(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ មន្ត្រីធនាគារអេស៉ីលីដា សាខាក្រុងបាត់ដំបងទាំង៦នាក់ ពីបទរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និងក្លែងបន្លំឯកសារសាធារណៈ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៩ ខែមករានេះថា ចៅក្រមស៊ើបសួរ លោក ស្វាយ តុញ បានសម្រេចឃុំខ្លួន ជនត្រូវចោទទាំង៦នាក់ ក្រោយពីតំណាងអយ្យការ បានចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៉ើបសួរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

សូមជម្រាបថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ មន្ត្រីធនាគារអេស៊ីលីដា៦នាក់ ពីបទរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និងបទក្លែងបន្លំ តាមមាត្រា៣៩១ មាត្រា៣៩៣ មាត្រា៦២៦ និង មាត្រា៦២៧។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ប៉ុល រតនា បាន ចុះទៅសហការជាមួយ នគរបាលខេត្តបាត់ដំបង ដោយមានការឯកភាព ពីព្រះរាជអាជ្ញារងខេត្តបានធ្វើការឃាត់ខ្លួនបុគ្គលិក និងអតីតបុគ្គលិក ធនាគារអេស៊ីលីដា ក្រុងបាត់ដំបងចំនួន៥នាក់ ខណៈប្រធានសាខា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅរាជធានីភ្នំពេញរួចហើយ ដើម្បីយកមកធ្វើការ សួរនាំពាក់ព័ន្ធទៅនឹងបណ្ដឹង របស់ប្រធានអគ្គនាយកធនាគារនេះ ចោទពីបទរំលោភលើសេចក្ដីទុកចិត្ត ដោយអភិបាលការងារ មានទំហំទឹកប្រាក់រហូត ជាង១លានដុល្លាររួចមក។

យោងតាមភស្តុតាងដែលខាងធនាគារធ្វើការស្រាវជ្រាវ រកឃើញពីភាពមិនប្រក្រតីក្នុងអំពើឃុបឃិតគ្នា ជាប្រព័ន្ធរបស់ ប្រធានសាខា បុគ្គលិកធនាគារអេស៊ីលីដា សាខាក្រុងបាត់ដំបង ទាំង៦នាក់ខាងលើនេះ គឺបង្ហាញឱ្យឃើញថាពួកគេ បានប្រព្រឹត្តមិនប្រក្រតីក្នុងការផ្ដល់ឥណទាន ជូនអតិថិជនខុសពីគោលការណ៍ និងនីតិវិធីរបស់ធនាគារធ្វើឱ្យធនាគារមានការ ខាតបង់ សាច់ប្រាក់ចំនួន ១.០៧៤.៥០៧,២៥ដុល្លារ នាអំឡុងឆ្នាំ២០១៤-២០១៥កន្លងទៅ។ ក្នុងនោះទង្វើរបស់ពួកគេរួមមាន ការកែច្នៃមុខរបរ និងបំប៉ោងលទ្ធភាពសងប្រាក់ អោយអតិថិជន កែច្នៃគោលបំណងប្រើប្រាស់ ប្រាក់កម្ចីអោយអតិថិជន ទទួលប្រាក់កម្រៃជើងសារ ពីអតិថិជន ភ្នាក់ងារឥណទានមានការសហការ ជាមួយភាគីទី៣ (អ្នកចងការប្រាក់ឯកជន) ដើម្បីរៀបចំឯកសារបញ្ចេញឥណទាន អោយអតិថិជន ខុសគោលដៅ អ្នកចងការប្រាក់ឯកជន មកចាំដកប្រាក់ពីអតិថិជន នៅបញ្ជរបេឡាក្នុងធនាគារ។ ភ្នាក់ងារឥណទានប្រើប្រាស់ មធ្យោបាយធ្វើដំណើរ របស់អ្នកចងការប្រាក់ឯកជន (ក្រៅពីធនាគារ) ដើម្បីចុះទៅជួបអតិថិជន។

របាយការណ៍បានបង្ហាញថា ភ្នាក់ងារឥណទាននិងម្ចាស់ទីតាំងមិនស្គាល់ ទីតាំងទ្រព្យដាក់ធានា។ ភ្នាក់ងារឥណទានចុះទៅ វាយតម្លៃទ្រព្យដាក់ធានា ក្រៅតំបន់ប្រតិបត្តិការ ដោយមិនបានសុំកិច្ចសហប្រតិបត្តិការពីម្ចាស់តំបន់ដែលផ្ទុយពីលិខិតណែនាំ របស់ថ្នាក់លើ រួមទាំងអនុវត្តការងារ មានកំហុសឆ្គងមួយចំនួន ទៀតផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់ធនាគារដោយ កំហុសឆ្គងខាងលើវាមិនមែនកើតឡើង ដោយអចេតនានោះឡើយ គឺជាចេតនា ដើម្បីទទួលបានផលប្រយោជន៍ ពីកំហុស ឆ្គងខាងលើសុទ្ធសាធ។ ចំណាត់ការការងារមានភាពមិនប្រក្រតីនេះ ត្រូវបានចាត់ទុកថា ជាអំពើរំលោភ លើសេចក្ដីទុកចិត្ត ដោយអភិបាលការងារ ធ្វើឱ្យធនាគារខាតបង់សាច់ប្រាក់ រហូតជាង១លានដុល្លារ និងជៈឥទ្ធិពលអាក្រក់ដល់បុគ្គលិក ផ្សេងៗទៀត និងអាចធ្វើអោយស្ថានភាពប្រតិបត្តិការធនាគារដួលរលំ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចជាតិផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់ លោក អ៉ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូបពីបទ «រំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារ» ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិក ដោយទាមទារអោយ តុលាការអនុវត្តតាមច្បាប់ សងប្រាក់មកធនាគារវិញ និងសងជំងឺចិត្តនិងការខាតបង់ផ្សេងៗ ចំនួន២០ម៉ឺនដុល្លារផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី