ភ្នំពេញ៖ ចរឹកឫកពាររបស់មនុស្សម្នាក់ៗ មិនថាតារា ឬមនុស្សសាមញ្ញា នោះទេ សុទ្ធតែមានសារសំខាន់ណាស់ ក្នុងការប្រាស្រ័យទាក់ទងគ្នា និងធ្វើការជាមួយគ្នា តារាចម្រៀង និងតារាសម្ដែងមួយចំនួន សុទ្ធតែត្រូវបានគេរិះគន់ មិនសំចៃមាត់ក៏ព្រោះចរឹកឬកពារមិនថ្លៃថ្នូរ តំឡើងឫកពេលល្បីជាដើម ។
ថ្ងៃនេះអ្នកនិពន្ធដ៏ល្បីពីរ បានសរសើរចំៗ ចំពោះតារាចម្រៀងបួនដួងថា មានចរឹកល្អបំផុត ក្នុងរង្វង់សិល្បៈចម្រៀង ក្នុងនោះរួមមាន៖
ទី១. អ្នកនាង យក់ ឋិតរដ្ឋា ជាតារាចម្រៀងរៀមច្បង ក្នុងសិល្បៈ ក៏ជាមនុស្សមា្នក់ មានសន្ដានចិត្តល្អដែលសិល្បករ ជំនាន់ក្រោយស្គាល់នាង តែងតែណែនាំអ្វីដែលល្អៗ និង មិនមានកូនចិត្តកំណាញ់ ឬបន្តុះបង្អាប់ឡើយពិសេសអ្នកនាង ជាតារាចម្រៀងគំរូ ក្នុងដួងចិត្តនាង ពេជ្រ សោភា ។
ទី២. តារាចម្រៀងស្រីដ៏ស្រស់ស្អាត ឈិត សុវណ្ណបញ្ញា ជាក្មេងល្អក្នុងក្រសែភ្នែក សិល្បកររៀមច្បងព្រោះជាតារា ចម្រៀងស្រីម្នាក់ មិនអេចអូច និយាយដើមគេ នាំពាក្យនាំសម្ដី ដូចតារាចម្រៀងមួយចំនួនឡើយ ពិសេសពេល ជួបចាស់ទុំ នាងគោរពរឱនលំទោនណាស់ ដែលនាងមិនមែនសម្ដែងទេ ។ នាងធ្វើវាចេញពីបេះដូងដ៏ស្រស់ស្អាត របស់នាង ទោះជាតារាចម្រៀងមានបទចម្រៀងតិចជាងគេ តែមិនមែនដណ្ដើមបទចម្រៀង អ្នកណាច្រៀងឡើយ ។
ទី៣.លោក សុគន្ធ ថេរ៉ាយុ ប្រៀបដូចជា ក្មេងប្រុសម្នាក់ ដែលចរឹកសុភាពរាបសារ ចេះស្គាល់ខុសត្រូវ និង ឲ្យតម្លៃ លើមនុស្សទូទៅ មិនថាអ្នកតូចទាបប៉ុណ្ណា ក៏រ៉ាយុ គោរពេ និង គួរសម ជាមួយដែរពិសេសសម្ដីផ្អែមល្ហែមរបស់លោក ជាអ្វីដែលគេស្គាល់ថា ជា សុគន្ធ ថេរ៉ាយុ ។
ទី៤. កញ្ញា សាសា ជាតារាចម្រៀងស្រី ដែលមានសំឡេងខ្សោយបំផុត ជាតារាចម្រៀងស្ថិត ក្នុងក្រុមចរឹកល្អបំផុត ព្រោះនាងមានចរឹកថ្លៃថ្នូរ មិនចេះឈ្នានីសអ្នកណា សំខាន់ឲ្យតែនាងបានសុខ គឺគ្រប់គ្រាន់ ។ ទោះបីមានគេរិះគន់ នាងថា មុខដូចខ្ទើយ ដូចបិសាច កែច្រមុះ៧ទៅ៨ដងយ៉ាងណា ក៏នាងមិនតបតគេឡើយ ពោលនៅតែញញឹមដាក់ គេជានិច្ច។
ព័ត៌មាននេះគ្រាន់តែជាការស្រង់មតិ និងទម្លាយចេញពីអ្នកដែលធ្លាប់ធ្វើការ ជាមួយតារាល្បីៗទាំងនោះប៉ុណ្ណោះ ។ ប្រភពដដែលនិយាយទៀតថា តារាខ្លះ ល្អតែមុខកាមេរ៉ាប៉ុណ្ណោះ ហើយលាក់ចរឹក និងពុតត្បុតសាហាវ កាច់កុងគ្នា គ្មានត្រាប្រណី ប៉ុន្តែសម្រាប់តារាចម្រៀងទាំងបួនដួងនេះ មិនស្ថិតក្នុងក្រុមទាំងនោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល