CamNews

តារា 

សម សូនី តារា​ចម្រៀង​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​សង្សារ​ដាក់​បំរាម​មិន​ឲ្យ​ចូល​សិល្បៈ ព្រោះ​ខ្លាច​គេ...

(ភ្នំពេញ)៖ ស្រីស្អាត សម សូនី ជាតារាចម្រៀង​កូនកាត់ខ្មែរ កម្ពុជាក្រោម ហើយត្រូវបានគេដឹងថា មានភាពល្បីល្បាញខ្លាំង នៅទីក្រុងព្រៃនគរ ឬសាយហ្គន​ដែលនាងតែងតែ បកស្រាយចម្រៀងខ្មែរ​ បានយ៉ាងពីរោះ ថ្វីត្បិតតែមិនសូវច្បាស់ ដូចសំឡេងជនជាតិខ្មែរពិតប្រាកដក្ដី តែនាងមានទឹកដមសំលេងល្អ និងរូបសម្បត្តិស្រស់ស្អាត គួរជាទីទាញ់ទាក់នៃមហាជនទូទៅ ។ ថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា តារាចម្រៀងល្បីល្បាញ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក រូបនេះ ត្រូវសង្សារហាមឃាត់មិនឲ្យចូលប្រឡូក ក្នុងវិស័យសិល្បៈ ចម្រៀងតទៅទៀតទេ ដោយសំអាងថា ខ្លាចមានគេឆក់យកនាងពីដើមទ្រូវទៅបាត់។

តារាចម្រៀង សម សូនី បានចូលក្នុងសិល្បៈ ដោយសារតែភាពចៃដន្យ ព្រោះនាងស្គាល់អ្នកផលិតបទចម្រៀង ហើយគេហៅ​ច្រៀង ​ក៏ច្រៀងឲ្យគេបានច្រើនបទគួរសម ហើយរហូតបានឡើងទូរទស្សន៍ វៀតណាមទៀតផង។

បទចម្រៀងល្បីល្បាញខ្លាំងរបស់ សម សូនី គឺបទ «បាត់ដំណឹងស្នេហ៍» ក្រោយមកក៏មានបទចម្រៀងល្បីល្បាញ ជាហូរហែចេញជាបន្តបន្ទាប់ទៀត។ កាលពីឆ្នាំមុន បទចម្រៀងល្បីល្បាញរបស់នាង ហើយត្រូវបានគេស្គាល់ជាទូទៅ គឺបទ«រលកដួងចិត្ត» គួបផ្សំ ជាមួយនឹងសម្រស់រឹតតែស្អាតឡើង ​។

តារាចម្រៀងស្រីរូបនេះ ឡើងចុះស្រុកខ្មែរញឹកញាប់ ហើយក៏មានខាងស្ថានីយទូរទស្សន៍ជាច្រើន បានទាក់ទងឲ្យឡើងច្រៀងក្នុងកម្មវិធីប្រគំ តន្រ្តីនានា ប៉ុន្តែនាងមិនទទួលឡើយ សូម្បីតែការសម្ដែងក្រៅប្រទេស ក៏​មិនទទួលដែរ ព្រោះគូស្នេហ៍នាងជាតារាសម្ដែងខ្មែរកូនកាត់បារាំង បានរារាំងមិនឲ្យនាងចូលសិល្បៈ ព្រោះខ្លាចនាងត្រូវគេពង្រត់ទៅបាត់។ ម្យ៉ាងលោកកំពុងតែ ប្រឡូក​ក្នុងវិស័យនេះស្រាប់ ពិតជាដឹងច្បាស់ថា សិល្បៈ ​មានស្ថានភាពបែបណា​។

កញ្ញា សម សូនី ​មិនបានខ្វល់ចិត្តថា ​បានប្រឡូកលើវិស័យសិល្បៈក្នុងស្រុកខ្មែរ ឬក៏អត់នោះទេ ព្រោះនាងមានជីវភាពខ្ពង់ខ្ពស់ នៅប្រទេសវៀតណាមទៅហើយ មិនចំបាច់មកប្រមូលប្រាក់កាក់ល្អិត ពីសិល្បៈឡើយ ។ នាងជាមនុស្សពូកែខ្មាសអៀនណាស់ សូម្បីតែគេមើលរូបចាស់​ ក៏នាងអៀនរហូតដើរចេញ និងចូលចិត្តនិយាយស្ដីតិចៗ តែសំឡេងច្រៀង​ពីរោះ ទោះបីមិនសូវច្បាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Som sony