ភ្នំពេញ៖ ផលិតកម្ម សាន់ដេ នឹងដាក់បញ្ចាំងភាពយន្ត រឿង "សង្សារខ្មោច" ២រោងព្រមគ្នា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ នៅសាល មហោស្រពចេនឡា និងរោងភាពយន្តលុច្ស ដែលជាវណ្ណកម្មថ្មីមួយទៀត បានផ្ដិតយករូបភាពនៅក្នុងបណ្ដាប្រទេសសំខាន់ៗ មានដូចជា ជប៉ុន ម៉ាឡេស៊ី និងសឹង្ហបុរី និងជាការសម្រិតសម្រាំងឡើង យ៉ាងល្អឥតខ្ចោះ ទាំងសាច់រឿង និងគុណភាព ។
ខ្សែភាពយន្តរឿង"សង្សារខ្មោច" ជាភាពយន្ត បែបតក់ស្លុត ភ័យរន្ធត់ ញាប់ញ័រ ឆ្លងកាត់ឧបសគ្គជាច្រើនជំពូក និងបានប្រើបច្ចេកទេសថតទំនើប រូបភាពច្បាស់ល្អ ត្រជាក់ភ្នែក ដោយបានចូលរួមពីសំណាក់តារាចម្រៀងប្រុស-ស្រីល្បីៗ ក្នុងផលិតកម្មសាន់ដេ ក្នុងនោះមានតារាចម្រៀង សុខ ពិសី និង លោក នីកូ ជាតួឯក ។
គួរបញ្ជាក់ថា ផលិតកម្ម សាន់ដេ បានទទួលជោគជ័យក្នុងការចាក់បញ្ចាំង ខ្សែភាពយន្តជាច្រើនរឿងរួចមកហើយ ដូចជារឿង អង្គុលីមា រឿង ព្រាយដែកគោល រឿង វិញ្ញាណបិសាចជញ្ជក់ឈាម រឿងព្រាយក្បាលប្រាំបី ជាដើម ហើយក្នុងស្នាដៃទី៥ គឺរឿង "សង្សាខ្មោច" នេះ ក៏ជាក្ដីរំពឹងថ្មី មួយទៀត របស់ផលិតកម្ម សាន់ដេ ក៏ដូចជាមហាជន ដែលតែងតែគាំទ្រ ផលិតកម្មដ៏ធំមួយនេះ ខណៈតារាសម្ដែងក្នុងរឿង និងទិដ្ឋភាពទូទៅ សុទ្ធសឹងតែបានសម្រិតសម្រាំង ឡើងយ៉ាងពិសេស សម្រាប់ទស្សនិកជនដែលចូលចិត្ត រឿងបែបខ្មោច ព្រាយ បិសាច ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល