(ភ្នំពេញ)៖ ផលិតកម្ម BKS Production បានរៀបចំពិធីក្រុងពាលី ថតរឿងថ្មីរបស់ខ្លួនមួយទៀត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ ក្នុងបុរីវិមានភ្នំពេញថ្មី ផ្លូវលេខ ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយរឿងថ្មីនេះ មានចំណងជើងថា«អាស៊ុយទ្រីស្មោះស្នេហ៍» ជាប្រភេទរឿងមនោសញ្ចេតនា ស្នេហា បែកកំប្លុកកំប្លែង និងមានលាយឈុតឆាកខ្មោចខ្លះៗ ក្រោមការនិពន្ធ និងដឹកនាំសម្ដែងដោយកូនខ្មែរពិតៗ ។ អ្វីដែលពិសេសក្នុងរឿងថ្មីនេះ គឺចាងហ្វាងផលិតកម្មវ័យក្មេង លោក ឈុន សុវណ្ណភក្តី ដែលជាតារាសម្ដែងមានឈ្មោះល្បីម្នាក់ផងនោះ នឹងចូលរួមសម្ដែងជាតួឯកប្រុស ក្នុងរឿងរបស់ខ្លួនទៀតផង។

ពិធីក្រុងពាលី នាព្រឹកមិញនេះ គេសង្កេតឃើញ មានតារាសម្ដែង តារាកំប្លែង ក្នុងរឿង ចូលរួមជាច្រើននាក់ រួមទាំងក្រុមការងារថត និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ។ លោក ឈុន សុវណ្ណភក្តី ចាងហ្វាងផលិតកម្ម BKS Production និងជាតួឯកក្នុងរឿងនេះ បានថ្លែងឲ្យដឹងថា «រឿង អាស៊ុយទ្រីស្មោះស្នេហ៍ ជាភាពយន្តស្នាដៃថ្មីទី២ របស់ផលិតកម្ម ខណៈរឿងទី១មានចំណងជើងថា ដៃគូកម្ចាត់ខ្មោច ត្រូវបានថតចប់រួចរាល់ និងត្រៀមបញ្ចាំងក្នុងពេលឆាប់នេះ ហើយរឿងនេះនឹងគ្រោងចំណាយទុនថត អស់ច្រើនជាងរឿងមុន ព្រោះឧបករណ៍សុទ្ធសឹងតែថ្មីៗទើបនឹងទិញ ហើយការពង្រឹងលើគុណភាពរឿង ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ»។

«ខ្ញុំគិតថា រឿងនេះ (អាស៊ុយទ្រីស្មោះស្នេហ៍) នឹងត្រូវចំណាយអស់ច្រើនជាងរឿង ដៃគូកម្ចាត់ខ្មោច ព្រោះគ្រាន់តែឧបករណ៍ ដែលខ្ញុំទើបតែទិញ ដើម្បីត្រៀមថតក្នុងរឿងនេះ គឺអស់ជាង២ម៉ឺនដុល្លារទៅហើយ ចុះទម្រាំចំណាយលើតួសម្ដែង ក្រុមការងារថត និងសេវាកម្មផ្សេងៗទៀត គឺខ្ញុំដឹងថា អស់ច្រើន..» លោក ឈុន សុវណ្ណភក្តី បញ្ជាក់បន្ថែម ។

នៅពេលសួរថា តើលោកអាចបញ្ជាក់បានទេថា លោកជាចាងហ្វាងផលិតកម្ម ហើយពេលមកសម្ដែងជាតួឯក ដោយខ្លួនឯងបែបនេះ តើអាចទទួលការចាប់អារម្មណ៍ឬទេ ហើយអាចមានបញ្ហាអ្វីខ្លះកើតឡើង? លោក ឈុន សុវណ្ណភក្តី បានបញ្ជាក់ថា លោកគីតថា គ្មានបញ្ហាអ្វីកើតឡើងនោះទេ ព្រោះទី១មុននឹងលោកបើកផលិតកម្ម ហើយដាក់ចិត្តដាក់កាយ ចូលប្រឡូកក្នុងវិស័យសិល្បៈ គឺដោយសារតែលោកស្រឡាញ់សិល្បៈ ចង់ធ្វើជាតារាចម្រៀង និងតារាសម្ដែងដ៏ល្បីម្នាក់ ត្រូវបានទស្សនិកជនទទួលស្គាល់ ហើយទី២លោកចង់បញ្ចេញសមត្ថភាពខ្លួនឯង ដើម្បីឲ្យដឹងថា តើខ្លួនឯងមានទេពកោសល្យ និងសមត្ថភាពកម្រិតណា ?

ទោះជាយ៉ាងណា ចាងហ្វាងវ័យក្មេងរូបនេះ បន្ថែមថា រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» មានចំណុចទាក់ទាញ ឈុតឆាកពិសេសៗ បែបកំប្លែង និងស្នេហាមនោសញ្ចេតនា ជាច្រើនទៀត ដែលអ្នកទស្សនា មិនធ្លាប់បានជួបប្រទះពីមុនមក ។ លើសពីនេះ រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» ក៏បានឆ្លុះបញ្ចាំងពីខ្សែជីវិតពិត របស់ចាងហ្វាងវ័យក្មេងរូបនេះផងដែរ ដែលលោកជាអ្នកនិពន្ធបទច្រៀង និងជាអ្នកចម្រៀងទៀតផង។

លោកបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពភាពយន្តឲ្យកាន់តែល្អ គឺលោកផ្ដោតសំខាន់លើ ការកាត់ត និងការលួចប្លង់ថត ។ ពីមុនប្លង់មានតែមនុស្ស៣ទៅ៤នាក់ប៉ុណ្ណោះ ប៉ុន្តែប្លង់របស់លោកនៅពេលនេះ បើថាមនុស្ស៤០នាក់ គឺលោកចាប់យកទាំង៤០នាក់តែម្ដង ។ ម្យ៉ាងទៀត សាច់រឿង និងការរើសតួសម្ដែង ទីតាំងថត ក៏ជាចំណុចសំខាន់ ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានគុណភាពល្អ មានការទាក់ទាញផងដែរ ។

សូមបញ្ជាក់ថា រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» មានការចូលរួមសម្ដែងដោយកញ្ញា គីម ច័ន្ទបូរមី ហៅម៉ីម៉ី ជាតួឯកស្រី និងតារាល្បីជាច្រើនដួងទៀត រួមមាន នាយសង់ស៊ីស, លោក ទេព រិន្ទដារ៉ូ, អ្នកនាង ប៉ែន សុផានី, មីង ប្រជ្រុយ, ស្រីរ័ត្ន, នាយកណ្ដុរ, នាយពាង, លោក ម៉ាដូណា ,នាង ប៉េងប៉ោង និងតារាកិត្តិយសជាច្រើនទៀត ដែលសរុបប្រមាណជិត១០០នាក់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី