CamNews

តារា 

Kate Winslet ជួយម្តាយមហាសេដ្ឋីអង់គ្លេស អោយរួចផុតពីអគ្គីភ័យ

តារាស្រីក្នុងភាពយន្តដ៏ល្បី Titanic និងមនុស្ស ២០នាក់ផ្សេងទៀតបានរួចផុតពីគ្រោះថ្នាក់
ដែលបង្កឡើងដោយអគ្គីភ័យមួយនៅលើកោះ Necker ក្នុងតំបន់ Caribbean ។ មិនត្រឹមតែ
ប៉ុណ្ណោះKate Winslet ក៏បានជួយសង្រ្គោះម្តាយអាយុ ៩០ឆ្នាំ របស់មហាសេដ្ឋីល្បីឈ្មោះគឺ
លោក Richard Branson អោយរួចផុតពីគ្រោះថ្នាក់នោះផងដែរ ។

កាលពីថ្ងៃម្សិលម៉ិញ(២២ សីហា) មានខ្យល់ព្យុះត្រូពិចមួយបានបោកបក់ទៅលើកោះ Necker
ក្នុងតំបន់ Caribbean និងបានបង្កអោយវិមានដ៏ស្តុកស្តម្ភ The Great House របស់មហាសេដ្ឋី
អង់គ្លេស លោក Richard Branson ឆេះសន្ធោរសន្ធៅឡើង ។ Kate Winslet និងមិត្តប្រុស រួម
ទាំងកូនៗ និងមនុស្សប្រមាណជា ២០នាក់ផ្សេងទៀត ហើយក្នុងនោះក៏មានវត្តមានរបស់កូន
ស្រី និងម្តាយអាយុ ៩០ឆ្នាំ របស់លោក Branson ផងដែរកំពុងតែកំសាន្តនៅទីនោះ ។

នៅពេលដែលអគ្គីភ័យបានកើតឡើងមនុស្សម្នារទាំងឡាយបានរត់ចាកចេញ ចំណែក Kate
Winslet បានការពារនិងនាំស្ត្រីជាម្តាយឈ្មោះ Eve របស់មហាសេដ្ឋីលោក Richard Branson
អោយរួចផុតពីគ្រោះថ្នាក់ដ៏សហាវមួយនេះប្រកបដោយសុវត្ថិភាព ។

នាយកក្រុមហ៊ុន Virgin បាននិយាយរៀបរាប់ឡើងវិញនៅលើ iTV ថា " Kate Winslet បាន
កាន់ដៃម្តាយរបស់ខ្ញុំយ៉ាងជាប់និងបាននាំគាត់ចេញពីគ្រោះអគ្គីភ័យយ៉ាងរហ័ស និងប្រកប
ដោយសុវត្ថិភាព ។ Kate Winslet បានអោយដឹងថាស្ថានការណ៍ពេលនោះគឺប្រៀបដូចជា
នៅក្នុងភាពយន្តយ៉ាងដូច្នោះ "។

មហាសេដ្ឋីវ័យ ៦០ឆ្នាំលោក Richard Branson ពេលនោះកំពុងតែនៅក្នុងគេហដ្ឋានមួយ
ផ្សេងជាមួយប្រពន្ធ និងកូនប្រុសរបស់លោកដែលស្ថិតនៅលើកោះនោះដូចគ្នា ។ លោក
បានអោយដឹងថាខ្យល់ព្យុះនោះបានបក់បោកមកលើកោះនៅវេលាម៉ោងប្រមាណជា ៤
ព្រឹកក្នុងកំរិតល្បឿន ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ពេលនោះស្រាប់តែមានរន្ទះបាញ់ និង
បង្កអោយមានជាអគ្គីភ័យឆេះឡើងតែម្តង ។គេហដ្ឋានធំដែលទីស្នាក់ការរបស់លោកនៅ
ក្នុងនោះត្រូវបានទទួលរងការខូចខាតទាំងស្រុង ។

លោក Richard Branson គឺជាអ្នកបង្កើតក្រុមហ៊ុន Virgin និងត្រូវបានគេចាត់ទុកថាជាមហា
សេដ្ឋីដ៏ល្បីម្នាក់នៅក្នុងប្រទេស អង់គ្លេស ។ លោកបានទិញកោះ Necker នៅដើមទសវត្ស
ឆ្នាំ​ ១៩៨០ ។ កោះនេះជាផ្នែកមួយនៃប្រជុំកោះ British Virgin Islands ។ ចំណែកឯវិមាន
ដ៏ស្តុកស្តម្ភ The Great House មានទីតាំងស្ថិតនៅកណ្តាលនៃកោះ ។

កោះ Necker ត្រូវបានលោក Richard យកមកធ្វើពាណិជ្ជកម្មជាមួយតំលៃឈ្នួលឯកជន
៥២,៣០០ ដុល្លាអាមេរិចក្នុងមួយយប់ ដែលកាលពីខែមុននេះមានគូស្នេហ៍ជាតារាមួយគូ
គឺ Nick Lachey និង Vanessa Minnillo ក៏បានមកទីកន្លែងនេះដើម្បីប្រារព្ធធ្វើពិធីអាពាហ៍
ពិពាហ៍ផងដែរ ៕
(ពី Vnexpress)
យ៉ាវីន

Tags: