CamNews

កីឡាជាតិ 

ប្រាក់រង្វាន់ ១២,០០០ដុល្លារ បានប្រគល់ ដល់ដៃកីឡាការិនី នី សំណាង

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ បានដឹកនាំប្រាក់ រង្វាន់រាជរដ្ឋាភិបាល ចំនួន ២៤លានរៀល (ប្រមាណ ៦ពាន់ដុល្លារ) ប្រគល់ជូនដល់ កីឡាការិនី នី សំណាង ដែលដណ្ដើម បានមេដាយសំរិទ្ធ ១គ្រឿងជូនកម្ពុជា ក្នុងការប្រកួតកីឡា ជើងឯកអាស៊ី ឆ្នេរខ្សាច់ (Asian Beach Games) លើកទី៤ កាលពីពេលថ្មីៗ កន្លងទៅ ប៉ុន្ដែក្នុងនោះ ក៏មានក្រុមហ៊ុន ដៃគូធំៗរបស់ NOCC ចំនួន២ បានប្រគល់ប្រាក់រង្វាន់ សរុបចំនួន ៦.០០០ដុល្លារផងដែរ ។

សូមរំឮកថា កីឡាការិនី នី សំណាង ដណ្ដើមបាន មេដាយសំរិទ្ធ ប្រវត្តិសាស្ដ្រ ១គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ Asian Beach Games លើកទី៤ កាលពីថ្ងៃ១៧ ខែវិច្ឆិកាកន្លងទៅ លើវិញ្ញាសា ប្រកួតកីឡាចំបាប់ ប្រភេទទម្ងន់ ៦០គីឡូក្រាម នៅតំបន់ភូកេត ប្រទេសថៃ ដោយមានប្រទេស ក្នុងទ្វីបអាស៊ីចំនួន ៤២មកចូលរួម ប្រកួតប្រជែង ។

ប៉ុន្ដែក្រោយដណ្ដើម បានមេដាយសំរិទ្ធ ខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចភ្លាមៗ ដោយសម្រេច ប្រគល់ប្រាក់ រង្វាន់ជូនកីឡាការិនី នី សំណាង ដូចទៅនឹងជ័យលាភី កីឡាអាស៊ីដែរ ពោលគឺអនុវត្តន៍ ទៅតាមអនុក្រឹត្យ ស្ដីពីប្រាក់រង្វាន់ ផ្ដល់ឲ្យអ្នកដណ្ដើម បានជ័យលាភី កីឡាអាស៊ីតែម្ដង គឺមេដាយមាស ៨០លានរៀល, ប្រាក់ ៤០លានរៀល និងមេដាយ សំរិទ្ធប្រាក់រង្វាន់ចំនួន ២៤លានរៀល ។

ដូច្នេះហើយទើប នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បាននាំយក ប្រាក់រង្វាន់រាជរដ្ឋាភិបាល ចំនួន២៤លានរៀល ប្រគល់ឲ្យកីឡាការិនី នី សំណាង ។ ប៉ុន្ដែអ្វីដែលរឹតតែពិសេសទៀតនោះ គឺក្រុមហ៊ុនស្រាបៀរអង្គរ និងសណ្ឋាគារណាហ្គាវើល ដែលជាដៃគូសហការ ឧបត្ថម្ភដ៏ធំរបស់ NOCC ក៏បានផ្ដល់ប្រាក់ រង្វាន់បន្ថែមដល់ កីឡាការិនី នី សំណាង ផងដែរ ក្នុងនោះ ក្រុមហ៊ុនស្រាបៀរអង្គរ បានឧបត្ថម្ភ ទឹកប្រាក់ចំនួន ៣.០០០ ដុល្លារ និងសណ្ឋាគារ ណាហ្គាវើល ផ្ដល់ឲ្យចំនួន ៣.០០០ដុល្លារដូចគ្នា ។

ថ្លែងក្នុងពិធីប្រគល់ ប្រាក់រង្វាន់នោះលោក ថោង ខុន បានមានប្រសាសន៍ថា មេដាយសំរិទ្ធ ដែលកីឡាការិនី នី សំណាង ដណ្ដើមបានគឺជា មេដាយប្រវត្តិសាស្ដ្រ របស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ ឬ Asian Beach Games នេះព្រោះ តាំងពីឆ្នាំ២០០៨ រហូតដល់ ឆ្នាំ២០១៤នេះ កម្ពុជាទើបដណ្ដើម បានមេដាយសំរិទ្ធ ១គ្រឿងប៉ុណ្ណោះ ។

លោកបន្ដថា “ដោយសារមើលឃើញ ពីសក្ដានុពល នៃវិស័យកីឡាកម្ពុជា ដែលកំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ នោះ ថ្នាក់ដឹកនាំកីឡាអាស៊ី បានស្នើឲ្យយើង ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ (Asian Beach Games) ប៉ុន្ដែនៅមិនទាន់ អឺអើនៅឡើយទេ យើងគ្រាន់តែ ងក់ក្បាលប៉ុណ្ណោះ ដោយសារយើងចង់ ពង្រីកសក្ដានុពលវិស័យកីឡា ប្រទេសជាតិ យើងឲ្យបានគ្រប់ ប្រភេទកីឡាសិន” ។

ទោះជាយ៉ាងណាលោក ថោង ខុន ក៏បានធ្វើការអំពាវនាវ ឲ្យយុវជនជំនាន់ ក្រោយបន្ដការខិតខំប្រឹងប្រែង ហ្វឹកហ្វាត់បន្ថែមទៀត ដើម្បីឈានទៅ ប្រកួតប្រជែងលើ ឆាកអន្ដរជាតិ និងថ្នាក់ពិភពលោក ជាពិសេសគឺ ការត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខតែម្ដង ៕


ផ្ដល់សិទ្ធិដោយ៖ lookingtoday


Tags: Sport News Cambodia Asian Game