ភ្នំពេញ៖ តារាសម្តែងពន្លកថ្មីវ័យក្មេងកញ្ញា ឡុង ថាវរី ហៅ ម៉ារី នៅក្នុងឆ្នាំថ្មីនេះ គេសង្កេតឃើញថា យីអ៊ុនរបស់នាងកំពុងតែ ចាប់ផ្តើមឡើងកូដជាបណ្តើរៗ ដោយពេលនេះនាង ទើបតែឆក់បានតំណែងតួឯកស្រី លើកដំបូង ដោយត្រូវបានខាងផលិតកម្ម តម្រូវឲ្យសម្តែងជាមួយ តារាកំប្លែងល្បីឈ្មោះ នាយគ្រឿន ។

តារាស្រីវ័យជិត២០ឆ្នាំកញ្ញា ឡុង ថាវរី បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងនៅក្នុងកម្មវិធីក្រុងពាលីថតរឿង “2 Father” របស់ផលិតកម្ម LD Picture កាលពីថ្ងៃទី២០ ខែមេសាម្សិលមិញនេះថា នេះជាឱកាសលើកដំបូងហើយ ដែលនាងត្រូវបានខាងផលិតកម្ម LD Picture ជ្រើសរើសឲ្យសម្តែងជាតួឯកក្នុងរឿង «2 Father» នាងពិតជាសប្បាយចិត្ត និងរំភើបខ្លាំងមែនទែន ។

ស្រីស្រស់ស្អាតសាច់សរវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ចាប់តាំងពីខ្ញុំចូលសិល្បៈ ដល់ពេលនេះខ្ញុំមិនធ្លាប់មានឱកាស បានសម្ដែងតួឯកទេ ដោយធ្លាប់ថតតែខារ៉ាអូខេ ថតស្ពត និងការងារមួយចំនួនទៀត កន្លងមកខ្ញុំមិនធ្លាប់គិតស្រម៉ៃថា អាចគ្រងតំណែងតួឯកឡើយ ព្រោះខ្ញុំជាតារាថ្មី មិនមានបទពិសោធន៍ តែសម្រាប់ការថតរឿងនេះ ជាលើកទី១នេះ ខ្ញុំនឹងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាព បើទោះជាខ្ញុំមិនធ្លាប់ បានសម្តែងរឿងក៏ដោយ…» ។

កញ្ញា ថាវរី បានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលអ្នកដឹកនាំរឿង សម្រេចចិត្តជ្រើសរើសនាង ឲ្យសម្តែងក្នុងរឿងថ្មីនេះ គឺដោយសារតែអ្នកដឹកនាំរឿង ចង់ជ្រើសយកតួថ្មី ដែលមិនធ្លាប់ថតរឿង ឲ្យផលិតកម្មណាមួយ នាពេលកន្លងមក ។ ម្យ៉ាងវិញទៀត អ្នកដឹកនាំរឿងគិតថា នាងសមនឹងតួនេះ គេក៏ផ្តល់ឱកាសឲ្យតែម្តងទៅ ។

រឿង «2 Father» គឺជាសា្នដៃនិពន្ធលើកទី២ របស់នាយពាក់មី គឺមានតួឯកប្រុស គឺនាយគ្រឿន និងកញ្ញា ឡុង ថាវរី ហៅម៉ារី ជាតួឯកស្រី ហើយជាប្រភេទរឿងកំប្លែង បង្កប់ដោយមនោសញ្ចេតនា ។ កញ្ញា ឡុង ថាវរី ត្រូវបានអ្នកដឹកនាំ សម្ដែងឲ្យនាងសម្ដែងជាតួស្រ្តីម្នាក់ ត្រូវបានអ្នកមានឋានៈធំ លួងលោមស្រឡាញ់រហូតមានកូន១ ជាមួយគ្នា ប៉ុន្តែពេលប្រពន្ធដើមរបស់លោកធំនោះដឹង ក៏បានជួលមនុស្សឲ្យតាមសម្លាប់នាង និងកូនចោល ។ ក្នុងសាច់រឿងដំណាលទៀតថា ពេល ឡុង ថាវរី កំពុងតែរត់គេចពីចង្កូមមច្ចុរាជ នាងក៏បានជួបជាមួយ នឹងនាយគ្រឿន ដែលជាតួឯកប្រុស ពេលនោះនាយគ្រឿន ជាបុរសមានចិត្តសប្បុរស បានចិញ្ចឹមបីបាច់ថែរក្សានាង និងកូនរហូតដល់ធំ ។

រឿង «2 Father» ចូលរួមសម្ដែង ដោយតារាល្បីៗ ក្នុងប្រទេសកម្ពុជារួមមាន លោក ទេព រិន្ទដារ៉ូ លោក ជា សំណាង លោក ហម ឈរ៉ា អ្នកនាង ប៉ែន សុផានី នាយ ពាក់មី នាយគ្រឿន កញ្ញា ឡុង ថាវរី ហៅ ម៉ារី កញ្ញា វណ្ណ វល័ក្ខ លោក សុវណ្ណ រិទ្ធី ហៅ តាវ៉ិចទ័រ កញ្ញា លីឡា លោក BIG អ្នកនាង សុខ សោម៉ាវត្តី ព្រមទាំងតារាកំប្លែង និងតារាសម្ដែងល្បីៗជាច្រើនដួងទៀត ។ រឿង «2 Father» គ្រោងចំណាយពេលថត រយៈពេល២ខែ ប៉ុន្តែប្រសិនបើថតចប់មុនគម្រោង នឹងត្រូវចាក់បញ្ចាំង នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល