CamNews

ព័ត៌មានជាតិ 

ពិព័រណ៍គ្រឿងអលង្ការអង្គរ ត្រូវ​បានដាក់បង្ហាញ

កាលពីម្សិលមិញសារមន្ទីរជាតិ បានដាក់​បង្ហាញគ្រឿងអលង្ការខ្មែរបុរាណពីសម័យអង្គរ ដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ពី​ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។

កាលពីម្សិលមិញ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស សម្រាប់ប្រគល់គ្រឿងអលង្ការមាស និងសហគមន៍អន្ដរជាតិដទៃទៀត ដែលបានសហការ គាំទ្រ និងយល់ដឹងពីសារៈសំខាន់នៃការវិលត្រឡប់នៃវត្ថុបុរាណ។

អ្នកស្រី សំអន បានមានប្រសាសន៍នៅពេលបើកការតាំងពិព័រណ៍នេះថា៖ «វត្ថុបុរាណនេះបង្ហាញពីអរិយធ៌មដ៏យូរអង្វែង​ របស់ប្រទេសកម្ពុជា ដែលជាអតីតចក្រភពនៅអាស៊ី»។

គ្រឿងអលង្ការមួយចំនួននៅអង្គរបុរាណ ដូចជាខ្សែក ក្រវិល មកុដិ ខ្សែក្រវ៉ាត់ និងខ្សែដៃ បានត្រលប់មកកម្ពុជាវិញនៅថ្ងៃទី ០២ ខែធ្នូ។


អ្នកស្រី សំអន ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីការពារវត្ថុបុរាណនៅសារមន្ទីរជាតិ ដើម្បីជួយប្រទានពរដល់ប្រទេសកម្ពុជា សម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា សម្រាប់ការតាំងពិព័រណ៍ពិសេសនេះ ក្រសួងក៏បានជ្រើសរើសគ្រឿងអលង្ការមាស និងប្រាក់ដែលសារមន្ទីរជាតិបានទទួលពីម្ចាស់ជំនួយនិងពីការជីក ដែលធ្លាប់ត្រូវបានរក្សាទុកក្នុងឃ្លាំងសន្ដិសុខ។


លោកជំទាវ បាននិយាយថា៖«យើងមានគ្រឿងអលង្ការមាសនិងប្រាក់បុរាណតិចតួច ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ដូច្នេះវត្ថុបុរាណទាំងឡាយ ដែលយើងបានទទួល និង​រកឃើញក្នុងការជីករុករក ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍នេះ ​ដើម្បីអប់រំប្រជាពលរដ្ឋ​ ក៏ដូចជាភ្ញៀវទេសចរបរទេស»។

លោក William Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលគ្រឿងអលង្ការមាសហើយដាក់បង្ហាញវា។


លោកបានមានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យទាំងអស់ រួមទាំងវប្បធម៌ផងដែរ»។
ពិព័រណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី ០៣ ខែកុម្ភៈ ៕



ប្រភព៖ Khmertimes 


Tags: Local news Social news