CamNews

ព័ត៌មានជាតិ 

តើការប្រលងបាក់ឌុបឆ្នាំនេះ មានសភាពយ៉ាងណាដែរ?

ភ្នំពេញ ៖ ទោះបីជាមានឧបសគ្គនៅក្នុងការប្រលងថ្នាក់ជាតិក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះក៏ដោយ ក៏រដ្ឋមន្រ្តីក្រសួងអប់រំបានមានប្រសាសន៍ថា ការប្រលងត្រូវបានដំណើរការយ៉ាងរលូននិងមានភាពប្រសើរជាងឆ្នាំមុន ។

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង្សជួន ណារុន បានបន្ថែមថា ការប្រលងថ្នាក់ជាតិបានធ្វើកំណែទម្រង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកបានមានប្រសាសន៍ទៀតថា ការប្រលងនឹងកាន់តែប្រសើរឡើងទៀតនៅឆ្នាំក្រោយៗ ។ 

ដំណើរការឆ្នាំនេះមានភាពប្រសើរឡើង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារការគាំទ្រផ្ទាល់ពីក្រសួង និងកិច្ចសហប្រតិបត្តិការរវាងមន្ត្រីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយថែមទៀតផង ។

លោក ហង្សជួន ណារុន បានបន្ថែមថា "ខ្ញុំមិនដឹងថាតើតំណែងបន្ទាប់របស់ខ្ញុំនឹងក្លាយជាយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើខ្ញុំបន្តធ្វើជារដ្ឋមន្រ្តីក្រសួងអប់រំនោះ ខ្ញុំនឹងបន្តធ្វើកំណែទម្រង់ប្រព័ន្ធនេះឲ្យកាន់តែល្អឡើង" ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញ ក្រសួងបាននិយាយថា សិស្សជាច្រើននាក់ត្រូវបានរងផលប៉ះពាល់ដោយជំងឺ ប៉ុន្តែបានកត់សម្គាល់ថា ភាគច្រើនអាចអង្គុយធ្វើតេស្តបាន ។ 

នៅពាក់កណ្តាលនៃការប្រលងនេះសិស្សមួយចំនួនមានអារម្មណ៍វិលមុខហើយសិស្សខ្លះក្អួត ដោយកត់សម្គាល់ថាសិស្ស ៦៤ នាក់មានបញ្ហាសុខភាព ។

លោក អ៊ុកឆាយវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍កាលពីម្សិលមិញថា មិនមានបញ្ហាធំៗដែលប៉ះពាល់ដល់ដំណើរការប្រលងនោះទេ ។

ប្រភពដដែលបានបន្តទៀតថា នៅក្រៅមជ្ឈមណ្ឌលប្រលង យើងបានឃើញថា អ្វីៗគឺល្អ ហើយអនុរក្ស័ បានពិនិត្យសិស្សយ៉ាងប្រយ័ត្នប្រយែង មិនអាចមានសិស្សនាំយកក្រដាសទុកចម្លងឡើយ ។ អ្នកសង្កេតការណ៍ក៏បានរាយការណ៍ផងដែរថា ដំណើរការត្រួតពិនិត្យបានដំណើរការយ៉ាងរលូន ។

ក្រសួងបានបន្ថែមទៀតថា សិស្ស ១១៥.២៦៨ នាក់បានមានវត្តមាននៅមណ្ឌលប្រលង ខណៈពេលដែលមានសិស្សចំនួន ១.៨៩៩ នាក់ អវត្តមាន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news