CamNews

កីឡាជាតិ 

លោក ប្រាក់ សុវណ្ណារ៉ា មិន​នឹក​ស្មាន​ឡើង​វគ្គ ១/២​ផ្ដាច់​ព្រ័ត្រ​ពាន BTV Cup 2016

(ភ្នំពេញ)៖ គ្រូបង្គោលក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានសម្ដែងសេចក្ដីត្រេកអរក្រែលែង បន្ទាប់ពីកូនក្រុមខ្លួនបានយកឈ្នះក្រុមជម្រើសសាកលវិទ្យាល័យកូរ៉េខាងត្បូង Korea University Selection Team ដោយលទ្ធផល ២-១ ដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ BTV Cup 2016 ដែលកំពុងធ្វើឡើងនៅកីឡដ្ឋាន Binh Duong នៃប្រទេសវៀតណាម ។
ជាមួយភាពជោគជ័យនេះលោក ប្រាក់ សុវណ្ណារ៉ា ក៏មិននឹកស្មានទទួលបានលទ្ធផលបែបនេះដែរ។

លោកនិយាយថា «យើងពិតជាសប្បាយហួសពីការស្មាន ពីយើងបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ មានន័យថា យើងឈរលេខ១ ក្នុងពូល ដោយយោងតាមបទបញ្ជាប្រកួត បើសិនពិន្ទុស្មើគ្នា គឺគិតតាមរូបមន្ដ Hat To Hat តែ ២ក្រុមដែលយើងបានឈ្នះ ទោះបីឈ្នះក្រុមណាក៏ដោយ ក៏យើងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ»។

គួរបញ្ជាក់ថា កាលពីល្ងាចមិញនេះ ក្រុមបឹងកេតអង្គរ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុម Korea University Selection Team ដោយលទ្ធផល ២-១ ដែលធ្វើសម្រេចដោយកីឡាករ Dzarma Bata និង Oiboh Julius មុននឹងកីឡាករកូរ៉េខាងត្បូង Lee វាយបកបាន ១គ្រាប់នាចុងម៉ោង ។  នេះជាជ័យជម្នះលើកទី២ ក្នុងបេសកកម្មខាងលើរបស់ក្រុមបឹងកេត ខណៈប្រកួតទី១ ឈ្នះក្រុមម្ចាស់ផ្ទះ Becamex Binh Duong ដោយលទ្ធផល ២-០៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: BTV Cup 2016