CamNews

ព័ត៌មានជាតិ 

ការពិតអ្នកដែលឆក់ក្មេងប្រុសអាយុ២ឆ្នាំ ជនជាតិខ្មែរ ធ្វើឲ្យផ្អើលពេញ Facebook គឺជាខ្ទើយជនជាតិរៀតណាម!

(មណ្ឌលគិរី)៖ ទង្វើរបស់មនុស្សភេទទី៣ (ប្រុសធ្វើស្រី) ជាជនជាតិវៀតណាម ដែលបានយកឧបករណ៍ទៅឆក់ក្មេងប្រុសកូនរបស់ពលរដ្ឋខ្មែរ អាយុទើបតែ២ឆ្នាំ បណ្តាលឲ្យផ្ទុះការរិះគន់ និងក្តៅក្រហាយពេញបណ្តាញ Facebook នោះ ឥឡូវនេះត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី និងនគរបាលខេត្តកំពង់ចាម បើកប្រតិបត្តិការស្រាវជ្រាវយ៉ាងបន្ទាន់ រហូតតាមចាប់ខ្លួនជនសង្ស័យ៣នាក់ និងកំពុងតែតាមចាប់ជនដៃដល់ ដោយសារតែរូបគេ កំពុងគេចខ្លួនទៅវៀតណាមបាត់។

តាមពិតហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដៃដល់រូបនេះផង។

ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរយ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ។

ស្នងការរងនគរបាលខេត្តមណ្ឌលគិរី លោក សូរ សុវណ្ណ បានបញ្ជាក់ថា អ្នកជាប់ពាក់ព័ន្ធចំនួន៣នាក់ ក្នុងករណីធ្វើទារុណ្ឌកម្ម យកឧបករណ៍ឆក់ ទៅឆក់ក្មេងប្រុសរងគ្រោះ នាពេលកន្លងមកនេះ ត្រូវបានកម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ និងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីអង្គការ CPU បានឃាត់ខ្លួន នៅខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។

លោកស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ជនដែលត្រូវឃាត់ទាំង៣នាក់ កំពុងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីសួរនាំបន្តទៀត។

លោក សូរ សុវណ្ណ បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះដោយសារការធ្វើទារុណកម្មខាងលើនេះមានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។ ដោយឡែកជនដៃដល់ជាជនជាតិវៀតណាមភេទទី៣ (ខ្ទើយ)ឈ្មោះ Doung tanh ត្រូវជាសង្សាម្ចាស់ចំការកាកាវជនជាតិហូឡង់។

ស្នងការរងខេត្តមណ្ឌលគិរីរូបនេះ បានបន្តថា «តាមពិតរឿងនេះ វាបានកើតឡើងយូរមកហើយ ប៉ុន្តែក្រុមអ្នកប្រព្រឹត្ត ក្នុងករណីនេះធ្វើការបិតបាំងរឿង។ នៅពេលបែកធ្លាយសមត្ថកិច្ចរបស់យើង បានចាប់ផ្តើមធ្វើការស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនបានមនុស្សចំនួន៣នាក់ នៅខេត្តកំពង់ចាម ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់ និងជនជាតិ ហូឡង់ម្នាក់ កំពុងធ្វើការបញ្ជូនពួកគេ មកពីខេត្តកំពង់ចាមហើយ»

លោក សូរ សុវណ្ណ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាជនជាតិវៀតណាមនោះ កំពុងរត់គេចខ្លួន ទៅវៀតណាមហើយ ប៉ុន្តែកម្លាំងនគរបាលរបស់លោកយើងកំពុងតាមចាប់។ សម្រាប់មនុស្សទាំង៣នាក់នេះ ពួកគេអាចដឹងរឿងរ៉ាវច្រើនទៀត ពីទង្វើរបស់ជនសង្ស័យ ដែលបានធ្វើបាបក្មេងរងគ្រោះ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh