CamNews

កីឡាជាតិ 

ច្រើនគួរសម!​ ប្រាក់រង្វាន់​សរុបពាន​ TMCC-2016​ មានជិត​ ២០ម៉ឺន​ដុល្លារ

(ភ្នំពេញ)៖ មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 (TMCC) រវាងក្រុមបឹងកេតអង្គររបស់កម្ពុជា និងក្រុម Lanexang United របស់ឡាវ ឈានចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូស្អែកនេះ តើអ្នកទាំងអស់​គ្នាមានដឹងទេថា ក្រុមនីមួយៗចូលរួមប្រកួតពានថ្នាក់តំបន់នេះទទួលបាន ប្រាក់រង្វាន់គ្រប់ក្រុម ដែលគិតជាសាច់ប្រាក់សរុបជិត ២០ម៉ឺនដុល្លារឯណោះ។

យោងតាមការកំណត់ប្រាក់រង្វាន់ របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ TOYOTA Mekong Club Championship បានបែងចែកយ៉ាងច្បាស់ថា ក្រុមជើងឯកលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៧៥,០០០ដុល្លារ, លេខ២ ទទួលបាន ៥០,០០០ដុល្លារ, លេខ៣ ទទួលបាន ៣០,០០០ដុល្លារ, លេខ៤ ទទួលបាន ១០,០០០ដុល្លារ និងលេខ៥ ទទួលបាន ៥,០០០ដុល្លារ។ រួមទាំងប្រាក់រង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ចំនួន ៣,០០០ដុល្លារ បើសរុបទាំងអស់មានចំនួន ១៧៣,០០០ដុល្លារអាមេរិកឯណោះ។

ដោយហេតុនេះ គេអាចដឹងថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមបឹងកេត ឬក្រុម Lanexang United សុទ្ធតែមានប្រាក់រង្វាន់ ៣០,០០០ដុល្លារ​ក្នុងដៃរួចទៅហើយ តែបើក្រុមណាទទួលបានជ័យជម្នះថ្ងៃស្អែក នឹងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារក្នុងដៃដោយស្វ័យប្រវត្តិ។ ចំណែកក្រុម​ទទួលបានប្រាក់រង្វាន់មុនគេ គឺមានក្រុមបាតតារាងវគ្គជម្រុះបឋម គឺក្រុម SHB Da Nang របស់វៀតណាមទទួលបាន ៥ពាន់ដុល្លារ និងក្រុមជើងឯកមីយ៉ាន់ម៉ា Yadanarbon ដែលឈរលេខ២ ក្នុងវគ្គជម្រុះទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: TMCC