CamNews

តារា 

អៀ ម៉េងលិ ប្រឹងជំនះ រនាំងឪពុកចូលសិល្បៈ

ភ្នំពេញ៖ តារាសម្ដែងរូបស្អាតវ័យក្មេង អៀ ម៉េងលិ ហៅអាម៉ី បានបង្ហើបឲ្យដឹងបែបត្អូតត្អែរថា ទម្រាំតែ នាងជំនះឧបសគ្គ ចូលប្រឡូកសិល្បៈដូចសព្វថ្ងៃបាន មិនមែនជារឿងងាយស្រួលទេ ព្រោះថា ឪពុករបស់នាង បានបដិសេធយ៉ាងដាច់អហង្កា មិនឲ្យនាងយកខ្លួនមកប្រឡូកសិល្បៈទេ ព្រោះខ្លាចមានរឿងមិនល្អ ប៉ះពាល់ដល់កិត្តិយសនាង និងក្រុមគ្រួសារ។

តារាសម្តែងស្រី ទើបតែបោះជំហាន ចូលប្រឡូកសិល្បៈប្រមាណជិត២ឆ្នាំ កញ្ញា អៀ ម៉េងលិ បានប្រាប់ LookingTODAY កាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងពិធីក្រុងពាលីរឿង “មរតកបេះដូង” ថា សម្រាប់ការចូលប្រឡូកសិល្បៈ របស់នាង មិនងាយស្រួលទេ ព្រោះកាលពីដំបូងឡើយ ពេលនាងចង់ចូលប្រឡូក គឺឪពុកមិនអនុញ្ញាត ឲ្យនាងចូលទេ ដោយគាត់ (ឪពុក) គិតថាសិល្បៈមិនល្អខ្លាចកូន មានការជ្រុលជ្រោះ ខូចខាត កិត្តិយស ជួបប្រទះនូវរឿងអាស្រូវជាដើម ។ ម្យ៉ាងទៀត កន្លងមកអ្នកសិល្បៈតែងតែមានព័ត៌មានលេចឮថា បានយកអាជីពនេះធ្វើជាឈ្នានឈាន ទៅរកភាពល្បីល្បាញ រស់នៅលើទ្រនំខ្ពស់ ហ៊ឺហារ តាមផ្លូវកាត់ និងជាប់ជំពាក់ជាមួយបុរសអ្នកមាន ជាមួយប្ដីគេ ជាដើម ។

តារាស្រីដែលមានសម្រស់ក្មេងខ្ចី ក្នុងការងារសិល្បៈរូបនេះ បន្តទៀតថា " ម៉ាក់អត់អីទេ.! តែពិបាកគឺប៉ា សម្រាប់ខ្ញុំ នៅពេលនោះ តែទោះជាយ៉ាងណា ដើម្បីបំពេញក្តីស្រមៃ ឲ្យក្លាយជាការពិត ខ្ញុំក៏ខំប្រឹងពន្យល់ឪពុកថា ការកើតរឿង ល្អឬមិនល្អ មិនមែនមកពីសិល្បៈទេ គឺអាស្រ័យលើខ្លួនយើង បើសិនជាតាំងចិត្ត ថាមិនចង់ ទាក់ទងជាមួយអ្នកណា យើងបដិសេធទៅគ្មានបញ្ហាទេ ហើយក៏គ្មាន អ្នកណាអូសទាញ យើងបានដែរ ។ តែបើយើង OK ជាមួយគេ វាជារឿងផ្សេង ។ តែសម្រាប់ខ្ញុំតាំងចិត្តថា កុំនោះ ខ្ញុំជឿជាក់ថាវាគ្មាន អ្វីកើតឡើងទេ ។ ខ្ញុំក៏មិនមែនយកសិល្បៈ ជាឈ្នាន់ដើម្បីល្បីឈ្មោះអ្វីដែរ គឺពឹងផ្អែកលើសមត្ថភាពរបស់ខ្ញុំ " ។

បើទោះជាតារាស្រី កញ្ញា ម៉េងលិ ខំប្រឹងជំនះចិត្តឪពុក ចូលប្រឡូកសិល្បៈ បានសម្រេច រយៈពេលប្រមាណ២ឆ្នាំហើយក៏ដោយតែសម្រាប់សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង ហាក់មិនទាន់មានភាពលេចធ្លោខ្លាំងក្លា នៅឡើយទេ ពោលចាប់តាំងពីនាង ចូលប្រឡូកសិល្បៈ រហូតមក ដល់ពេលនេះ នាងបានទទួលថតរឿង ២ឲ្យខាងផលិតកម្ម ខ្មែរមេគង្គ និងផលិតកម្មរ៉ក់ ហើយថ្មីៗនេះ នាងទើបតែទទួលថតរឿងមួយទៀត មានចំណងជើងថា “មរតកបេះដូង” ដោយនាង ត្រូវដើរតួជាប្អូនស្រី របស់តួឯកប្រុស ។

តារាស្រីកូនកាត់ចិនរូបនេះ បានប្រាប់ឲ្យដឹង នាងនៅតែមានក្តីសង្ឃឹម និងរំពឹងទុកជានិច្ចថា ថ្ងៃណាមួយ នាងអាចសាង កេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈឲ្យល្បី ដូចក្តីស្រមៃរបស់នាង នាពេលកន្លងមក ព្រោះកំពុងតែមានឱកាសការងារសិល្បៈជាបន្តបន្ទាប់។ កញ្ញា អៀ ម៉េងលិ មានឈាមជ័រជាអ្នកសិល្បៈ ដោយនាងជាសិស្សកំពុង សិក្សាផ្នែករបាំបុរាណ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងមានបងប្អូនជាអ្នសិល្បៈ ។ ក្រៅពីការងារសិល្បៈ អៀ ម៉េងលិ ក៏មានជំនាញមួយផ្សេងទៀត គឺជាក្រឡាបញ្ជី ធ្វើការនៅក្នុងស្ថាប័នតុលាការផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh