធ្វើដំណើរ ទៅធ្វើការទស្សនាកម្សាន្តជុំវិញព្រះច័ន្ទ ដោយប្រើប្រាស់យានដឹកជញ្ជូន Dragon និងគ្រាប់រ៉ុក្កែតដ៏ធំសម្បើម Falcon Heavy ហើយឧបករណ៍ទាំងពីរនេះ នឹងឆ្លងកាត់ការបង្ហោះសាកល្បង នៅចុងឆ្នាំ២០១៧នេះ។

បន្ទាប់ពីលឺដំណឹងនេះអង្គការ NASA បានចេញសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ទីភ្នាក់ងារអវកាស NASA សូមធ្វើការកោតសរសើរចំពោះ ដៃគូឧស្សាហកម្មរបស់ខ្លួន សម្រាប់ការវិវឌ្ឍឈានទៅមុខ យ៉ាងរីកចម្រើនបែបនេះ ហើយយើងនឹងចូលរួមសហការ កាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយ SpaceX ដើម្បីធានាថា ក្រុមហ៊ុននេះនឹងបំពេញកាតព្វកិច្ចនៃកិច្ចសន្យា ក្នុងការត្រឡប់ទៅធ្វើការបញ្ជូន និងនាំយកអវកាសយានិក និងនៅតែបន្តដឹកជញ្ជូនគ្រឿងបរិក្ខាផ្គត់ផ្គង់ ដោយជោគជ័យទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ ISS ដូចដើមដដែល»

ដោយឡែកនៅក្នុងគំរោងរបស់ក្រុមហ៊ុន SpaceX អ្នកដំណើរនឹងធ្វើទេសចរណ៍ លើយានអវកាស Dragon ទៅវិញទៅមកនៅជុំវិញព្រះច័ន្ទ ដោយហោះឆ្វែលពីលើផ្ទៃដីរបស់វា នៅរយៈចម្ងាយដ៏កកៀកបំផុតមួយ និងហោះចាកចេញពីចម្ងាយដល់ប្រមាណជា ៦៥០,០០០គីឡូម៉ែត្រ ពីភពផែនដី នៅរយៈចម្ងាយដ៏ឆ្ងាយបំផុត ហើយដំណើរកម្សាន្តទាំងមូល គួរតែចំណាយពេលវេលាចំនួនប្រាំថ្ងៃ។

ក្រុមហ៊ុនឯកជន SpaceX មានជាប់កិច្ចសន្យាមួយតម្លៃ ២.៦ពាន់លានដុល្លារ ជាមួយទីភ្នាក់ងារអវកាស NASA ស្តីពីការដឹកជញ្ជូនអ្នកអវកាសទៅ និងមក ពីស្ថានីយ៍អវកាសអន្តរជាតិ ISS តាមរយៈការប្រើប្រាស់យានអវកាស Dragon និងគ្រាប់រ៉ុក្កែត Falcon 9 ដែលមានទំហំតូចជាងគ្រាប់រ៉ុក្កែត Falcon Heavy ដែលគ្រោងនឹងបង្ហោះទៅកាន់ព្រះច័ន្ទ។ ការហោះហើរទាំងនោះ ត្រូវបានឧបត្ថម្ភដោយកម្មវិធី របស់អង្គការ NASA ហើយត្រូវបានរំពឹងថា ចាប់ផ្តើមនៅឆ្នាំ២០១៨ ក៏ប៉ុន្តែសេចក្តីរាយការណ៍មួយនាពេលថ្មីៗនេះ មកពីការិយាល័យគណនេយ្យ នៃរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ការបញ្ជូនអវកាសយានិករបស់ NASA តាមយាន Dragon របស់ SpaceX ទំនងជានឹងត្រូវបានពន្យាពេល រហូតដល់ឆ្នាំ២០១៩។

ម៉្យាងវិញទៀតក្រុមហ៊ុន SpaceX ក៏តែងតែបានធ្វើការដឹកជញ្ជូន គ្រឿងបរិក្ខាផ្គត់ផ្គង់ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS ចាប់តាំងពីឆ្នាំ២០១២ មកផងដែរនៅក្រោមកិច្ចសន្យា ដាច់ដោយឡែកមួយផ្សេងទៀត ជាមួយទីភ្នាក់ងារអវកាស NASA។ គួរបញ្ជាក់ថាលោក Elon Musk ដែលជា CEO របស់ SpaceX មិនបានបង្ហើបឲ្យដឹងថា អ្នកណាដែលបានទិញសំបុត្រ ដើម្បីទៅកម្សាន្តជុំវិញព្រះច័ន្ទ នៅលើយាន Dragon ឬមួយក៏តម្លៃ នៃការធ្វើដំណើរទេសចរណ៍នេះ ក្នុងម្នាក់នោះឡើយ៕


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: NASA SpaceX