CamNews

តារា 

ម៉េង កែវពេជ្ជតា មិន​ចង់​រស់​នៅ​ដិត​ដាម​ដោយ​ស្រ​មោល​អតីត​កាល

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង សំនៀងផ្អែមពីរោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានជនអនាមិក បើកកកាយរឿងអតីត កាលជេរប្រមាថនាង ដោយរំឭកអតីតកាល រវាងនាង និងអតីតស្វាមី បានធ្វើឲ្យនាងឆួលចុងច្រមុះ ប្រញាប់ចេញមុខ ប្រតិកម្មតបតវិញភ្លាមៗ ដើម្បីការពារកិត្តិយស ។ មិនតែប៉ុណ្ណោះថ្មីៗនេះ នាងក៏បានសុំចិត្ត ទស្សនិកជន កុំឲ្យមើល នាងក្នុងអតីតកាល ព្រោះនាងមិនចង់រស់នៅ ក្នុងស្រមោលឈឺចាប់បែបនេះ ទៀតទេ ។

ជាការពិតណាស់ អ្នកសិល្បៈគ្រប់រូប បូករួមទាំងតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលដែលបង្ហាញវត្តមាន នៅមុខមហាជន តែងតែបង្ហាញស្នាមញញឹម ភាពសប្បាយរីករាយ ប៉ុន្តែនៅពីក្រោយខ្នងឆាក ជីវិតឯកជន របស់ ពួកគេម្នាក់ៗ សុទ្ធតែមានអតីតកាល ពិបាកចិត្តឈឺចាប់រៀងៗខ្លួន។ តួយ៉ាងដូចជាតារាចម្រៀង ចាស់វស្សារូបនេះ បើទោះ ជាឆាកជីវិតស្វាមីភរិយា បានឈានដល់ភាពរង្គោះរង្គើ ជាច្រើនឆ្នាំហើយក៏ដោយ តែស្រមោលខ្មៅនេះ នៅតែតាមអ្នក នាងជាប់មិនព្រមលែងទេ ពោលគឺនៅតែមានជនអនាមិកបន្លំខ្លួន ជេរប្រមាថអ្នកនាង ដោយលើកយករឿងអតីត កាល មកវាយប្រហារ ជាបន្តបន្ទាប់ មិនដាច់ឡើយ ។

ក្រោយពីមានការបង្ហាញ សាររិះគន់ អ្នកនាងចំៗបែបនេះ រួចមក មិនទាន់បានប៉ុន្មានផង ស្រាប់តែនាង បង្ហាញសារខ្លីមួយ មានន័យយ៉ាងច្បាស់ ដោយសុំចិត្តទស្សនិកជនថា «សូមកុំមើលខ្ញុំ ក្នុងអតីតកាលទៀតអី ព្រោះខ្ញុំមិនរស់នៅទីនោះ ទៀតទេ…» ។

តាមរយៈសារខ្លីមួយនេះ បានសរបញ្ជាក់យ៉ាងច្បាស់ហើយថា តារារូបនេះ ពិតជាមានដំបៅឈឺចាប់ មិនទាន់អាចព្យា បាលបានទេ ព្រោះតែមានជនមួយក្តាប់តូច នៅតែព្យាយាមឆ្កឹះដំបៅនេះ ឲ្យកាន់តែជ្រៅទៅៗ មិនចង់ឲ្យនាងសះ របួសឡើយ ។ ហេតុនេះហើយ បានជាអ្នកនាងចេញមុខទម្លាយ ជាសាធារណៈថា នាងមិនចង់ឲ្យគេសម្លឹង មើលនាង ក្នុងផ្លូវ អតីតកាលទៀតទេ ព្រោះថា គ្មានអ្នកណាម្នាក់ចង់រស់នៅ ក្នុងសភាពបែបនេះ អស់មួយជីវិតឡើយ៕






ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh