CamNews

តារា 

សុភ័ណ្ឌ ឡារី ដឹកដៃគូដណ្ដឹង ក្រាប​ផ្ទឹម​ការ នៅ​ថ្ងៃ​ទី​២៦ មេសា នេះ

ភ្នំពេញ៖ តារាសម្តែង និងជាសកម្មជនដ៏សកម្ម គណបក្សសង្គ្រោះជាតិលោក សុភ័ណ្ឌ ឡារី ពេលនេះ កំពុងតែត្រៀមខ្លួនដឹកដៃគូដណ្តឹង ស្រីស្រស់ចូលរោងការ តាមប្រពៃណីខ្មែរនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីបង្កើតក្រុមគ្រួសារមួយ ដែលរស់នៅមានក្តីសុខ និងសុភមង្គល ក្រោយពីលោកបានចំណាយពេល ប្រឡូកក្នុងឆាកនយោបាយ អស់មួយរយៈពេល មួយខ្យល់ធំមកនេះ ។

តារាសម្តែងបុរសសង្ហារលោក សុភ័ណ្ឌ ឡារី នៅសល់ពេល២ថ្ងៃទៀត លោកនឹងដឹកដៃអនាគតភរិយាចូលរោងការ ក្រាបសំពះផ្ទឹម តាមប្រពៃណីខ្មែរហើយ ។ បើតាមគម្រោង ពិធីរៀបអាពាហ៍ពិពាហ៍នេះ មានវត្តមានភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ជាពិសេសថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សសង្គ្រោះជាតិ និងសមាជិកបក្សផងដែរ ព្រោះថា លោកគឺជាសកម្មជនម្នាក់ ដែលជានិច្ចកាល តែងតែបង្ហាញមុខមាត់គ្រប់សកម្មភាព និងកម្មវិធីរបស់បក្សជាប់ជានិច្ច ។ ម្យ៉ាងទៀតលោក សុភ័ណ្ឌ ឡារី ក៏ត្រូវបានគេដឹងថា ជាកូនធម៌របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិផងដែរ ។

ពិធីមង្គលការរបស់លោក សុភ័ណ្ឌ ឡារី រៀបចំពិធីពិសារភោជនីយអាហារ ពេលល្ងាចនៅម៉ុងឌីយ៉ាល់ អគារ P ។ ប៉ុន្តែទាក់ទងនឹងចំនួនភ្ញៀវពិតប្រាកដនោះ គឺមិនទាន់ត្រូវបានម្ចាស់សាម៉ីខ្លួន ទម្លាយឲ្យដឹងឡើយ ដោយលោកបានត្រឹមតែបង្ហាញ ពីរោងការ និងរូបថតរៀបការតែប៉ុណ្ណោះ ។ ដូច្នេះប្រសិនបើ ទស្សនិកជនចង់ដឹងថា ពិធីមង្គលការរបស់សកម្មជន គណបក្សសង្គ្រោះជាតិរូបនេះ មានវត្តមានសិល្បករ-សិល្បការិនី ក៏ដូចជាភ្ញៀវកិត្តិយសសំខាន់ៗរូបណាខ្លះ សូមរង់ចាំទស្សនា ទាំងអស់គ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh