ភ្នំពេញ៖ តារាស្រីមានឈ្មោះល្បីគួរសម ក្នុងពិភពសិល្បៈ ដោយសារតែការបញ្ចេញភាពសិចស៊ី ឲ្យដើមទ្រូង ទ្រលុកទ្រឡន់ កញ្ញា សេង សូណា បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានចេញមុខ ប្រកាសក្តែងៗថា ខ្លួនកំពុងតែពពោះកូន៤ខែក្នុងផ្ទៃ ដោយមិនមានប្តី ដូចគេនោះទេ ពោលគឺនាង បានចាយលុយខ្ទង់ម៉ឺនដុល្លារ ទៅបញ្ចូលមេជីវិតឈ្មោល ពីប្រទេសថៃ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ តារាស្រីដែលនិយមស្លៀកពាក់ ខើចលើខើចក្រោម បញ្ចេញសាច់ដើមទ្រូង កញ្ញា សេង សូណា បានប្រាប់បែបលាក់លៀមថា នាងពិតជា បានទៅបញ្ចូលមេជីវិត ដើម្បីឲ្យមានកូន ដូចពាក្យចចាមអារ៉ាមលើកឡើងមែន ដោយពេលនេះ នាងពពោះបាន៤ខែហើយ នៅសល់ពេលមិនយូរទៀតទេ នាងនឹងបានឃើញមុខកូនហើយ។
តារាស្រីវ័យ ២៦ឆ្នាំរូបនេះ បានប្រាប់បែបចុងមាត់ចុងក ថា «មូលហេតុដែលខ្ញុំទៅ ចាក់បញ្ចូលមេ ជីវិតដើម្បីឲ្យមានកូននេះ ដោយសារតែចង់ធ្វើ តាមសំណូមពរ អតីតគូស្នេហ៍ដែលជាភេទទី៣ ព្រោះគាត់ (អតីតគូស្នេហ៍) ចង់បានកូនតែមិនចង់មានប្រពន្ធ ឬរៀបការឲ្យមានចំណងទេ ដូច្នេះហើយ ខ្ញុំក៏សម្រេចចិត្តពពោះ ឲ្យគាត់តែម្តងទៅ ហើយក្រោយពីសម្រាលកូន ហើយរឹងដៃរឹងជើង កូនធំបន្តិច ខ្ញុំនឹងប្រគល់ឲ្យទៅអតីតគូស្នេហ៍ ។ ចំណែកពាក់ព័ន្ធនឹងការចំណាយគ្រប់យ៉ាង ទៅលើការចាក់បញ្ចូលមេជីវិត នៅប្រទេសថៃនោះ ខ្ញុំមិនបានដឹងថា ចាយអស់ប៉ុន្មានទេ ដោយសារតែភាគីខាងអតីត គូស្នេហ៍ ជាអ្នកចំណាយ…»។
តារាសាច់សខ្ចី ចង់ដណ្ដើមតំណែងសិចស៊ីប្រចាំឆ្នាំ សេង សូណា បានប្រាប់ឲ្យដឹងទៀតថា នាងទទួលស្គាល់ថា សម្រាប់នារីគ្រប់រូប នៅពេលមានកូន តែងតែចំណាយពេល សម្រាប់មើលថែកូនហើយ មិនមានពេលប្រឡូកសិល្បៈ ដិតដល់ដូចពេលមុនទេ។ ក្រោយពីមានកូនរួច នាងអាចនឹងផ្អាកសិល្បៈ ដោយងាកទៅសម្ងំបង្កើតគ្រួសារ ជាមួយអនាគតស្វាមី ដែលមិនមែន ជាឪពុកកូននាងយ៉ាង សុភមង្គលវិញ ។
នៅពេលសួរដល់រឿងរៀបការ ដែលនាងអះអាងថា នឹងដឹកដៃគូស្នេហ៍ថ្មី ចូលរោងការក្រោយពពោះ៩ខែ១០ថ្ងៃនោះ ត្រូវបានម្ចាស់សាម៉ីខ្លួនអះអាងថា «ខ្ញុំមិនខ្វល់ទៅលើរឿងនេះទេបង សម្រាប់បុរសដែលខ្ញុំជ្រើសរើសរៀបការសាងគ្រួសារ ជាមួយគឺខ្ញុំ និងប្រាប់គាត់គ្រប់យ៉ាង ពីអតីតកាល ហើយជាក់ស្តែងរឿងចាក់បញ្ចូលមេជីវិតនេះ អីច៊ឹង ខ្ញុំបានប្រាប់គាត់ហើយ តែបើសិនជាខ្ញុំ សម្រាលកូនហើយ គាត់បែរជាថា មិនអាចទទួលយកខ្ញុំបាន ក៏តាមហ្នឹង ខ្ញុំមិនថាអ្វីឡើយ តែខ្ញុំសុំបញ្ជាក់ ឲ្យច្បាស់ថា ចំណងស្នេហ៍ ជាមួយអតីតគូស្នេហ៍នោះ បើទោះជាមានកូន ជាមួយគ្នាក៏ដោយ តែបច្ចុប្បន្នពួកខ្ញុំ រាប់អានគ្នា ត្រឹមតែជាមិត្តភក្តិ រាប់អានគ្នា ធម្មតាគ្មានអ្វីលើសនេះទេ…» ។
ទោះបីជាយ៉ាងណា បើតាមការអះអាងរបស់តារាសម្ដែង សេង សូណា ហាក់បីដូចជាបង្កប់នូវភាពអាថ៌កំបាំងច្រើនក្នុងរឿងមានផ្ទៃពោះ ដោយការចាក់បញ្ចូលមេជីវិតឈ្មោះ ពីប្រទេសថៃនេះ ។ សេង សូណា កន្លងមកតែងតែលេចឮល្ហិចល្ហៀងថា នាងមានចំណងស្នេហ៍ ជាមួយអ្នកនេះ ជាមួយអ្នកនោះ មិនសូវដាច់នោះទេ ក្នុងមានទាំងអ្នកសម្បូរទ្រព្យ និងអ្នកមិនសូវសម្បូរទ្រព្យ រហូតដល់ពេលខ្លះលេចឮថា គូស្នេហ៍រារាំងនាងមិនចូលប្រឡូកក្នុងសិល្បៈទៀតផង។ ប៉ុន្តែក្រោយពីស្ងាត់សកម្មភាពសិល្បៈមួយរយៈធំមក បែរជានាង ចេញមុខប្រកាសថា មានកូន៤ខែ ដោយសារការចាក់បញ្ចូលមេជីវិតឈ្មោះទៅវិញ ។ តើការចាក់បញ្ចូលមេជីវិតឈ្មោលនេះ ជាមេជីវិតឈ្មោលពិត ឬក្លែងក្លាយ?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល