CamNews

ព័ត៌មានជាតិ 

ម្តាយ ដែលកូនស្រីត្រូវយុវជនម្នាក់ពង្រត់យកទៅបាត់ បង្ហាញពីការឈឺចាប់

អាស្រ័យ ដោយមានកិច្ចផ្តល់ និងទទួលព័ត៌មាន ជាសាធារណៈ ចំពោះករណីកូននាងខ្ញុំឈ្មោះ នៅ សុខលែន ក្នុងន័យការពិត និងដើម្បីជាផលប្រយោជន៍ សាធារណៈជន និងចំពោះអ្នកម្តាយទាំងអស់ ព្រមនារីជាកូនស្រី ទទួលបាននូវបទពិសោធន៍ដ៏ជូរចត់នេះ និងដើម្បីកិច្ចប្រុងប្រយ័ត្នបញ្ជៀសនូវបញ្ហាអាស្រូវនេះ កុំឲ្យកើតមាន ចំពោះគ្រួសារ និងរូបអ្នកទាំងអស់គ្នា។

ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះរាល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់សេវាកម្ម ប្រកបដោយ ប្រសិទ្ធិភាព ដែលនាងខ្ញុំទទួលបានកូនស្រីមកវិញ ជួបជុំគ្រួសារ ហើយក៏ជារង្វាន់ដ៏ធំធេងមួយសម្រាប់ ឆាកជីវិត របស់នាងខ្ញុំជាស្រី្តមេម៉ាយម្នាក់។ នាងខ្ញុំគ្មានបំណងចង់យាយី ឬបំផ្លាញនូវសេចក្តីសម្រេចចិត្តរបស់ជនណាម្នាក់ នោះឡើយ គឺគ្រាន់តែចង់ស្វែងរក សេចក្តីសុខសាន្ត និងតម្លៃជាស្រី្តខ្មែរម្នាក់ប៉ុណ្ណោះ។

នៅក្នុងនាមជាស្រ្តីខ្មែរម្នាក់ បើទោះជានៅក្នុងភាពក្រីក្រយ៉ាងណាក៏ដោយ ក៏នាងខ្ញុំនៅតែគោរពនូវប្រពៃណីខ្មែរ ជានិច្ចកាល ដើម្បីកិត្តិយសសង្គមជាតិ និងគ្រួសារ ជាពិសេសសិទ្ធិរបស់ស្ត្រីជាម្តាយ សិទ្ធិរបស់ស្ត្រីជាកូន និង សិទ្ធិរបស់ស្ត្រីជាសង្សា ដែលត្រូវបានទទួលកិច្ចការពារសមរម្យ ដោយច្បាប់។

តើស្រ្តីជាម្តាយអាចទទួលបានសិទ្ធិ ក្នុងកិច្ចការពារផលប្រយោជន៍កូនបានដែរឬទេ នៅពេលដែលកូនរបស់ខ្លួន ឋិតនៅក្រោមឥទ្ធិពលការលួងលោម បោកបញ្ឆោទឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍អន្ធពាល ដែលចាស់លោកពោលថា “ នៅពេលដែលឋិតនៅក្នុងឥទ្ធិពលស្នេហ៍ គឺអ្នកពុំអាចមានលទ្ធភាពវិនិច្ឆ័យនូវបញ្ហាអ្វីបានឡើយ ក្រៅពីស្រឡាញ់ (ខ្វាក់) ” មា្តយខ្មែរទាំងអស់មិនត្រឹមតែស្រឡាញ់ថ្នាក់ថ្នមកូនតែប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែព្រហ្មវិហារធម៌ ដែល ម្តាយខ្មែរស្រឡាញ់កូន គឺតាមថែរក្សាកូន និតនៅរហូតដល់ខ្លួននឹងបាត់បង់ជីវិត។ តើកូនប្រុសជាសង្សានោះ អាចធ្វើអ្វីគ្រប់បែបយ៉ាង មិនទទួលខុសត្រូវ ប្រាស់ចាកពីសេចក្តីថ្លៃថ្នូររបស់តម្លៃវប្បធម៌ខ្មែរ ជំនួសដោយការដាក់ គំរាម បំភិតបំភ័យ ពង្រត់ បញ្ជៀស ឬពង្វក់កូនស្រីរបស់យើងក្នុងកិច្ចជំរិតមាតាបិតា ឲ្យឆ្លើយតបនូវ ផលប្រយោជន៍របស់កូនប្រុស(ផ្តាច់មុខ) ដោយពុំកោតក្រែង និងវប្បធម៌ កិត្តិយស ឬច្បាប់នៅក្នុងសង្គម? ដោយយកហេតុផលដាក់បន្ទុកទៅលើកូនស្រីពីំមូលហេតុស្រឡាញ់ និងស្មោះស្ម័គ្រ ជាទឡ្ហីករណ៍ ដើម្បីប្រាស់ ចាកពីការទទួលខុសត្រូវ (និទ្ទណ្ឌភាព)។ តើផលប្រយោជន៍ និងសណ្តាប់ធ្នាប់សាធារណៈបែបណា សម្រាប់ មនុស្សស្រីជាម្តាយ មនុស្សស្រីដែលជាកូនកំពុងរស់នៅ ដែលឋិតនៅក្នុងភាពភិតភ័យ ចំពោះការយាយី និង ប្រមាថ បំពាន ពីមនុស្សប្រុស ដែលមានចរិកដូចនេះ។ ជាចំណុចនេះហើយ ដែលនាងខ្ញុំជាម្តាយ ក៏ដូចជា ម្តាយដទៃទៀតនៅក្នុងកម្ពុជា ឋិតនៅក្នុងភាពបារម្មណ៍ជាអចិន្ត្រៃយ៍។ តើមនុស្សប្រុសមានវិន័យបែបណា ឆ្លើយតបនិងការភិតភ័យរបស់ម្តាយ និងការបាត់បង់អនាគតរបស់កូនស្រី ដែលជាជនរងគ្រោះ ព្រោះតែស្នេហា ដែលកើតចេញពីការលួងលោម ឬបោកបញ្ឆោទពីប្រុសដែលខ្លួនឥតមានវិន័យ និងការទទួលខុសត្រូវ? តើម្តាយខ្មែរសម័យកាលនេះលហើយ នៅតែឋិតនៅក្នុងចំណាប់ខ្មាំងរបស់មនុស្សប្រុសដែលគ្មានវិន័យ និង សេចក្តីថ្លៃថ្នូរ ជាមួយនិងគ្មានការទទួលខុសត្រូវចំពោះសង្គមនេះ?

ខ្ញុំជាម្តាយខ្មែរ ក៏ដូចជាស្ត្រីខ្មែរដទៃទៀត គឺមានកាតព្វកិច្ចរបស់ខ្លួនជាមួយ និងការបារម្មណ៍ ជាមួយកូនមានភាព ខុសប្លែកពីស្រ្តីជាម្តាយដែលរស់នៅក្នុងវប្បធម៌លោកខាងលិច ដែលគេបីបាច់ថែរក្សាកូនត្រឹមតែកូនស្រី មានអាយុ១៨ឆ្នាំតែប៉ុណ្ណោះ។ បន្ទុកនៃក្តីបារម្មណ៍របស់ម្តាយខ្មែរ គឺមានរហូតដល់កូនមានបុត្រា បុត្រីជាចៅ។ នេះជាទុក្ខកង្វល់របស់ស្រី្តខ្មែរ ដែលជាម្តាយនោះមិនគិតពីទុក្ខរបស់ស្រ្តីខ្មែរ ចំពោះស្វាមីរបស់ខ្លួនផងទេ។

នៅក្នុងន័យនេះដែរ នាងខ្ញុំសូមថ្លែងអំណរគុណដល់សម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេច ចេញមុខការពារដោះស្រាយ រំសាយទុក្ខរបស់ស្រី្តខ្មែរទាំងអស់ដោយញ្ញ៉ាំងឲ្យមានច្បាប់ “ ឯកព័ន្ធភាព ”។ តើមានប្រសិទ្ធិភាព នៃច្បាប់ណាមួយ ដែលបញ្ជៀសនូវទឹកភ្នែករបស់ម្តាយ និងកូនស្រី ដែលប្រាស់ចាកពី ការបំពានរបស់មនុស្សប្រុស ដោយគ្រាន់តែយកសេចក្តីស្រឡាញ់ស្មោះស្ម័គ្រមកធ្វើជាខែល ដើម្បីបិទបាំងទង្វើ និងជំរិត រំលោភ ឬបំបាត់សេចក្តីថ្លៃថ្នូររបស់វប្បធម៌ខ្មែរ បំពាននូវសេចក្តីសុខសាន្តរបស់គ្រួសារខ្មែរ ពង្រត់ ពង្វៀង ដាក់សម្ពាធ និងគំនាបដល់ក្រុមគ្រួសារ ដើម្បីទទួលបានផលប្រយោជន៍ទាំងលុយកាក់ និងផលប្រយោជន៍របស់ មនុស្សប្រុស ហាក់ដូចជាក្រុមភេរវកម្មយកជីវិតមនុស្សដើម្បីថ្នូរ និងផលប្រយោជន៍របស់គេ។

តើពេលណាបានសង្គមខ្មែរប្រាស់ចាកពីជនភេរវកម្មស្នេហានេះ ដើម្បីកិត្តិយសសង្គម និងលើកដំកើងវប្បធម៌ ខ្មែរ។ នាងខ្ញុំនៅតែមានជំនឿទុកចិត្ត ចំពោះសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចជា ភរិយាទីមួយ និងម្តាយទីមួយរបស់ខ្មែរ សម្តេចនឹងបំបាត់ចោលនូវសកម្មភាពរបស់ភេរវករស្នេហានេះ ដែលធ្វើឲ្យ ម្តាយខ្មែរ លែងមានទឹកភ្នែកស្រក់ និងបារម្មណ៍តក់ស្លុតចំពោះហេតុការណ៍ ដែលកើតមានជាយថា ហេតុចំពោះ គ្រួសារណាមួយ។ នាងខ្ញុំសូមអំពាវនាវដល់ម្តាយខ្មែរទាំងអស់ក្រោកឈរប្រឆាំង និងសកម្មភាពពាល ដែល ធ្វើឲ្យខូចសេចក្តីថ្លៃថ្នូរ វប្បធម៌ខ្មែរ។ “ និទ្ទណ្ឌភាពចំពោះករណីពង្រត់ បញ្ជៀសកូនស្រីពីក្រុមគ្រួសារ គឺជាការ លើកទឹកចិត្តដល់ជនពាល ក្នុងការប្រព្រឹត្តិអំពើបំផ្លាញសេចក្តីថ្លៃថ្នូរ និងវប្បធម៌ខ្មែរ និងជាការបង្កើតទុក្ខសោក និងការឈឺចាប់តក់ស្លុតរបស់ម្តាយខ្មែរ ”។ ក្នុងនាមខ្ញុំជាម្តាយពោះម៉ាយ និងកូនស្រីរងគ្រោះដោយសារបុរស មានក្តីសុបិន្តថា ថ្ងៃណាមួយ និងទទួលបានកិច្ចការពារ និងលើកទឹកចិត្តពីសង្គមក្នុងករណីនេះ ដើម្បីស្រី្តខ្មែរ ឈប់ហូរទឹកភ្នែកពីកិច្ចបំពានពីបុរស។ រូបថតខាងក្រោមនេះ មានន័យគ្រប់គ្រាន់ក្នុងការពិចារណារបស់ស្រ្តី ខ្មែរដែលជាម្តាយ អរគុណ (រូបប្រុសកាន់កាំភ្លើង និងរូបថតកាន់ដៃគ្នា)។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News PP