CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្រ ៖ អាចម៍ផ្កាយលោហធាតុ Psyche អាចមានផ្ទុកជាតិទឹក

អាចម៍ផ្កាយ 16 Psyche មានអង្កត់ផ្ចិតជិត ៣០០គីឡូម៉ែត្រ ដែលបង្កើតឡើងអំពីដែក និង nickel
អាចមានផ្ទុកទឹក ឬ hydroxyl។

ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភ័ស្ដុតាងអាចជាសញ្ញារបស់ទឹកនៅលើផ្ទៃ 16 Psyche ដែលជា
អាចម៍ផ្កាយលោហធាតុធំមួយ នេះបើតាមទំព័រ Nature World News ដែលបានចុះផ្សាយកាលពី
ថ្ងៃទី ១វិច្ឆិកាកន្លងទៅ។

អាចម៍ផ្កាយ 16 Psyche អាចមានផ្ទុក​ជាតិទឹក

អាចម៍ផ្កាយ 16 Psyche មានអង្កត់ផ្ចិតជិត ៣០០គីឡូម៉ែត្រ ដែលត្រូវបានបង្កើតឡើងស្ទើរតែទាំង
ស្រុងអំពីដែក និង nickel ។ ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា 16 Psyche អាចជាស្នូលដែលនៅសល់
របស់កូនភពមួយដែលត្រូវបានបំផ្លាញដោយសារការប៉ះទង្គិចកាលពីរាប់ពាន់លានឆ្នាំមុន។

ការសិក្សាស្រាវជ្រាវមុននេះអំពី 16 Psyche មិនបានរកឃើញសញ្ញារបស់ទឹកនៅលើផ្ទៃអាចម៍ផ្កាយ
នេះ។ ប៉ុន្តែ ការពិនិត្យថ្មីៗនេះដោយកែវពង្រីកអ៊ីនហ្វ្រារ៉េដរបស់ NASA បានរកឃើញសញ្ញានៃ
រំហួត អាចជាទឹក ឬ hydroxyl ។

Vishnu Reddy ជំនួយការរបស់សាស្ដ្រាចារ្យប្រចាំការនៅក្នុងមន្ទីរពិសោធភព និងព្រះចន្ទ នៃ
សកលវិទ្យាល័យ Arizona ដែលជាអ្នកស្រាវជ្រាវអំពីអាចម៍ផ្កាយ 16 Psyche ឱ្យដឹងថា “អាចម៍ផ្កាយ
ដែលសម្បូរដោយលោហធាតុដូចជា 16 Psyche ត្រូវបានគេយល់ថា កកើតក្នុងស្ថានភាពហួតហែង
មិនមានវត្តមានរបស់ជាតិទឹក និង hydroxyl។ ដូច្នេះ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលរក
ឃើញសញ្ញានេះ”។

ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា 16 Psyche គឺជាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយធំៗបំផុត
ក្នុងខ្សែក្រវាត់អាចម៍ផ្កាយដែលស្ថិតនៅកណ្ដាលនៃគន្លងគោចររបស់ភពព្រះអង្គារ និងភពព្រហ
ស្បតិ៍។ អាចម៍ផ្កាយទាំងនេះ គឺជាបំណែកដែលនៅសល់ពីការកកើតរបស់ប្រព័ន្ធព្រះអាទិត្យ។
ជាទូទៅ ពួកវារួមមានពីរប្រភេទ គឺអាចម៍ផ្កាយដែលសម្បូរ silicate និងអាចម៍ផ្កាយសម្បូរ carbon
ជាមួយនឹងបណ្ដាធាតុដែលងាយនឹងហួត។ ករណីដូចអាចម៍ផ្កាយ Psyche គឺកម្រមាន ដូច្នេះ
អ្នកវិទ្យាសាស្ដ្រកំពុងតែសិក្សាស្រាវជ្រាវដើម្បីរកឱ្យឃើញវិធីដែលវាកកើត។

អ្នកវិទ្យាសាស្ដ្រមិនទាន់អាចដឹងបាននូវប្រភពទឹកនៅលើអាចម៍ផ្កាយ 16 Psyche ។ ប៉ុន្តែ មានការ
លើកឡើងថា ទឹកអាចមានប្រភពមកពីបណ្ដាអាចម៍ផ្កាយ carbon ដែលប៉ះទង្គិចនឹង 16 Psyche
ក្រៅពីនេះ hydroxyl អាចកើតឡើងនៅពេលខ្យល់ព្រះអាទិត្យប៉ះទៅនឹងធាតុរ៉ែ silicate នៅលើ
ផ្ទៃរបស់ 16 Psyche

NASA កំពុងតែពិចារណាលើគម្រោងសិក្សាស្រាវជ្រាវ 16 Psyche ដើម្បីជួយដល់អ្នកវិទ្យាសាស្ដ្រក្នុង
ការកំណត់ឱ្យដឹងថា សញ្ញាដែលរកឃើញនៅលើ 16 Psyche គឺជាទឹក ឬជា hydroxyl៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ natureworldnews


Tags: 16 Psyche អាចម៍ផ្កាយ ទឹក