CamNews

ព័ត៌មានជាតិ 

កក្រើក! ក្រសួងចាប់ផ្តើមពង្រឹងច្បាប់ចរាចរណ៍ក្នុងឆ្នាំ ២០១៨

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ កាលពីម្សិលមិញក្នុងសាលចតុមុខថា ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានការរិះគន់ជាខ្លាំងពីសាធារណជនជាពិសេសនៅផ្លូវជាតិលេខ ៨ ជុំវិញបញ្ហាជួសជុលផ្លូវ និងច្បាប់ចរាចរណ៍។ ជាក់ស្តែង ផ្លូវជាតិនេះគឺទើបតែជួសជុល ប៉ុន្តែនៅតែមានការខូចខាតដដែល។ ដូចនេះ សូមឲ្យការជួសជុលមានគុណភាពរឹងម៉ាំប្រើប្រាស់បានយូរអង្វែង គោរពតាមស្តង់ដាបច្ចេកទេស ដើម្បីផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋ។

តាមរយៈរបាយការណ៍ប្រចាំឆ្នាំ ២០១៧ បានបង្ហាញថា ក្រសួងបានចំណាយថវិការលើសពី ២០០លានដុល្លារ សម្រាប់ជួសជុលផ្លូវប្រវែងជិត ១០,០០០គីឡូម៉ែត្រ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញការងារនេះឲ្យកាន់តែលឿនជាងមុន រីឯទិសដៅផែនការសកម្មភាពឆ្នាំ ២០១៨នេះ គឺថែរក្សា និងជួសជុសផ្លូវគ្រប់ខ្សែរទាំងអស់ដើម្បីធានាគុណភាពជាមួយនឹងសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។


សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានចំនួនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតខឃើញថា មានអ្នកបើកបរម៉ូតូជាច្រើននៅតែជិះបញ្ជាស់ទិសចរាចរណ៍ និងគ្មានមួកសុវត្ថិភាព ហើយពួកគាត់ក៏ពុំសូវយល់អំពីច្បាប់ចរាចរណ៍ផងដែរ។ នេះដោយសារតែការរឹតបណ្តឹងច្បាប់ គឺនៅមានកម្រិតនូវឡើយ។ ដូចនេះ យើងត្រូវតែព្យាយាមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ ២០១៨។

តាមរយៈរបាយការណ៍របស់ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ ២០១៧ បានបង្ហាញថា មានមនុស្សចំនួន ១,៧៨០នាក់បានស្លាប់ និង ៥,៥៣៩នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ៕


ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news