CamNews

ភាពយន្ត 

រឿង «ខ្មោចប្រពន្ធ​ស្ដេច​ល្បែង» ត្រៀម​ចេញ​ថត ដល់​ក្រុង​ហុង​កុង

ភ្នំពេញ៖ បច្ចុប្បន្ននេះឧស្សាហកម្មភាពយន្តខ្មែរ កំពុងតែមានសន្ទុះរីកចម្រើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា ផលិតកម្មនានា កំពុងតែសម្រុកថតភាពយន្ត ដាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានា និងបញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ហើយក៏ក្នុងន័យ ដើម្បីកាត់បន្ថយភាពយន្តបរទេស ដែលបាននឹងកំពុងហូរចូលវាយ លុកទីផ្សារភាពយន្តខ្មែរដែរ ។

ជាក់ស្ដែងខ្សែភាពយន្តថ្មីមួយទៀត មានចំណងជើងថា «ខ្មោចប្រពន្ធស្ដេចល្បែង» ដែលជាវណ្ណកម្មថ្មី របស់ផលិតកម្ម «ស្ទឹងសែន» បន្ទាប់ពីធ្វើពិធីក្រុងពាលីរួចរាល់ ត្រូវបានផលិតករក្នុងរឿងនេះអះអាងថា នឹងត្រៀមចេញទៅថត ផ្ដិតយករូបភាពដល់ទីក្រុងស៊ីវិល័យ ហុងកុង ដើម្បីឲ្យផ្ទៃរឿងកាន់តែប្លែកពីគេ ។

រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» បានធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅតំបន់លោកយាយម៉ៅ ភ្នំពេជ្រនិល ដែលជាទីតាំងថតមួយ ដ៏សំខាន់ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួម ពីសំណាក់តារាសម្ដែង ផលិតករ និងក្រុមការងារជាច្រើន នាក់ ខណៈរឿងនេះមានលោក ប៉ែន ចំរ៉ុង ជាតួឯកប្រុស និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯកស្រី ។

លោក យិន សុខហេង ផលិតករ និងជាអ្នកដឹកនាំសម្ដែង បានថ្លែងឲ្យដឹងថា រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» ត្រូវចំណាយពេលវេលា ថតប្រមាណជា២ខែ ដោយត្រូវចេញថតទៅក្រៅប្រទេស ពោលគឺនៅក្នុងក្រុងហុងកុង ទឹកដីដ៏ស៊ីវិល័យ និងរីកចម្រើនទាំងសេដ្ឋកិច្ច និងវប្បធម៌ ព្រោះសាច់រឿងតម្រូវឲ្យផ្ដិតយក រូបភាពនៅទីនោះ ដើម្បីឲ្យត្រូវនឹងចំណងជើងថា «ស្ដេចល្បែង» ។

លោកបន្តថា ផ្ទៃរឿងទាំងមូល មិនមែនផ្ដោតសំខាន់ តែលើស្ដេចល្បែងនោះទេ ពោលក្នុងរឿងនេះ គឺមានគ្រប់រសជាតិ មានកំប្លែង ខ្មោចព្រាយ ភ័យរន្ធត់ ការអប់រំឲ្យមនុស្សចេះកែខ្លួន និងឈុតឆាកបាញ់ប្រហារគ្នា ក្នុងជម្លោះជាដើម ។ ជាពិសេស អ្វីដែលលោកត្រូវគិតជាចម្បងនោះ គឺគុណភាពនៃសាច់រឿង ដោយលោកបានសម្រិតសម្រាំង ទាំងតួសម្ដែង ទីតាំងថត បច្ចេកទេសថត និងសម្ភារៈផ្សេងៗ ដើម្បីឲ្យភាពយន្តមួយនេះ មានលក្ខណៈស្ដង់ដារ អាចប្រកួតប្រជែងជាមួយភាពយន្ត ក្នុងស្រុក និងក្រៅស្រុកបាន ។

ផលិតករវ័យក្មេងរូបនេះ បានបន្ថែមទៀតថា មូលហេតុដែលលោក ជ្រើសរើយយកលោក ប៉ែន ចំរ៉ុង និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯក ដោយសារតែលោកមើលឃើញថា អ្នកទាំងពីរមានទេពកោសល្យ សម្ដែងល្អស្រាប់ មានការគាំទ្រពីមហាជនគ្រប់ស្រទាប់ វណ្ណៈច្រើនដូចគ្នា ដោយបន្ថែមជាមួយនឹង តួសម្ដែងល្បីៗជាច្រើនរូបទៀត គឺនឹងធ្វើឲ្យផ្ទៃរឿងទាំងមួល កាន់តែពិសេសទ្វេដង ។

តាមការអះអាង របស់ផលិតករខាងលើ រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» នឹងត្រូវចាក់បញ្ចាំង នៅក្នុងខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ តាមបណ្ដារឿងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh