CamNews

តារា 

សុខ សោម៉ាវត្តី បើករថយន្ត អេស្កាឡែត បុកម៉ូតូ​​ មួយគ្រឿងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ ពិធីការិនីក្រម៉ិចក្រម៉ើម ប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងជាតារាសម្តែង ដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវ ជាតិលេខ៤ ទល់មុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយនាងបានបើករថយន្ត ម៉ាកអេស្កាឡែត ទៅបុកម៉ូតូ មួយគ្រឿង កំពុងជិះស្របទិសគ្នា បណ្តាលឲ្យអ្នក ជិះម៉ូតូរបួសធ្ងន់ ស្រាល២នាក់ ក្នុងនោះមានម្នាក់បែកពពុះ មាត់សន្លប់ស្តូក ពេលដួលបោកក្បាល នឹងថ្នល់ជាតិ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពីធីការិនីប្រចាំទូរទស្សន៍ បាយ័ន សុខ សោម៉ាវត្តី ដែលត្រូវបានគេដឹងថា ជាកូនប្រសាររបស់លោក ទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ មានប្តីឈ្មោះ ទូច ដាណារ៉ា ហៅ ពេជ្រ នៅវេលាម៉ោងខាងលើ បានបើករថយន្ត ម៉ាកអេស្កាឡែតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2112 រួមដំណើរជាមួយប្អូនស្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច បានមកបុកម៉ូតូ ស្មាសវីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ ដោយមានសណ្តោង រ៉ឺម៉កពីក្រោយផង ។

ប្រភពបានបន្តទៀតថា មូលហេតុដែលបង្កឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ នេះឡើង គឺដោយសារតែ សុខ សោម៉ាវត្តី រវល់តែ និយាយទូរស័ព្ទ ពេលបើករថយន្ត ភ្លេចមើលផ្លូវ បណ្តាលឲ្យជ្រុលបុកម៉ូតូ ធ្វើឲ្យអ្នកជិះរងរបួសរលាត់ដៃ រលាត់ជើង និងមានអ្នកសន្លប់ ហើយក្រោយកើតហេតុ ភ្លាមៗ គេឃើញប្អូនស្រី របស់ សុខ សោម៉ាវត្តី បានចុះពីលើរថយន្ត យកលុយ១០ដុល្លារ ឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង និងយកលុយនោះ ទៅព្យាបាលរបួស ដោយរូបគេគិតថា របួសស្រាលគ្រាន់ តែរលាត់ដៃជើងបន្តិចប៉ុណ្ណោះ ។ ប៉ុន្តែជនរងគ្រោះ បានបដិសេធមិនបានយក លុយនោះទេ ដោយបានទូរស័ព្ទហៅពូ ឲ្យមកជួយដោះស្រាយ ។

យ៉ាងណាក្តី ងាកទៅពិធីការិនី សុខ សោម៉ាវត្តី វិញ បានទូរស័ព្ទហៅប្តីរបស់ខ្លួន គឺលោក ពេជ្រ ឲ្យមកជួយអន្តរាគមន៍ដែរ ដោយពេលនោះ លោក ពេជ្រ បានជិះឡានម៉ាក ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1249 មករំដោះ សុខ សោម៉ាវត្តី ចេញទៅបាត់ ចំណែកខ្លួននៅ ដោះស្រាយបន្ត ។ ប្រភពព័ត៌មានបានឲ្យដឹង ទៀតថា ក្រោយកើតហេតុភ្លាមៗ អ្នកជិះម៉ូតូម្នាក់ហាក់មានរបួសធ្ងន់ធ្ងរ ដោយបែកពពុះមាត់សន្លប់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះម្នាក់នោះ ធ្លាប់មានប្រវត្តិដួលប៉ះ ទង្គិចក្បាលសន្លប់ ម្តងរួមមកហើយ ។

យ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា ខាងភាគីរថយន្តបង្កហេតុ ត្រូវសងសំណង ឬដោះស្រាយយ៉ាងណានោះទេ ខណៈសមត្ថកិច្ច បានយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំការដោះ ស្រាយជាក្រោយ ។ LookingTODAY នៅមិនទាន់ស្វែងរកការបំភ្លឺ ណាមួយពី សុខ សោម៉ាវត្តី បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ៕


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh