CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ព្រមានដល់មន្រ្តីពាក់ព័ន្ធនៅព្រលានយន្តហោះ ធ្វើយ៉ាងណាកុំឱ្យភ្ញៀវទេសចរមានការអាក់អន់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដល់មន្រ្តីពាក់ព័ន្ធនៅព្រលានយន្តហោះ ដែលត្រូវធ្វើយ៉ាងណាកុំឱ្យភ្ញៀវទេសចរ ដែលបានមកដល់ប្រទេសកម្ពុជា មានការអាក់អន់ចិត្ត ឬជួបការលំបាកចំពោះសេវានានារបស់ខ្លួន។ ការអាក់អន់ចិត្តនេះ នឹងធ្វើឱ្យភ្ញៀវទាំងនោះ ទៅផ្សព្វផ្សាយដល់ប្រទេសរបស់ពួកគេ កុំឱ្យមកប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធស្ថានីយចេញដំណើរថ្មី របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។

សម្តេចតេជោ បានលើកឡើងថា «ខ្ញុំក៏សូមអំពាវនាវឱ្យមន្រ្តី បុគ្គលិកដែលធ្វើការនៅក្នុងព្រលានយន្តហោះ រាប់ទាំងនគរបាលអន្តោប្រវេសន៍ រាប់ទាំងគយ រាប់ទាំងផ្នែកចតុលាស័ក និយាយរួមផ្នែកពាក់ព័ន្ធទាំងអស់ធ្វើកិច្ចការឱ្យបានល្អ ធ្វើយ៉ាងម៉េចឱ្យកម្ពុជា ក្លាយជាចំណុចទាក់ទងនឹងវិស័យទេសចរណ៍ ឱ្យគេមកហើយ គេត្រឡប់មកវិញ ដោយនាំមកជាមួយនូវភ្ញៀវទេសចរដទៃ»។

សម្តេចបានបន្ថែមថា «លើកទី១ គេមកម្នាក់ឯង ហើយលើកក្រោយគេមកទៀត មិនមែនមកតែម្នាក់ឯងនោះទេ គាត់នឹងនាំភរិយាគាត់ ឬបងប្អូនគាត់ និងមិត្តភក្តិគាត់ អញ្ចឹងភ្ញៀវទេសចរម្នាក់ នឹងអាចអូសទាញភ្ញៀវទេសចរ ៤-៥នាក់ថែមទៀត សូមកុំធ្វើឱ្យទេសចររៀងចាល ពេលត្រឡប់ទៅវិញ គេថា "កុំមកកម្ពុជាលំបាកណាស់ គ្រាន់តែចាប់ផ្តើមចុះពីលើយន្តហោះមកមានបញ្ហារឿងនេះរឿងនោះ រហូតតំបន់ទេសចរណ៍"»។

សម្តេចបានចាត់ទុកថា បើសិនជាមានការផ្សព្វផ្សាយដោយភ្ញៀវទេសចរ ក្នុងន័យបែបណាមួយ ព័ត៌មានទាំងនោះនឹងខ្លាំងជាងការផ្សាយ របស់ទូរទស្សន៍ CNN ទៅទៀត ដែលធ្វើឱ្យមានឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា។ វិស័យទេសចរណ៍ ជាវិស័យដ៏មានសក្តានុពលមួយ សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា។ ភ្ញៀវទេសចរមកប្រទេសកម្ពុជា កើនឡើងរៀងរាល់ឆ្នាំ។ របាយការណ៍ទេសចរណ៍ បានឱ្យដឹងថា ឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤,៧៧៥,២៣១នាក់ កើនឡើងប្រមាណ ៦.១ភាគរយបើប្រៀបនឹងឆ្នាំ២០១៤៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh