CamNews

តារា 

ទម្លាយអាថ៌កំបាំង នាំឲ្យអ្នកឧកញ៉ា គិត ម៉េង និងស្រីតូច​ ចំណាន ឈានចូលដល់​ អាពាហ៍ពិពាហ៍

ភ្នំពេញ៖ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន ដ៏មហាអធិកអធមជាទីបំផុត នារាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុងកោះពេជ្រ ដោយមានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំប្រទេសកំពូលៗនោះ ត្រូវបានលោក ហ៊ុយ វណ្ណៈ ជាមនុស្សជំនិត របស់អ្នកឧកញ៉ា គិត ម៉េង និងជានាយកគ្រប់គ្រងព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC ដ៏ល្បីនៅកម្ពុជា បានទម្លាយ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ក្រោយពីបញ្ចប់កម្មវិធីមង្គលការរបស់អ្នកឧកញ៉ា គិត ម៉េង និងរៀបប្រាប់យ៉ាងដូច្នេះថា៖

ប្រវត្តិដើមហេតុនៃការឈានចូល រៀបចំពិធីមង្គលការរបស់អ្នកឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន គឺផ្តើមចេញពីលើកឡើងកូនស្រីទី២ របស់អ្នកឧកញ៉ា គិត ម៉េង មានឈ្មោះ គិត ស៊ូរៀ អាយុ ៨ឆ្នាំ បានសួរទៅម្តាយរបស់នាង (ស្រីតូច ចំណាន) ថា «ម៉ាក់ៗ ឃើញតែទៅញុំាការគេ ទើបពេលណាបានម៉ាក់រៀបការ» ។

លុះនៅថ្ងៃមួយ ក្នុងដំណើរទស្សនកិច្ចជាលក្ខណៈឯកជន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រួមនឹងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅប្រទេសសិង្ហបុរី ក្នុងអំឡុងខែ១១ ឆ្នាំ២០១៣ ដោយនៅពេលនោះ កូនស្រីទី២ អាយុ ៨ឆ្នាំ (គិត ស៊ូរៀ ) បានលើកជាសំណួរទៅកាន់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងនាមជាចៅ នៅក្នុងឱកាសទទួលទានអាហារជួបជុំគ្នា
ដោយបានលើកឡើងយ៉ាងដូច្នេះថា «តា តា ខ្ញុំចង់ឃើញម៉ាក់រៀបការដូចគេ សូមតាជួយផង!»

ដោយខណៈពេលនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា «តើ! ចង់ឲ្យតាធ្វើដូចម្តេច» នៅពេលនោះកូនស្រីទី២ របស់អ្នកឧកញ៉ា គិត ម៉េង បានឆ្លើយតបទៅកាន់សម្តេចតេជោ វិញថា «សូមឲ្យតាចេញបញ្ជាទៅ ទើបបាន!» ។ ហើយគំនិតរបស់កូនស្រី ស៊ូរៀ ចង់ឃើញឪពុកម្តាយរៀបការនោះ ត្រូវបានសម្តេចទាំងពីរជំរុញ និងជួយជ្រោមជ្រែងទៅអ្នកឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន ឲ្យឈានជើងចូលរោងការតែម្តង។

លោក ហ៊ុយ វណ្ណៈ បានបន្តរៀបរាប់ថា ថ្ងៃកំណត់អាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានជ្រើសរើស យ៉ាងសម្រិតសម្រាំង ដោយកំណត់យកថ្ងៃមួយក្នុងខែមីនា ដែលជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃការផ្តាច់បារី ដើម្បីសុខភាពរបស់សម្តេចតេជា ហ៊ុន សែន នោះគឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះឯង។

មនុស្សជំនិតអ្នកឧកញ៉ា គិត ម៉េង រូបនោះបានបញ្ជាក់ថា នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមីនានេះ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំជប់លៀងមួយជូន បុគ្គលិក និងអ្នកជួយរៀបចំកិច្ចការក្នុងពិធីមង្គលការ ដែលបាននឿយហត់រយៈពេលប៉ុន្មានថ្ងៃមកនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh