ភ្នំពេញៈ ប្រធានសមាគម សិល្បករខ្មែរជិតផុតអាណត្តិ លោក សុះ ម៉ាច ទស្សនិកជនភាគច្រើន បានស្គាល់យ៉ាងច្បាស់ ថាជាកូនប្រុសបង្កើត របស់អតីតតារាចម្រៀង ល្បីឈ្មោះជើងចាស់ លោក សុះ ម៉ាត់ បានបង្ហើបឲ្យដឹងថា ពេលនេះ លោកកំពុងតែ មានគម្រោង ក្នុងក្តីស្រមៃមួយ ដែលអាច លេច ចេញ ជារូបរាងនៅក្នុងពេលឆាប់ៗ ដ៏ខាងមុខនេះ ពោលគឺលោក នឹងកសាងសមិទ្ធផល មួយចំនួន សម្រាប់ជាប្រយោជន៍ដល់ សាសនាព្រះពុទ្ធ ឥស្លាម រួមទាំងសង្គម ដោយដាក់ ឈ្មោះ ឪពុករបស់ លោក ។

ក្នុងជំនួបជាមួយ គេហទំព័រ LookingTODAY កាលពីពេលថ្មីៗកន្លងទៅ នេះតារាចម្រៀង និងជា ប្រធាន សមាគសិល្បករខ្មែរ លោក សុះ ម៉ាច បានប្រាប់ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំ ហើយ ដែលឪពុក របស់លោក បានទទួលមរណភាព ហេតុនេះដើម្បីបំពេញកាតព្វកិច្ចជាកូន លោកត្រូវតែជីកកកាយ ប្រមែប្រមូលស្នាដៃ និពន្ធចម្រៀងទាំងនោះ មកចងក្រង និងថតបទ ចម្រៀងរបស់ ឪពុកឡើងវិញជាថ្មី ក្នុងបំណង ទុកសម្រាប់កូនចៅ ជំនាន់ក្រោយ ឲ្យបានស្គាល់ ដឹងឮ នឹងចូលរួមថែរក្សាស្នាដៃ ជារៀងរហូត ។

លោក សុះ ម៉ាច បានប្រាប់ឲ្យដឹងទៀតថា "ពេលនេះខ្ញុំ កំពុងតែប្រកាសលក់ដីកេរ របស់ឪពុក មួយកន្លែង នៅខាងត្បូងស្ពានជ្រោយចង្វារ មានទំហំ ១១ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ហើយកន្លង មកដីនេះ ធ្លាប់មានគេចូលមក ចែចូវចង់ទិញម្តងហើយ ក្នុងតម្លៃជាង១លានដុល្លារ ប៉ុន្តែខ្ញុំនៅ មិន ទាន់ សម្រេចចិត្ត ថាលក់តម្លៃនេះ ឬយ៉ាងណាទេ រង់ចាំបន្តិចទៀតសិន ។ ក្រោយពីលក់ដីនេះ បានលុយ មកខ្ញុំ នឹងយកលុយនោះ មួយផ្នែកមកសាងសមិទ្ធផលមួយ ដើម្បីជាប្រយោជន៍ ដល់ សង្គម ដោយដាក់ ឈ្មោះ ឪពុក របស់ខ្ញុំ" ។

តារាចម្រៀង សុះ ម៉ាច បន្តទៀតថា មិនតែប៉ុណ្ណោះ លោកនឹងចាប់ផ្តើមប្រមូលបទ ចម្រៀង ចាស់ៗ របស់ឪពុកមកថតសារជាថ្មី ហើយលោកក៏ត្រៀម យកស្នាដៃនិពន្ធ បទចម្រៀង របស់ ឪពុកមួយចំនួន បញ្ចូនទៅក្រសួងវប្បធម៌ សុំចុះកម្មសិទ្ធិបញ្ញា និងមានការងារមួយចំនួនទៀត ដែលលោកត្រូវធ្វើ សម្រាប់ឪពុក ដែលបានចែកឋានទៅ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល