ព័ត៌មានអន្តរជាតិ ៖ ម៉ូដែលស្រី មកពីប្រទេស កូឡុំប៊ីម្នាក់ ដែល កំពុង តែប្រឈមមុខនឹងការកាត់ ទោសប្រហារជីវិតនៅក្នុងប្រទេសចិន ពីបទរត់ពន្ធគ្រឿងញៀន ខុស ច្បាប់នោះ កំពុងតែព្យាយាម ដង្ហោយរកប្រាក់មូលនិធិ គោលបំណង យកទៅជួលមេធាវី ការពារក្តីអោយខ្លួន ។
ស្ថិតនៅក្នុងវ័យ ២២ ឆ្នាំ នាង Juliana Lopez គឺជាតារាម៉ូដែល និងជា បេក្ខភាព ប្រលងប្រជែងកម្ម វិធីសម្រស់ត្រូវបានចាប់ឃាត់ខ្លួនបន្ទាប់ពីរូបនាងប៉ុនប៉ងរត់ពន្ធគ្រឿងញៀនខុសច្បាប់ psychedelic នៅឯអាកាសយានដ្ឋានអន្តរជាតិ Guangzhou ប្រទេសចិន អំឡុងថ្ងៃទី ១៨ កក្កដា កន្លងទៅ ។
របាយការណ៍ CRI អោយដឹងថា នាង Lopez បានធ្វើដំណើរទៅកាន់ប្រទេស ចិន អំឡុង ២ សប្តាហ៍ កន្លងទៅនេះ ដើម្បីទទួលទិញ សម្លៀកបំពាក់ ក៏ដូចជា គ្រឿងលម្អស្រីៗមួយចំនួនផ្សេងទៀតអោយ ហាងផ្ទាល់ខ្លួនរបស់នាង ដែលកំពុងតែបើកដំណើរការ នៅក្នុងប្រទេស កូឡុំប៊ី ។ ក្រុមគ្រួសាររបស់ នាងខណៈបាត់ដំណឹងនាងសូន្យឈឹង មិនអាចទាក់ទងបាន ពួកគេ ក៏ បាន ធ្វើការទាក់ទងដោយ ផ្ទាល់ ស្ថានទូតកូឡុំប៊ី ប្រចាំទីក្រុង ប៉េកាំងប្រទេសចិន មុននឹងបានដឹងថា តាមពិតទៅនាងត្រូវបាន ចាប់ឃាត់ខ្លួន ពីបទរត់ពន្ធគ្រឿងញៀន ។
សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្រោយពីដកស្រង់ សេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក កូឡុំប៊ី បានចុះផ្សាយអោយដឹងថា នាង Lopez ក៏ជាពិធិការិនីមួយរូប ដូចគ្នាដែរ អោយទូរទស្សន៍ក្នុងស្រុក មួយស្ថានីយ៍ ខណៈនាងក៏ជាសមាជិកក្លឹបបាល់ទាត់ជាតិផងដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា