CamNews

ព័ត៌មានជាតិ 

ស្លាប់ម្នាក់ និងរបួសធ្ងន់ ដោយសារតែ បើករថយន្តធុនធំ ក្នុងល្បឿនលឿនបើកបុករះ !

(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវរថយន្តបុក ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី កែងនឹងផ្លូវហាណូយ នៅវេលាម៉ោង១២៖០៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ម៉ាក Hyundia បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿននៅតាមបណ្តោយ ផ្លូវកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏បានបុករះជាមួយនឹងម៉ូតូមួយគ្រឿង ដោយសារតែល្បឿនលឿនផងនោះទើប រថយន្តបង្កជ្រុលទៅបុកជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាក Lexus RX300 ពណ៌ស ធ្វើឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្កបានក្រឡាប់ សង្កត់លើម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សម្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា រថយន្តបង្កធុនធំម៉ាក Hyuandia នោះបានបើកបរក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿនលឿនមែនទែន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូរះជាមួយនឹងស្លាកសញ្ញាតាមចញ្ចើមផ្លូវ ហើយហួសទៅបុករថយន្ត Lexus មួយគ្រឿង ដែលធ្វើដំណើរតាមបញ្រ្ចាស់ទិសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងស្ទួចយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕


ផ្តល់សិទ្ធិដោយ ​៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh