CamNews

កីឡាជាតិ 

AFC Cup៖ បឹងកេត ធ្លាប់លត់ Lao Toyota ២-០ កាលពីឆ្នាំ២០១៥ ចុះល្ងាចនេះវិញ ម៉េចដែរ?

(ភ្នំពេញ)៖ បន្ទាប់ពីភ្នំពេញក្រោន ចាញ់ក្រុម Home United របស់សិង្ហបុរី ៤-៣ យប់មិញ ឥឡូវដល់វេនក្រុមបឹងកេត អង្គរម្ដងហើយ ដោយត្រូវជួបសត្រូវចាស់ គឺក្រុម Lao Toyota របស់ឡាវ ដែលបឹងកេតអង្គរ ធ្លាប់យកឈ្នះ ២-០ កាលពីឆ្នាំ២០១៥ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ TOYOTA Mekong Club Championships។

ហេតុនេះអ្នកគាំទ្រ កំពុងចាំអ៊ុតលទ្ធផល តើបឹងកេតអាចរក្សាភាពខ្លាំង ដូចកាលពី២ឆ្នាំមុនទៀតទេ សម្រាប់ការជួបក្រុម Lao Toyota ជាថ្មី នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFC Cup 2017 វគ្គជម្រុះ Play-Off ជើងទី១ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣១ ខែមករានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ?

ជាការពិតក្រុមបឹងកេត ធ្លាប់ឈ្នះក្រុម Lao Toyota ប៉ុន្ដែកាលនោះបឹងកេតដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា ខណៈបច្ចុប្បន្នលោក John McGlynn ជាអ្នកដឹកនាំ ហើយកីឡាករក៏មានការផ្លាស់ប្ដូរច្រើនដែរ។ ដូច្នេះលទ្ធផល ឬទម្រង់លេងបែបណា មិនទាន់ដឹងច្បាស់នោះទេ គឺមានតែរង់ចាំទស្សនាទាំងអស់គ្នាប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទមុនការប្រកួតពីម្សិលមិញលោក John McGlynn បាននិយាយថា ក្រុមខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុម Lao Toyota ស្អែកនេះ។ មិនតែប៉ុណ្ណោះលោកបានចាត់ទុក ការប្រកួតជើងទី១ ល្ងាចនេះ ពិតជាសំខាន់ ដោយត្រូវការឈ្នះ ដើម្បីធ្វើជាទុនងាយស្រួលប្រកួតក្រៅដី។

ចំណែកលោក Silisantiphap Phokhasomboune គ្រូជំនួយក្រុម Lao Toyota បានលើកឡើងថា ដោយសារក្រុមខ្លួនធ្លាប់ចាញ់បឹងកេត ហេតុនេះការប្រកួតក្រៅដី គឺជាឧបសគ្គ និងពិបាកវាស់ស្ទង់លទ្ធផលឈ្នះ-ចាញ់ខ្លាំងណាស់។ មួយវិញទៀតបឹងកេត ក៏មានកីឡាករឆ្នើមៗដែរ ដូច្នេះលោកនៅតែញញើតក្រុមបឹងកេត ប៉ុន្ដែលោកនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីបន្ដក្ដីសង្ឃឹមឡើងទៅវគ្គបន្ដ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង