CamNews

តារា 

វ៉ាន់ នីឡា ទម្លាយពាក្យក្នុងចិត្ត ពាក់ព័ន្ធនឹងអតីតសង្សារ ដែលធ្វើឲ្យលេចធ្លាយរូបស្រាត ថា..

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតតារាចម្រៀង សំឡេងស្រទន់ កញ្ញា វ៉ាន់ នីឡា ដែលទទួលរងគ្រោះ ដោយសារតែអតីតសង្សារ គឺលោក គុយ សិទ្ធិសក្តិ ជាកូនមន្រ្តីមានអំណាច ទម្លាយរូបអាក្រាតកាយរបស់នាង ហើយមិនព្រមចូលខ្លួនមកទទួលទោស តាមដីការកោះហៅរបស់តុលាការ ជាច្រើនលើកហើយនោះ បានធ្វើឲ្យនាងចេញមុខទទូចជាថ្មីទៀត ដល់ស្ថាប័នតុលាការ ដែលកំពុងតែកាន់សំណុំរឿងនេះ មេត្តាចាត់វិធានការក្ដៅ ដល់ជនល្មើសរូបនេះ ឲ្យទទួលទោសតាមច្បាស់ ខណៈដែលរូបគេ នៅតែមានសេរីភាព និងបន្តបំភិតបំភ័យដល់រូបនាង ជាជនរងគ្រោះទៀតផង។


រយៈពេលជាងមួយឆ្នាំមកហើយ តារាចម្រៀង វ៉ាន់ នីឡា នៅតែមិនទាន់ទទួលបាននូវពន្លឺយុត្តិធម៌ ខណៈដែលជនល្មើស នៅតែបោះពាក្យបោះសម្ដី ព្រហើនជាមួយនឹងច្បាប់ មិនខ្លាចក្រែងនរណាទាំងអស់ ហើយមហាជនក៏កំពុងតែទន្ទឹងរង់ចាំមើលដែរថា តើអំណាចតុលាការអាចធ្វើអ្វីជននេះបានដែរឬទេ? ឬមួយក៏តុលាការខ្លាចការគំរាមកំហែង របស់ជនល្មើសរូបនេះដែរ ខណៈដែលកន្លងមក ធ្លាប់បានចេញដីការកោះហៅជាច្រើនដងមកហើយ ប៉ុន្តែពេលជននេះមិនចូលខ្លួនតាមដីការ បែរជានាំគ្នាបិទសំណុំរឿង ស្ងាត់ដូចចោរលួចសេះបែបនេះ ទៅវិញ។

ជុំវិញសំណុំរឿងដ៏រសើបនេះ វ៉ាន់ នីឡា បានថ្លែងប្រាប់ Khmertalking ក្នុងជំនួបដោយផ្ទាល់មួយ នាថ្ងែទី១៤កុម្ភៈ ឆ្នាំ២០១៧នេះ ថា សំណុំរឿងរបស់នាងត្រូវបានតុលាការ ប្រាប់នាងថា គេបានបិទបញ្ចប់ទៅហើយ ដែលធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំង ខណៈដែលរូបនាងជាជនរងគ្រោះ ត្រូវបានគេគំរាមកំហែង បំពារបំពាន ហើយពុំទទួលបាននូវភាពយុត្តិធម៌ទាល់តែសោះ។ គោលបំណងដែលនាងចង់បាននៅពេលនេះ គឺគ្រាន់តែចង់ឃើញជនដែលធ្វើទង្វើមិនគប្បីលើរូបនាង ទទួលទោសតាមច្បាប់ ពោលនាងមិនចង់បានអ្វីទាំងអស់ ក្រៅពីនេះ។

វ៉ាន់ នីឡា និយាយថា «ច៎ាបង.. សម្រាប់ពាក្យបណ្ដឹងរបស់ខ្ញុំ ឥឡូវហ្នឹងគេបិទការកោះហៅហើយ ព្រោះតែការកោះហៅនេះមានច្រើនដងពេក ជនល្មើសនៅតែមិនចូល ស្រាប់តែស្ងាត់ឈឹង ហើយខ្ញុំក៏អត់ដឹងថា តុលាការគាត់នឹងមានចំណាត់ការអ្វី ជាបន្តទៀតដែរ ព្រោះតាំងពីថ្ងៃដែលគេកោះហៅ លើកចុងក្រោយមក គឺស្ងាត់រហូត ប៉ុន្តែសំខាន់រឿងហ្នឹង ខ្ញុំទុកឲ្យបងខ្ញុំជាអ្នកដោះស្រាយ..!»

ទោះបីជាសំណុំរឿងនេះ នាងសុខចិត្តធ្វើជាអ្នកនៅពីក្រោយខ្នង ដោយទុកសិទ្ធិឲ្យលោក សុខ ជំនោរ ជាបងប្រុសបង្កើតជាអ្នកចាត់ចែង ក៏ក្នុងនាមនាងជាសាមីខ្លួនជនរងគ្រោះ នាងនៅតែទទូច ចង់ឲ្យតុលាការបញ្ចាប់រឿងនេះឲ្យបានឆាប់ និងទទួលបានយុត្តិធម៌ដល់រូបនាង។

វ៉ាន់ នីឡា និយាយបន្តថា «ខ្ញុំចង់បញ្ចប់សំណុំរឿងឲ្យបានឆាប់ ប៉ុន្តែចប់ហ្នឹងមិនមែនចប់ ដោយមិនមានអ្វីទេ ចប់ហ្នឹងគឺត្រូវតែឲ្យជនហ្នឹង(លោក គុយ សិទ្ធិសក្តិ) មកទទួលទោសតាមច្បាប់ ហើយខ្ញុំក៏ទទូចសុំឲ្យតុលាការ គឺឲ្យគាត់ជួយពន្លឿននិតិវិធីនៃច្បាប់ហ្នឹង ឲ្យបានលឿនបន្តិច ព្រោះរឿងរបស់ខ្ញុំកើតឡើង រយៈពេលជាង១ឆ្នាំមកហើយ ដូចជាអត់មានឃើញលទ្ធផលអ្វីទាំងអស់ ហើយនៅពេលដែលគាត់ (ជនល្មើស) អត់ចូលខ្លួន ទោះបីផ្ដល់ឱកាសឲ្យម្ដងហើយម្ដងទៀត ច្រើនដងក្ដី នៅតែមិនអាចបញ្ចប់ទៅ ដោយរលូននោះឡើយ។ ខ្ញុំនៅតែរង់ចាំ ពន្លឺយុត្តិធម៌ ទោះបីស្ងាត់ ក៏ខ្ញុំនៅតែជំរុញដល់តុលាការ ឲ្យពន្លឿនលើរឿងនេះរហូតដែរ !»

ទៅបីជាយ៉ាងណា តារាចម្រៀង វ៉ាន់ នីឡា ហាក់បង្ហាញការបារម្ភពីសុវត្ថិភាព របស់ខ្លួនផ្ទាល់ ព្រោះតែជនល្មើសនៅតែបន្តមានសេរីភាព ដោយនាងអះអាងថា ជនដែលធ្លាប់ធ្វើទង្វើអាក្រក់ ហើយមិនខ្លាចសំណាញ់ច្បាប់បែបនេះ រឿងអ្វីក៏អាចធ្វើបានដែរ ឲ្យតែរូបមិនពេញចិត្ត ឬគុំគួនខឹងនរណាម្នាក់។

សូមបញ្ជាក់ថា ខណៈដែលដំណើររឿងក្តី នៃបណ្តឹងរបស់តារាចម្រៀងស្រី វ៉ាន់ នីឡា បាននឹងកំពុងដំណើរការ ព្រមជាមួយការដង្ហើយស្វែងរកយុត្តិធម៌ ពីសំណាក់សាមីខ្លួនជនរងគ្រោះ និងលោក សុខ ជំនោ ត្រូវជាបងប្រុស រហូតលោកបានធ្វើការរិះគន់ លើចំណាត់ការរបស់ប្រព័ន្ធតុលាការថា កាត់ក្តីគ្មានភាពយុត្តិធម៌ ហើយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មេធាវីការពារក្តីឲ្យកញ្ញា វ៉ាន់ នីឡា ចំនួនពីររូប បានដាក់ពាក្យស្នើរសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីពីចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឆៃ វីវៈ ។ នេះបើតាមការឲ្យដឹងពីលោក សុខ ជំនោ ដែលបានសរសេរ នៅបណ្តាញសង្គម Facebook របស់លោក។

ដោយបង្ហាញភ្ជាប់មកជាមួយ នូវពាក្យស្នើសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីរបស់តារាស្រីកញ្ញា វ៉ាន់ នីឡា ពីសំណាក់មេធាវីការពារក្តីនាងចំនួនពីររូប គឺមេធាវី ជា សុខចាន់ និងមេធាវី នួន បូរ៉ា រួចមក លោក ឆៃ វីវៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សុខ ជំនោ បានលើកឡើងថា «មេធាវីជនរងគ្រោះ ដែលផ្តល់ដោយសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានរៀបចំលិខិតនេះ ដើម្បីដំណើរការ ទៅតាមនិតិវិធីប្រទេសមួយនេះ ដោយសារយើងមិនអាច ទទួលបាននូវឯកសារសម្រេចដោយចៅក្រមស៊ើបសួរ។ វាគ្រប់គ្រាន់សម្រាប់មហាជន ដែលជាអ្នកល្ងិតល្ងង់ យើងរង់ចាំមើលបន្តទៀត…»

ដោយឡែក បើយោងតាមពាក្យស្នើសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីរបស់តារាស្រី កញ្ញា វ៉ាន់ នីឡា ដែលធ្វើឡើងដោយមេធាវីការពារក្តី របស់នាងទាំងពីរ រូបខាងលើនេះក្នុងគោលបំណង គឺដើម្បីសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥៣៤ ចុះថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៦ របស់សាលាដំបូង រាជធានីភ្នំពេញចំនួន ៤ចំណុច គឺ៖ ១-ឯកសារថតចម្លង ដែលត្រូវបានជនត្រូវចោទ គុយ សិទ្ធិសក្តិ ដាក់ជូនមកកាន់ តុលាការ (ក្នុងករណីជនត្រូវចោទដាក់ជូនតុលាការ)។២-កំណត់ហេតុសួរចម្លើយ ជនត្រូវចោទ។

ចំណែកឯទី-៣ គឺដីការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន និងដីការសម្រេចដាក់ជនត្រូវចោទ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងទី៤-សេចក្តីសម្រេច របស់តុលាការ ឬឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត ដែលមាននៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥៣៤ ចុះថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៦របស់សាលាដំបូង រាជធានីភ្នំពេញ ក្រោយការបរិច្ឆេទថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៣ខែ ធ្នូ ឆ្នាំ២០១៦។

ចាប់អារម្មណ៍ងាកមកមើលអ្នកនិពន្ធល្បីឈ្មោះ លោក សុខ ជំនោ ត្រូវជាបងប្រុសបង្កើតកញ្ញា វ៉ាន់ នីឡា ឯណោះវិញ លោកក៏ធ្លាប់បញ្ចេញប្រតិកម្ម ជាមួយនឹងមន្រី្តតុលាការ ដែរថា ដំណើរការនិតិវិធីយឺតយ៉ាវ និងហាក់បីដូចជារងសម្ពាធពីនរណាម្នាក់ និងមិនបានខ្នះខ្នែងឲ្យអស់ពីចិត្ត ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌ឡើយ។

សូមជំរាបថា លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនត្រូវចោទឈ្មោះ គុយ សិទ្ធិសក្តិ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក គុយ ប៊ុនសន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឲ្យចូលបំភ្លឺនៅវេលាម៉ោង២៖៣០នាទី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែលោក គុយ សិទ្ធិសក្តិ មិនបានចូលខ្លួននោះទេ រហូតមកដល់ពេលនេះ។

ជនត្រូវចោទ គុយ សិទ្ធិសក្តិ ជាប់ចោទពីបទ «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vannila