CamNews

ព័ត៌មានជាតិ 

ចាប់មេក្លោងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង មានផ្ទះសំណាក់ ដីរាប់ហិកតា​, ដកហូតថ្នាំWYជិត២,៥ម៉ឺនគ្រាប់

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកប្រតិបត្តិការចាប់ខ្លួន មេក្លោងជួញដូរ និងចែកចាយគ្រឿងញៀនដ៏ធំម្នាក់ នៅខេត្តជាប់ព្រំដែន ដែលជនល្មើសមានផ្ទះសំណាក់ និងដីរាប់ហិកតា។

ប្រតិប្តិការចាប់ខ្លួន មេក្លោងគ្រឿងញៀនម្នាក់នេះ បានធ្វើឡើងស្ថិតនៅចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង ដោយរឹបអូសជាក់ស្តែង រួមមាន៖ ថ្នាំប្រភេទ WY ចំនួន១២ដុំ ស្នើនឹងជិត២ម៉ឺន៥ពាន់គ្រាប់ រថយន្ត Vigo ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-3149 និងកាំភ្លើងខ្លី១ដើម។

លោក យិន បញ្ញារិទ្ធ​ នាយការិយាល័យ «ក៩» ដែលដឹកនាំការបង្ក្រាបករណីគ្រឿងញៀននេះ បានបញ្ជាក់ថា ជនល្មើសត្រូវបានកម្លាំងនគរបាល របស់លោកធ្វើការតាមដាន និងស្រាវជ្រាវជាយូរថ្ងៃមកហើយ ទើបតែនៅវេលាម៉ោងជាង១០ព្រឹកមិញនេះ ក៏ចុះទៅឡោមព័ទ្ធនៅម្តុំអូរពងមាន់ ដោយចាប់ខ្លួនជាក់ស្តែង ព្រមទាំងដកហូតវត្ថុតាងជាគ្រឿងញៀន​ រថយន្ត និងកាំភ្លើង។

លោកបានបន្តទៀតថា បន្ទាប់ពីចាប់ខ្លួនបានហើយ កម្លាំងនគរបាល បានសហការជាមួយកម្លាំងនគរបាលខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានបន្តចុះទៅឆែកឆេរដីរបស់ជនល្មើស និងទីកន្លែងស្នាក់នៅ មានផ្ទះសំណាក់ផងនោះ រហូតមកដល់រសៀលថ្ងៃនេះ។ លោកបានបញ្ជាក់ថា «នៅពេលនេះយើង កំពុងចុះមកឆែកនៅដីរបស់ជនល្មើស​ តែមិនទាន់មានលទ្ធផលសរុបនៅឡើយទេ»

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ផងដែរ​ថា ករណីនេះខាងមន្ទីរអ្នកដឹកនាំធ្វើ ហើយជនល្មើសជាជនជាតិខ្មែរ។ សម្រាប់ថ្នាំញៀនជាគ្រាប់នោះ ត្រូវបានលោកស្នងការថា​ មិនទាន់បានរាប់នៅឡើយទេ តែតាមការប៉ាន់ស្មានមានជាង២ម៉ឹនគ្រាប់ឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news