CamNews

ព័ត៌មានជាតិ 

ខែមេសាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងបើកប្រាក់ខែបាននៅសប្តាហ៍ទី២ដើម្បីយកប្រាក់ទៅបុណ្យចូលឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងអាចបើកប្រាក់បៀវត្សរ៍បាននៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា ដើម្បីយកថវិកាទៅប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខណៈខែឧសភា អាចនឹងបើកបាននៅសប្តាហ៍ទី៣។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់គ្រូគរុកោសល្យ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចបានថ្លែងថា «នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បៀវត្សរ៍ត្រូវបើកឌុបហ្មង! ម៉េចបានថាបើកឌុប ចុងខែ៣បើកម្តង ដល់ដើមខែ៤ ឡើងទាំងប្រាក់ខែហើយ បើកមុនចូលឆ្នាំ។ បញ្ហានេះទាមទារឲ្យមានការប្រុងប្រយ័ត្នបំផុតក្នុងចុងខែ៣ និងចុងខែ៤ នេះ ត្រូវប្រយ័ត្នប្រយ័ត្នយ៉ាងម៉េច? ឥឡូវចុងខែ៣ នាំគ្នាបើកប្រាក់ខែក្នុងហ្នឹងកំណើនបៀវត្សរ៍ គឺមាន ១២ភាគរយ ប្រៀបធៀបពីឆ្នាំ ទៅដល់១០ថ្ងៃក្រោយ ព្រោះត្រូវបើកមុនចូលឆ្នាំ ដូច្នេះអាទំហំសាច់ប្រាក់ចេញទៅលើទីផ្សារហ្នឹងវាធំណាស់។ ចឹងទាមទារឲ្យមានការប្រយ័ត្នប្រយែងទៅលើការ គ្រប់គ្រងសាច់ប្រាក់ ហើយក្រោយចូលឆ្នាំត្រូវប្រយ័ត្នទៀត ប្រយ័ត្នយ៉ាងម៉េច? ដោយសារតែបើកប្រាក់ខែ ខែមេសា បើកនៅអាទិត្យទី២ ចឹងទេយកទៅចាយអស់ ចឹងទេខែ៥ ត្រូវបើកក្នុងអាទិត្យទី៣»

នៅក្នុងខែមេសា ឆ្នាំ២០១៦ នេះ មន្រ្តីរាជការមិនត្រឹមតែបើកប្រាក់បៀវត្សរ៍បាននៅពាក់កណ្តាលខែនោះទេ ហើយក៏ត្រូវបានដំឡើងក្នុងអត្រា ១២ភាគរយផងដែរ ដែលក្នុងនោះមន្រ្តីទទួលបានប្រាក់បៀវត្សរ៍ទៀបបំផុតចាប់ពី ៧៥ម៉ឺនរៀល ដល់ ៨០ម៉ឺនរៀល។ សម្តេចតេជោ ក៏បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៨ មន្រ្តីទទួលបានប្រាក់បៀវត្សរ៍ទៀបបំផុតចាប់ពី ១លានរៀល។

រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ លោក ពេជ្រ ប៊ុនធិន ធ្លាប់បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៥ ​មន្ត្រី​រាជការមានចំនួន​សរុប ១៨៩,៨៤៤​នាក់ ក្នុងនោះ​មន្ត្រី​ថ្នាក់​ជាតិ​មាន​ចំនួន ​៣៤,៦៣៥​នាក់ និង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន ១៥៥,២០៩​នាក់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh