CamNews

ភាពយន្ត 

លោកស្រី ពាន់ ភួងបុប្ផា៖ ប្រមុខរាជរដ្ឋាភិបាល ជាឱសថជួយប្រោស សង្ខារភាពយន្តខ្មែរ (Video Inside)

ភ្នំពេញ៖ វិស័យភាពយន្តខ្មែរ ត្រូវបានសន្លប់ស្ទើរតែ ដាច់សង្ខារទៅហើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០ រហូតដល់ ពេលបច្ចុប្បន្ន បណ្តាលមកពី កត្តាច្រើនយ៉ាង តែកត្តាវាយសម្លាប់ភាពយន្តខ្មែរធំបំផុតនោះ ត្រូវបានអ្នកនិពន្ធ និង តារាសម្តែងខ្មែរអះអាងថា បណ្តាលមកពីការហូរចូល យ៉ាងគំហុក នៃភាពយន្តបរទេស។ ដើម្បីជួយឲ្យសង្ខារភាព យន្តខ្មែរ មានដង្ហើមឡើងវិញ កវីនិពន្ធខ្មែរ ដែលមានឈ្មោះ បោះសំឡេងនៅ កម្ពុជាមួយរូប បានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ជាឱសថដ៏មានប្រសិទ្ធភាព និងទាមទារឲ្យ មានការចូលរួមសហកា ប្រកបដោយឆន្ទៈ មនសិកាពីគ្រប់ភាគី ទាំងអ្នកនិពន្ធ អ្នកសម្តែង រហូតដល់អ្នកទស្សនា។

លោកស្រី ពាន់ ភួងបុប្ផា កវីស្រឡាញ់ការតែងនិពន្ធតាំងពីកុមារភាព ក្នុងជំនួបសម្ភាសន៍ជាមួយមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នាការិយាល័យរបស់លោកស្រីតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នាចុងសប្តាហ៍ទី៣ នៃខែតុលា បានថ្លែងថា កុនខ្មែរកំពុងសន្លប់ជាថ្មីម្តងទៀតហើយ ហើយអាចនឹងឈានដល់ការ ស្លាប់ ព្រោះតែការបន្តហូរចូលជាថ្មី នៃខ្សែភាពយន្តបរទេស ខណៈដែលភាពយន្ត របស់ខ្មែរហាក់បាន ថមថយទៅ វិញទាំងការផលិត និង ការទស្សនា។

ការធ្លាក់ចុះ នៃវិស័យភាពយន្តខ្មែរ ត្រូវបានគេមើលឃើញថា បណ្តាលមកពីបញ្ហាជាច្រើន រួមមានដូចជា៖ ការហូរ ចូលយ៉ាងគំហុក នៃភាពយន្តបរទេស ដែលទាំងសាច់រឿង បច្ចេកថត ការសម្តែង សុទ្ធសឹងតែល្អឥតខ្ចោះ, ខ្សែភាព យន្តខ្មែរមិនសូវមានការទាក់ទាញទាំងសាច់រឿង បច្ចេកទេសថត ដឹកនាំរឿង ការសម្តែងនៅឆ្គាំឆ្គង បូករួមទាំងកេរ្តិ៍ ឈ្មោះតារាសម្តែងផងដែរ។

ម្ចាស់វណ្ណកម្ម «ស្នាមស្នេហ៍សមុទ្ររាម, ទឹកចិត្តបងស្រី, បេះដូងអ្នកការពារ, ភ័ព្វសំណាង, ល្បិចស្រី, កុមារី២៥ឆ្នាំ ... » បានថ្លែងបន្តថា សមត្ថភាព នៃការផលិតភាពយន្តរបស់ផលិតករខ្មែរ ក៏ដូចជាការសម្តែងរបស់តារាមិនអន់ នោះទេ តែអ្វី ដែលធ្វើឲ្យភាពយន្តខ្មែររងការទន់ជ្រាយនោះ ដោយសារតែការផលិតខ្វះធនធានហិរញ្ញវត្ថុ ពោលខ្សែ ភាពយន្តខ្មែរ មិនមានហិរញ្ញវត្ថុសម្រាប់ ចំណាយលើការផលិតដូច ភាពយន្តបរទេសនោះឡើយ។ លោកស្រី បាន បញ្ជាក់ថា ដូចជារឿងភាគរបស់ខ្មែរដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ចំណាយត្រឹមជាង ១ពាន់ដុល្លារ ខណៈភាព យន្តប្រទេសជិតខាងដូចជាថៃ និងវៀតណាម ចំណាយចាប់ពី ២ម៉ឺនដុល្លារឡើងទៅ។ រីឯភាពយន្តខ្នាតធំវិញ ខ្មែរ ផលិតអស់ត្រឹម ៣-៤ម៉ឺនដុល្លារ ខណៈភាពយន្តខ្នាតធំបរទេស ផលិតអស់រាប់សិបម៉ឺនដុល្លារឯណោះ។

លោកស្រី បានបញ្ជាក់ថា «កុនបរទេសវាទំនើប ឈានដល់ការបណ្តាក់ទុនរាប់កោដិដុល្លារ ហើយនៅក្នុងកុនខ្មែរ យើង នៅតែស្ថិតក្នុងភាព អាណោចអាធ័មចឹង ព្រោះអត់មានអ្នកណាបណ្តាក់ទុនទេ គឺមានតែបុគ្គល ដែលជាផលិត ករ ឬ ជាអ្នកស្រឡាញ់កុនហ្នឹង គឺជាអ្នកទៅធ្វើខ្នះខ្នែង វាអត់មានអ្វីហៅថា បែបបទទម្រង់ នៃបច្ចេកទេស ដើម្បីឲ្យ វាត្រឹមត្រូវ[…]។ អ្នកខ្លះធ្វើអស់ ៥ម៉ឺន អ្នកខ្លះធ្វើអស់ ៤ម៉ឺន ៣ម៉ឺន ២ម៉ឺន ដល់អ្នកខ្លះធ្វើអស់តែ ៧ពាន់ដុល្លារ ដើម្បី ឲ្យកុន បានយកទៅចាក់ ចឹងគុណភាពវាច្របូកច្របល់»។

បញ្ហាប្រឈម ដែលកំពុងធ្វើឲ្យភាពយន្តរបស់ខ្មែរទាំងខ្នាតធំ និងរឿងភាគធ្លាក់ចុះប្រជាប្រិយ ត្រូវបានលោកស្រី ពាន់ ភួងបុប្ផា ប្រាប់ពីមូលហេតុថា៖ សម្រាប់ភាពយន្តខ្នាតធំ កត្តាចម្បង គឺរោងកុន។ លោកស្រីបញ្ជាក់ថា កាល ពីសម័យដើមរាល់រោងកុន តែងចាក់បញ្ចាំង ភាពយន្តរបស់ខ្មែរ សម័យបច្ចុប្បន្នរោងកុនផ្តោត ជាសំខាន់ទៅលើការ ជំនួញរបស់ពួកគេ ដូច្នេះភាពយន្ត ប្រទេសណាដែលល្បី និងទាក់ទាញ គឺចាក់បញ្ចាំងភាយន្តនោះ។  ដោយឡែក ភាពយន្តរបស់ខ្មែរ ម្ចាស់រោងកុន អនុញ្ញាតឲ្យចាស់តែ៣ពេល ហើយចំម៉ោងមិនសូវល្អទៀត។

ក្រៅពីការផ្តល់ម៉ោង និងពេលវេលាចាក់បញ្ចាំង មិនសូវល្អហើយ រោងកុននីមួយៗ បានទាមទារចែកផលចំណេញពី ម្ចាស់ភាពយន្តរហូតដល់ ទៅពាក់កណ្តាល (៥០ភាគរយ)។ បើតាមអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងមួយរឿងៗ ដែល ផលិតឡើង ម្ចាស់ផលិតកម្ម អាចទទួលបានប្រាក់ចំណូលតែ ៣៥ភាគរយប៉ុណ្ណោះ ដែលជាសំណូលសល់ពីការ ចែកទៅម្ចាស់រោងកុន ៥០ភាគរយ បង់ពន្ធជូនរដ្ឋ ១០ភាគរយ និងការចំណាយ សេវាផ្សេងៗទៀត។

សម្រាប់ការធ្លាក់ចុះភាពយន្តភាគចាក់បញ្ចាំង តាមកញ្ចក់ទូរទស្សន៍ គឺបណ្តាលមកពីការហូរចូល ភាពយន្តបរទេស យ៉ាងផុលផុស។ មូលហេតុដែល នាំឲ្យស្ថានីយទូរទស្សន៍និយមចាក់បញ្ចាំងរឿងភាគបរទេស ព្រោះការទិញភាព យន្តបរទេសយកមកចាក់បញ្ចាំង អស់តម្លៃខ្ទង់ជាង ១ពាន់ដុល្លារ ដូចការផលិត រឿងក្នុងស្រុកដែរ។ «ម្ចាស់ស្ថានីយ នឹងយកភាពយន្តបរទេស មកចាក់ផ្សាយ បើតម្លៃដូចគ្នា ហើយមានគុណភាពល្អទៀត អាចរកពាណិជ្ជកម្មបានច្រើន ចឹងគេមិនចំណាយលុយ ផលិតភាពយន្តក្នុងស្រុក នាំឲ្យខាតពេល និងឈឺក្បាលនោះទេ»។

លោកស្រី ពាន់ ភួងបុប្ផា ផលិតករភាពយន្តកំពុងចូលនិវត្តន៍ បានថ្លែងថា ភាពព្រងើយកណ្តើយពីអ្នកពាក់ព័ន្ធ ជា ពិសេសនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ ក៏ជាមូលហេតុ នៃការធ្វើឲ្យវិស័យភាពយន្តនេះ ឱនភាពផងដែរ។

ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា ជាមួយសម្តីមួយៗតែធ្ងន់ៗ ហាក់បានទម្លាយវិបត្តិក្នុងចិត្ត អ្នកស្រីបានបន្ថែមថា «យើងអត់អាចបន្ទោសបាន ព្រោះវាអត់មានអ្នកណាជាអ្នកកំណត់ថា ត្រូវយកគុណភាពប៉ុន្មាន ប្រភពដើមទុន ប៉ុន្មាន ប្រភេទម៉ាស៊ីនថតអី សាច់ រឿងរបៀបម៉េច បានចេញបាន វាអត់មាន។ នាយកដ្ឋានភាពយន្ត គាត់មានតួនា ទីតែមួយគត់មើលស្រ្គីប (Script) របស់យើង និងពិនិត្យរូបភាពពេលចេញបញ្ចាំង។ និយាយរួមអត់មាន ការជួយ ឧបត្ថម្ភផ្នែកអ្វីមួយពីអ្នកណាម្នាក់ កុនទៅតាមយថាកម្ម»។

ការធ្លាក់ចុះ និងស្លាប់នូវភាពយន្តខ្មែរ ត្រូវបានផលិតករចាស់វស្សារូបនេះ បញ្ជាក់ថា វាមិនមែនធ្វើឲ្យផលិតករ តារា សម្តែងរបស់ខ្មែរស្លាប់នោះទេ អ្នកដែលស្លាប់គឺវប្បធម៌ និងសិល្បៈរបស់ខ្មែរទាំងមូលជាអ្នកស្លាប់ ហើយអាចធ្វើឲ្យ កូនខ្មែរលែងស្គាល់អ្វីទៅជាវប្បធម៌ និងសិល្បៈរបស់ខ្លួន ព្រោះវិស័យភាពយន្តលើកញ្ចក់ទូរទស្សន៍ជះឥទ្ធិពលខ្លាំង ដល់អ្នកមើល។ ទូរទស្សន៍ជារោងកុននៅ តាមគេហដ្ឋានពលរដ្ឋខ្មែរអាច មើលបានគ្រប់ពេលវេលា ចឹងបើមានតែ កុនបរទេស កូនខ្មែរប្រាកដជា ស្គាល់តែវប្បធម៌របស់ បរទេស ភ្លេចវប្បធម៌របស់ខ្លួនហើយ។

អ្នកស្រីបញ្ជាក់ដូច្នេះ «វាគ្រាន់តែជាការព្រួយបារម្ភរបស់ខ្ញុំ តារាយើង ឬផលិតករយើង។ ប៉ុន្តែយើងមិនមែនព្រួយបា រម្ភដោយសារខ្លួនយើងទេ[…]។ ខ្ញុំចូលនិវត្តន៍ ខ្ញុំមិនព្រួយបារម្ភខ្លួនឯងទេ។ តែខ្ញុំព្រួយបារម្ភវិស័យសិល្បៈភាពយន្ត របស់ខ្មែរយើងវានឹងស្លាប់ ពេលយើងបាត់សិល្បៈ បាត់អត្តសញ្ញាណជាតិ តើអ្នកណា អ្នកទទួលខុសត្រូវ កូនខ្មែរ ទាំងអស់ជាអ្នកទទួលខុសត្រូវ[...]។ អ្វីដែលខ្ញុំនិយាយ ដើម្បីសិល្បៈខ្មែរ»។

ភាពយន្តរបស់ខ្មែរ គឺជាទម្រង់សិល្បៈទី៧ ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី ទំនាមទម្លាប់ និងតថភាពនៅក្នុងសង្គមកម្ពុជា។ បើវិស័យភាពយន្តត្រូវដួលសន្លប់ដូចពេលបច្ចុប្បន្ននេះ វាក៏ជាបច្ច័យជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជាផងដែរ។

ដើម្បីគាស់រំលើងសិល្បៈទី៧របស់ខ្មែរ ឲ្យរស់រានមានដង្ហើមឡើងវិញ លោកស្រី ពាន់ ភួងបុប្ផា បានលើកឡើងថា ត្រូវតែមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ។ តែតួអង្គដែលសំខាន់ ជាងគេនោះ គឺមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ ត្រូវតែចេញនូវការកំណត់បទបញ្ញត្តិនានា ដូចជាការកម្រិតការនាំចូល និង ការចាក់បញ្ចាំងភាពយន្តបរ ទេស។ ព្រមទាំងការដាក់ក្រិតក្រម ក្នុងការផលិតភាពយន្ត ក៏ដូចជាការកំណត់ឲ្យម្ចាស់ រោងកុនយកឈ្នួលចាក់ បញ្ចាំងភាពយន្តខ្មែរ ឲ្យទាបជាងពេលបច្ចុប្បន្ន។ «រោងកុនចាក់បញ្ចាំងម្តងមិនសឹកនោះទេ កុំប្រញាប់យកចំណេញ ពេក វាធ្វើឲ្យងាប់ម្ចាស់ផលិតកម្ម ផលិតរឿងមករាប់ឆ្នាំ យកចាក់បញ្ចាំងអត់មានផលចំណេញ»។

លោកស្រី ថ្លែងយ៉ាងដូច្នេះ «ប្រមុខរាជរដ្ឋាភិបាលត្រូវ យកចិត្តទុកដាក់ ព្រោះមានវប្បធម៌ សិល្បៈ ទើបមានប្រទេស ជាតិមួយ។ គាត់គួរយកចិត្តទុកដាក់ ហើយគាត់ចាប់ផ្តើមរៀបចំ ប្រជុំសេនាធិការរបស់គាត់ហ្នឹង ក្រសួងអប់រំ ក្រសួង ព័ត៌មានក៏ដោយ ក្រសួងវប្បធម៌ក៏ដោយ ត្រូវជួបជុំគ្នា បង្កើតជាគោលការណ៍ណាមួយ សម្រាប់លើកទឹកចិត្តផលិត ករខ្មែរ ឲ្យគាត់បន្តការផលិតទៅទៀត អ្វីដែលជារបស់ខ្មែរ ដើម្បីថែរក្សា។ ហើយគាត់ត្រូវពង្រឹង កៀបភាពយន្ត វប្ប ធម៌បរទេស ឲ្យចូលក្នុងកម្រិតតិចបំផុត ដើម្បីទុកឲ្យយើងរស់សិន ព្រោះយើងអត់ទាន់ខ្លាំង បើពេលយើងខ្លាំង ហើយ យើងលែងខ្លាចគេហើយ។ ដល់ពេលយើងមាន ដើមទុនដូចគេ ១០ម៉ឺនដុល្លារផលិតរឿងភាគមួយ យើង មានអីបារម្ភទៀត»។

លោកស្រី ពាន់ ភួងបុប្ផា ក៏បានជំរុញរាជរដ្ឋាភិបាលបង្កើតកន្លែងបណ្តុះបណ្តាលវិស័យភាពយន្ត តារាសម្តែង ព្រម ទាំងបញ្ជូនទៅបណ្តុះបណ្តាល នៅក្រៅប្រទេស ក៏ដូចជាបោះទុនវិនិយោគលើវិស័យភាពយន្តរបស់ខ្មែរ។

ការចូលរួមពីផលិតករ និងអ្នកសម្តែង ក៏ជាកត្តាចាំបាច់ផងដែរ សម្រាប់ដង្ហើមភាពយន្តខ្មែរ។ លោកស្រី ពាន់ ភួង បុប្ផា ថ្លែងបញ្ជាក់ថា «អ្នកផលិតកុំយកភាពយន្តទៅធ្វើជាឆ្នាំងបាយ យកតែចំណេញ ត្រូវមានទស្សនៈស្នេហា ស្រ ឡាញ់វាផង។ ធ្វើឲ្យវាល្អ ធ្វើឲ្យវាមានគុណភាព! បើថាយើងមិនគ្រប់លុយទេ យើងហ៊ុនគ្នា ៣-៤នាក់ទៅ ធ្វើឲ្យវា គ្រប់កម្លាំង ដើម្បីឲ្យរឿងយើងមានគុណភាព»។

អ្នកស្រី ពាន់ ភួងបុប្ផា ក៏បានអំពាវនាវអ្នកពលរដ្ឋខ្មែរ កុំឲ្យសប្បាយអរជាមួយ ភាពយន្ត វប្បធម៌បរទេសខ្លាំងពេក ងាកមកគាំទ្រភាពយន្ត វប្បធម៌របស់ខ្មែរ ដោយវិធីណាដែលអាចជួយបាន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh