នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងរយៈពេល ៣ឆ្នាំរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)នាសណ្ឋាគារកាំបូឌីយ៉ាណា។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា យើងសង្ឃឹមយ៉ាងមុតមាំថា ការបញ្ជាទិញពីសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងជាលំដាប់ ទាំងផលិតផលវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាទំនិញសម្ភារៈធ្វើដំណើរ។
តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា ព្រមទាំងការអនុគ្រោះនានា។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ចំនួនរោងចក្រនៅកម្ពុជាបានកើនឡើងជាង ៥០ បន្ថែមទៀតនៅក្នុងដើមឆ្នាំ ២០១៨កន្លងទៅនេះ។
អ្នកនាង Shawna Bader-Blau នាយកប្រតិបត្តិ ACILS បាននិយាយថា កិច្ចសហប្រតិបត្តិការនេះគឺដើម្បីធានាដល់កម្មករទាំងអស់ធ្វើការប្រកបដោយសុវត្ថិភាពនិងទទួលបានប្រាក់ខែសមរម្យ ៕
ប្រែសម្រួល៖ ច័ន្ទ
ប្រភព៖ KhmerTimes