CamNews

តារា 

ធ្លាយការពិត រាជ បូរី ក្រឡាប់រថយន្តស្លាប់ នៅក្រុងប៉ោយប៉ែត ក្រោយត្រលប់ពីដើរលេងចូលឆ្នាំ នៅ Bangkok

(ប៉ោយប៉ែត)៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្ម Classic លោក រាជ បូរី បានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារតែក្រឡាប់រថយន្ត កាមរីបាឡែន បណ្ដាយឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនដល់មន្ទីរទេព្យ ប៉ុន្មាននាទីក្រោយមក ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ហើយមន្ទីរពេទ្យគ្មានឧបករណ៍ គ្រប់គ្រាន់ដើម្បីជួយសង្គ្រោះ។

លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានប្រាប់ Khmer Talking នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នេះទាំងសម្លេងយំខ្សឹបខ្សួល ឲ្យដឹងថា លោក រាជ បូរី ពិតជាបានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះមែន នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស៣នាក់​ផ្សេងទៀត ជិះក្នុងឡានជាមួយគ្នា ធ្វើដំណើរមកពីដើរលេងកម្សាន្តវិញ ពីក្រុងបាងកកប្រទេសថៃ ដោយនៅក្នុងនោះ មានមនុស្សម្នាក់ទៀត ជាស្ត្រីវ័យជា៦០ឆ្នាំ ក៏បានស្លាប់ក្នុងហេតុកាណ៍នេះដែរ។

លោក ហួរ សុផល បានបន្ថែមទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បីបួនត្រឡប់ បណ្ដាលឲ្យលោក រាជ បូរី ត្រូវគៀបជាប់នឹងរថយន្ត បាក់ច្រមុះ បាក់ថ្គាម បែកមុខ របួសធ្ងន់ ហើយត្រូវស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រុងប៉ោយប៉ែត ប្រមាណជា១០ នាទីក្រោយ ហើយស្រ្តីចំណាស់ម្នាក់ដែលរួមដំណើរជាមួយគ្នា​ ស្លាប់នៅនឹងកន្លែង ។ ចំណែករូបលោកជាអ្នកអង្គុយខាងមុខ រងបួសស្រាល ក្នុងចំណោមមនុស្ស៥នាក់ ជិះក្នុងឡានជាមួយគ្នា។

យ៉ាងណាមិញ បន្ទាប់ពីមានគ្រោះអកុសល ដែលមិននឹកស្មានដល់នេះ កើតឡើងរួចមក លោក ហូរ សុផល បានទំនាក់ទំនងមកក្រុមគ្រួសារ របស់តារាចម្រៀង រាជ បូរី ដើម្បីរៀបចំដឹកសព ទាំងយប់តែម្ដង មកធ្វើបុណ្យ តាមប្រពៃណីនៅឯក្រុងភ្នំពេញ ដោយនៅពេលនេះ សពកំពុងតែដម្កល់ធ្វើបុណ្យក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយនឹងត្រូវធ្វើពិធីបូជា នៅថ្ងៃស្អែកនេះ។

ដំណឹងនេះ ក៏ចាត់ទុកជាការអញ្ជើញដល់បណ្ដា សិល្បករ សិល្បការិនី រួមអាជីពទាំងអស់ ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព។

សូមបញ្ជាក់ថា តារាចម្រៀង លោក រាជ បូរី ត្រូវបានមហាជនទទួលស្គាល់ និងមានឈ្មោះបោះសំឡេង ជាច្រើនឆ្នាំមកហើយ ក្នុងផលិតកម្ម Classic ហើយរូបលោក ក៏ជាដៃគូ យ៉ាងស្អិតល្មួតជាមួយនឹងតារាចម្រៀង សុគន្ធ អារីយ៉ា ដែលជាប្អូនស្រីបង្កើត របស់លោក ហូរ សុផល រហូតដល់ថ្នាក់កន្លងមកតែងមានព័ត៌មានថា ពួកគេទាំងពីរ មានចំណងស្នេហ៍​ជាមួយគ្នាទៀតផង៕

 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Reach borey