CamNews

ព័ត៌មានជាតិ 

ក្មេងស្រីទើបតែអាយុ១៣​ខែ ស្ទះខ្យល់ស្លាប់​ ដោយសារខាំ​ត្រីអណ្តាត​ឆ្កែ​ត្បុល​ចូល​បំពង់ក

(កំពង់ឆ្នាំង)៖​ កុមារីអាយុ១៣ខែម្នាក់ បានដាច់ខ្យល់ស្លាប់ភ្លាមៗ ខណៈដឹកយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ដោយសារតែចាប់យក​ត្រីអណ្តាតឆ្កែ​ដែលនៅ​រស់យកមកខាំចៃដន្យត្រីនោះ បានត្បុលចូលទៅក្នុងបំពុងក បណ្តាលអោយស្ទះខ្យល់ដកដង្ហើម និងរួចប្រកាច់ដាច់ខ្យល់ស្លាប់ ។ ហេតុការណ៏នេះបានកើតឡើង នៅនិងផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានអោយដឹងថា កុមារីរងគ្រោះខាងលើឈ្មោះ ឆៃ ឈិតលីយូលីន អាយុទើបតែ ១៣ខែ មានម្តាយឈ្មោះ ថុង សៅលី អាយុ២២ឆ្នាំ ឪពុកឈ្មោះ សឿន រ៉ាឈីត អាយុ២៦ឆ្នាំ ពីរនាក់ប្តីប្រពន្ធមានមុខរបរជាកម្មករោងចក្រមានទីលំនៅ ក្នុងភូមិឃុំខាងលើ បានទុកកូនផ្ញើអោយនៅជាមួយជីដូន ឈ្មោះ ធឿន អាយុ៥៣ឆ្នាំជាអ្នកមើលថែរពេលឪពុកម្តាយទៅធ្វើការ។ 

នៅថ្ងៃកើតហេតុ លោកយាយ ធឿន ដែលត្រូវជាជីដូនបង្កើតរបស់កុមារីរងគ្រោះបានទិញត្រីអណ្តាតឆ្កែពីអ្នកលក់តាមម៉ូតូចំនួនកន្លះគីឡូ យកមកធ្វើម្ហូប ពេលទិញបានមកលោកយាយ យកត្រីមក​ដាក់លើគ្រែ ហើយទៅដងទឹក ពេលត្រឡប់មកវិញឃើញចៅ ប្រកាច់ស្លខ្យល់ និងមានឈាមចេញពីក្នុងមាត់ផង  ឃើញដូច្នោះបានស្រែកហៅអ្នកជិតខាងអោយមកជួយ ពេលនោះ​គេបានហែកមាត់​មើលឃើញត្រីអណ្តាតឆ្កែ ចូលទៅក្នុងបំពង់កកុមារីនោះ ដោយឃើញតែកន្ទុយត្រីនៅកណ្តាលបំពង់ក មិនអាចជួយបានក៏ដឹកកុមារីរងគ្រោះយកទៅមន្ទីរពេទ្យ ពេលទៅដល់បានដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Healthy tips National news Local news