CamNews

ព័ត៌មានបច្ចេកវិទ្យា 

បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយសារលក់ iPhone ដែលបាន Jailbreak ទៅឲ្យអតិថិជន

បុរសម្នាក់នៅប្រទេសជប៉ុន ទើបត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះរូបគេបានលក់ស្មាតហ្វូន iPhone ដែល​បាន jailbreak រួច និងបានដំឡើងហ្គេមដែលលួច crack ដល់អតិថិជន។

តាមប្រភពព័ត៌មានពីគេហទំព័រ PhoneArena បានឲ្យដឹងថាបុរសម្នាក់ឈ្មោះ Daisuke Ikeda អាយុ ២៤ឆ្នាំ រស់នៅទីក្រុងតូក្យូ ទើបតែត្រូវបានប៉ូលិសទីក្រុងនេះ ចាប់ខ្លួនដោយសារតែរូបគេបានលក់ iPhone ចំនួន ៥គ្រឿង ដែលបាន jailbreak ទៅឲ្យអតិថិជនចាប់តាំងពីខែមីនា ដល់ខែឧសភា ឆ្នាំ​២០១៦ នេះ។ បុរសម្នាក់នេះ បានទទួលប្រាក់ចំណេញប្រហែល ១,១៨៦ ដុល្លារអាមេរិច ពីការលក់​​iPhone ទាំង ៥គ្រឿងនេះ។ មុននេះ គាត់ក៏បានលក់ iPhone ប្រហែលជា ២០០ គ្រឿងមកហើយ ក្នុងរយះពេលពេញមួយឆ្នាំ ជាមួយនឹងការរកប្រាក់បានប្រហែលជាជិត ៥០​,០០០​ ដុល្លារអាមេរិច។

មិនច្បាស់ថា ម៉ូដែល iPhone ដែលបាន jailbreak ដែលបុរសខាងលើបានលក់ឲ្យអតិថិជន ជាម៉ូដែល​អ្វីខ្លះនោះទេ។ បច្ចុប្បន្នបណ្តា iPhone គ្រប់ជំនាន់ទាំងអស់ (រួមទាំង iPhone 7 និង iPhone 7 Plus) សុទ្ធតែអាច jailbreak បាន ដើម្បីដំឡើងបណ្តា Application ពីភាគីទីបី (មិនមែនពី App Store)។ គួរបញ្ជាក់ថា ក្រៅពី jailbreak រួចហើយ iPhone ទាំង ៥គ្រឿងដែលនិយាយខាងលើនេះ នៅថែមទាំង​បានដំឡើងរួចជាស្រេច នូវម៉ូដែល Crack របស់ហ្គេម Monster Strike ដែលជាហ្គេមកំពុងតែពេញ​និយមខ្លាំងគួរសមនៅប្រទេសជប៉ុនផងដែរ។

នេះគឺអាចចាត់ទុកថា ជាករណីដំបូងគេហើយ នៅប្រទេសជប៉ុន ដែលត្រូវបានចាប់ខ្លួន ដោយសារតែ​លក់ iPhone ដែលបាន  jailbreak រួចជាស្រេចឲ្យអតិថិជន៕

- iPhone ជំនាន់បន្ទាប់របស់ Apple អាចនឹងប្រើប្រាស់អេក្រង់ ប្រភេទ OLED របស់ក្រុមហ៊ុន Sharp
- iPhone ស៊េរីថ្មីមួយគ្រឿងទៀត ហើបរបើកជាពីរ នៅក្នុងប្រអប់តែម្តង នៅប្រទេសចិន


 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, genk


Tags: iPhone Game Smartphone Apple Hightech