CamNews

តារា 

ហង្ស ម៉ារីនី បើក​ឆាក​សម្តែង ឆក់​បាន​តំណែង​តួឯក ២រឿង​ជាប់​គ្នា

ភ្នំពេញៈ តារាចម្រៀងស្រីស្រស់ ទើបតែចាប់ផ្តើម វិវត្តន៍ខ្លួន ទៅជាតារាសម្តែង កញ្ញា ហង្ស ម៉ារីនី ថ្មីៗនេះ បានស្រវ៉ាចាប់យក អាជីពថ្មីមួយបន្ថែម លើអាជីពចាស់ គឺការសម្តែង ដោយនាងឆក់ បានតំណែងតួឯកស្រី ជាបន្តបន្ទាប់ បើទោះជានាង គឺជាតារាសម្តែង ពន្លកថ្មីក៏ដោយ ។

ជួបសម្ភាសន៍ ដោយផ្ទាល់ជាមួយគេហទំព័រ LookingTODAY នៅក្នុងកម្មវិធីសម្ពោធរឿង «បេសកកម្មមរណៈ» របស់ផលិតកម្ម Veha Entertainment នៅរោងភាពយន្តលុច្ស តារាសម្តែងស្រីវ័យក្មេង សាច់សររាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី ត្រូវជាប្អូនស្រីបង្កើត ពិធីការិនី ហង្ស ម៉ារីណា បានប្រាប់ឲ្យដឹងថា ក្រៅពីអាជីព ជាតារាចម្រៀង ពេលនេះនាង បានស្រវ៉ាចាប់យក ការសម្តែងមួយបន្ថែមទៀត ដោយបានគ្រងតំណែងតួឯកស្រី ក្នុងរឿង «ព្រលឹងFacebook» ជាលើកដំបូង ហើយរឿងទី២ គឺតួឯកស្រី ក្នុងរឿង «បេសកកម្មមរណៈ» ដែលទើបតែសម្ពោធ ដាក់បញ្ចាំងនេះឯង ។

តារាស្រីវ័យក្មេងរូបស្រស់ កញ្ញា ម៉ារីនី បានប្រាប់ឲ្យដឹងទៀតថា «បន្ទាប់ពីខ្ញុំបានបញ្ចប់កុងត្រា ជាតារាចម្រៀង ក្នុងផលិតកម្ម Musashi ហើយពេលនេះ ខ្ញុំមិនមានជាប់ជំពាក់ ជាមួយផលិតកម្មណាឡើយ ខ្ញុំក៏បានងាកមក ចាប់ផ្តើម អាជីពសម្តែងបន្ថែមលើអាជីពចាស់ ហើយជាក់ស្តែងការងារនេះ ក៏កំពុង តែមានពន្លឺ ជោគជ័យបណ្តើរៗហើយ…»។

អតីតតារាចម្រៀង ប្រចាំផលិតកម្ម Musashi រូបនេះ បានប្រាប់ទៀតថា សន្ទុះការងាររបស់នាង ក្នុងឆ្នាំថ្មីនេះចាប់ផ្តើមមាន ភាពមមាញឹក ច្រើនជាងមុន ទាំងការថតស្ពត, ថតផ្សព្វផ្សាយ ឲ្យហាងសម្អាងការ និងថតរឿងជាដើម ។ ហង្ស ម៉ារីនី រំពឹងថា ការងារសិល្បៈនាង និងមានភាពរីកចម្រើនខ្លាំង ជាងនេះបន្ថែមទៀត ក្រោយពីរឿង «បេសកកម្មមរណៈ» បានដាក់បញ្ចាំងរួចរាល់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh