CamNews

ជីវិត និងការងារ 

ក្លាយជាសេដ្ឋី ក្នុងរយៈពេល ១០០០ថ្ងៃ ក្រោយពី បរាជ័យមួយចំនួន

Niall Harbison បានឈប់រៀន ក្នុងវ័យ ១៧ឆ្នាំ ទៅធ្វើជាចុងភៅ នៅលើកប៉ាល់ទេសចរណ៍
ឱ្យក្រុមអ្នកល្បីឈ្មោះ ហើយបង្កើតបានក្រុមហ៊ុនមួយដែលមានតម្លៃរាប់លានដុល្លារ ក្នុងរយៈ
ពេល ៣ឆ្នាំ។

Niall Harbison បានក្លាយជាសេដ្ឋី ក្រោយរយៈពេល ៣ឆ្នាំ នៃការបង្កើតក្រុមហ៊ុន


ស្រដៀងទៅនឹងបណ្ដាសេដ្ឋីដទៃ ការសិក្សារបស់ Niall Harbison មិនបានល្អប៉ុន្មាន។ ក្រោយ
ពីប្រឡងធ្លាក់ផ្ទួនៗ ៣ដង គាត់ក៏បានសម្រេចចិត្ត ឈប់រៀន ក្នុងវ័យ ១៧ឆ្នាំ។ ប៉ុន្ដែពេលនោះ
Niall Harbison មិនមានគម្រោងអាជីវកម្មដូចទៅនឹង Bill Gates ឬ Mark Zuckerberg នោះទេ
ដោយគាត់ជ្រើសរើសយករបរជាចុងភៅ។

យ៉ាងនេះក្ដី ពេលនោះ Niall Harbison មានអារម្មណ៍ថា បរាជ័យ។ នៅលើទំព័រ Telegraph
សេដ្ឋីវ័យ ៣៤ឆ្នាំនេះ ឱ្យដឹងថា “ខ្ញុំយល់ថា ចុងភៅ ក៏ជារបរមួយដ៏លំបាក។ ក្នុងបន្ទប់ចម្អិន
អាហារ គឺពិតជាក្ដៅ ហើយអ្នកមិនអាចដឹងបានថា អ្វីខ្លះកំពុងកើតឡើងនៅខាងក្រៅ ព្រម
ទាំងមានសម្ភាធច្រើនផងដែរ”។

គិតឃើញនូវការលំបាកដូចខាងលើ Niall Harbison ក៏ចាកចេញពីភោជនីយដ្ឋានធំៗ ដើម្បី
ទៅធ្វើជាចុងភៅ នៅលើនាវាទេសចរណ៍ សម្រាប់ Bill Gates, Paris Hilton, U2 ឬបណ្ដា ក្រុម មនុស្សដែលធ្លាប់ចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្ត Cannes ។

ក្រោយពីបានធ្វើជាចុងភៅ និងធ្វើដំណើរគ្រប់កន្លែង ព្រមទាំងបានយល់ដឹងអំពីវិធីរស់នៅ
របស់ក្រុមអ្នកមាន ឆ្នាំ ២០០៧ Niall Harbison ក៏បានបង្កើតគេហទំព័រមួយ មានជំនាញខាង
បង្រៀនធ្វើម្ហូប។ ក្រោយមក គេហទំព័រនេះ ទទួលបរាជ័យ ហើយគាត់ក៏ងាកមកបង្កើត Simply
Zesty ជាក្រុមហ៊ុន marketing មួយ ដែលផ្អែកទៅលើទំព័រសង្គម។ រយៈពេលត្រឹម​តែ ១០០០
ថ្ងៃ បន្ទាប់ពីត្រូវបានបង្កើត Simply Zesty ក៏ត្រូវបានទូរទស្សន៍ UTV (អង់គ្លេស) ទិញយក ក្នុង
តម្លៃ ១,៨លានផោន (៣លានដុល្លារអាមេរិក) កាលពីឆ្នាំ ២០១២។

ថ្មីៗនេះ Niall បានបោះពុម្ភសៀវភៅមួយប្រភេទ ដែលមានឈ្មោះថា “ចូរសម្រេចរាល់កិច្ចការ”
ក្នុងនោះ មានមេរៀនជាច្រើន ដែលជាបទពិសោធសំខាន់ៗរបស់គាត់ រយៈពេលច្រើនឆ្នាំកន្លង
មក។ ក្នុងសៀវភៅនោះ មានបទពិសោធមួយចំនួន ដូចជា ៖
 
១. បោះបង់ផ្លូវលំ

២. សិក្សាពីការបរាជ័យ

៣. កុំឆាប់បង្កើតគ្រួសារ

៤. ស្រមៃដោយភាពខ្លាំងក្លា

៥. ចែករំលែកគោលដៅ ជាមួយអ្នករាល់គ្នា

៦. ថែទាំអតិថិជន

៧. រៀនធ្វើសម្បទាន

៨. ទិញទំនិញ នៅនាទីចុងក្រោយ

៩. កុំចំណាយពេលច្រើនជាមួយកាហ្វេ ឬតែ

១០. កុំឱបក្រសោបទូរស័ព្ទ

១១. កុំបារម្ភអំពីរឿងប្រាក់កាស។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph