CamNews

ព័ត៌មានជាតិ 

ឧកញ៉ា ពង់ ឃាវសែ មហាសេដ្ឋី មានលុយ រាប់ពាន់លានដុល្លារ និងអ្នក មានឥទ្ធិពលនៅកម្ពុជា

ភ្នំពេញ៖ ឈ្មោះរបស់លោកឧកញ៉ា ពង់ ឃាវសែ ប្រហែលជាមិនសូវល្បីដូច កោះពេជ្រ ផ្សារទំនើបសូរិយា ផ្សារទំនើបសុវណ្ណ ផ្សារទំនើបរតនាផ្លាហ្សា ធនាគារកាណាឌីយ៉ា និង វិមានកាណាឌីយ៉ា ជាដើមនោះទេ។ តាមពិតកន្លែងទាំងអស់នេះជា របស់លោក ឧកញ៉ា ពង់ ឃាវសែ ដែលជាមហាសេដ្ឋីដ៏ មានឥទ្ធិពលនៅកម្ពុជា មិនចាញ់ឧកញ៉ាផ្សេងៗទៀតឡើយ ដូចជា អ្នកឧញ៉ា គិត ម៉េង, ឧកញ៉ា លី យ៉ុងផាត់, ឧកញ៉ា ម៉ុង ឬទ្ធី ឡើយ។

ក្នុងសម័យខ្មែរក្រហម លោកឧកញ៉ា ពង់ ឃាវសែ ត្រូវបានភៀសខ្លួនទៅរស់នៅ ប្រទេសកាណាដា។ ក្នុងឋានៈជាអនិកជនកាណាដា អ្នកមានទ្រព្យរូបនេះ បានត្រឡប់មករស់នៅ ប្រទេសកម្ពុជាវិញ បន្ទាប់ពីដួលរំលំរបបខ្មែរក្រហម។ នៅឆ្នាំ ១៩៩១ អនិកជនកាណាដារូបនេះ បានចាប់ផ្តើម បង្កើតធនាគារកាណាឌីយ៉ា តែនៅពេលនៅមិនទាន់ដាក់ ឈ្មោះជាធនាគារកាណាឌីយ៉ាទេ គឺឈ្មោះ Canadia Gold & Trust Corporation Limited។ លុះដល់ឆ្នាំ១៩៩៣ ទើបដាក់ឈ្មោះថា ធនាគារកាណាឌីយ៉ា (Canadia Bank LTD) ហើយនៅឆ្នាំ២០០៣ ប្រែរទៅធនាគារកាណាឌីយ៉ា អ.ក (Canadia Bank PLC)។

 យោងតាមរបាយការណ៍ ប្រចាំឆ្នាំ២០១៣ របស់ ធនាគារ កាណាឌីយ៉ា បានឲ្យដឹងថា គិតមកដល់ឆ្នាំ២០១៣ កាណាឌីយ៉ា មានទ្រព្យសកម្មសរុបចំនួន ១.៧៩០ លានដុល្លារអាមេរិក កើនឡើង ១៣.៧ភាគរយ បើធៀបនឹងឆ្នាំ២០១២  បច្ចុប្បន្ន លោកឧកញ៉ា ពង់ ឃាវសែ ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ដែលជាធនាគារដ៏ធំជាងគេមួយនៅកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន OCIC (Overseas Cambodia Investment Corporation) ដែលជាម្ចាស់កោះពេជ្រ, ផ្សារទំនើបសូរិយា, ផ្សារទំនើបសុវណ្ណា ផ្សារទំនើបរតនាផ្លាហ្សា ,សាលមហោស្របចេនឡា, ទីក្រុងអូឡាំព្យា (ស្តាតអូឡាំពិកកំពុងសាងសង់)  ធនាគារកាណាឌីយ៉ា(៥០សាខាទូទាំងប្រទេស)  វិមានកាណាឌីយ៉ា, សួនឧស្សាហកម្មកាណាឌីយ៉ា,សណ្ឋាគារតារាអ៊ែរផត, សណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ, ភូមិវប្បធម៌ខេត្តសៀមរាប ម៉ាស៊ីនកិនស្រូវដ៏ធំនៅខេត្តតាកែវ  និងមានទីតាំងមួយចំនួនទៀត  ហើយលើសពីនេះទៀតនោះ ក្រុមហ៊ុន OCIC គ្រោងនឹងសាងសង់ទីក្រុង រណបមួយនៅតំបន់ជ្រោយចង្វា ដោយគ្រោងចំណាយ លុយរាប់រយលានដុល្លារ។

បើគិតត្រួសៗមហាសេដ្ឋីស្រុកខ្មែរ លោកឧកញ៉ា ពង់ ឃាវសែ មានលុយរាប់ពាន់លានដុល្លារអាមេរិក មិនចាញ់សេដ្ឋីៗផ្សេងទៀតទេ ព្រោះលោកវិនិយោគលើគម្រោងធំ និង ខ្លាញ់ៗ។ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ដែលសាងសង់ជិតរួច សុទ្ធសឹងកសាងឡើងដោយក្រុមហ៊ុនលោក ឧកញ៉ា ពង់ ឃាវសែ ។ ក្រៅពីតួនាទីជាក្រុមប្រឹក្សាភិបាល របស់ធនាគារកាណាឌីយ៉ា និង ជាអគ្គនាយក្រុមហ៊ុន OCIC ហើយនោះ លោកឧកញ៉ា ពង់ ឃាវសែ ក៏ជាប្រធានសមាគមអ្នក សាងសង់កម្ពុជាផងដែរ។

យ៉ាងណាការមានលុយរាប់ពាន់លានដុល្លាររបស់ ឧកញ៉ា ពង់ ឃាវសែ នេះ កើតមានពីការខិតខំប្រឹងប្រែង និងការដឹកនាំល្អ រួមផ្សំនឹងការទទួលបាន ឱកាសវិនិយោគល្អៗផងដែរ ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

 

Photo by LookingTODAY

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news