CamNews

ព័ត៌មានជាតិ 

ថ្ងៃចូលរោងការ កូនក្រមុំប្រហារចិត្តកូនកម្លោះគ្មានប្រណី ព្រោះស្រីថ្លៃវេចសម្ពាយរត់តាម....បាត់.!

(កំពង់ឆ្នាំង)៖ គម្រោងមេក្រូភ្លេងការ ចាក់បទបាយខុនចងដៃ....ដែលនឹងធ្វើអោយលាន់ឮផ្អើលភូមិ នាពេលព្រឹកថ្ងៃចូលរោងជ័យ បានប្រែក្លាយទៅជាស្ងាត់ជ្រងុំ សាច់ញាតិ ដែលត្រៀមចាំសប្បាយ ទទួលអំណរអបអរសាទរ គូរអាពាហ៏ពិពាហ៏ថ្មី ក៏ប្រែទៅជាក្រៀមក្រំ ដោយសារតែស្រីថ្លៃជាកូនក្រមុំ បានវេចសម្ពាយរត់ចោលរោងការ បាត់ទៅហើយ ជាពិសេសតួអង្គកូនកម្លោះតែម្ដងដែលត្រៀមចិត្តត្រៀមកាយ សប្បាយខ្លាំងក្លាជាងគេ ប្រែក្លាយទៅជាភ័ន្តភាំង រកនិយាយមិនចេញ។

រឿងរោងការប្រហារចិត្តកូន កម្លោះនេះបានកើតឡើង តាំងពីចុងសប្ដាហ៏កន្លងទៅនេះមកម្ល៉េះ តែទើបនឹងបែកធ្លាយជាសាធារណៈ កាលពីម្សិលមិញតែប៉ុណ្ណោះ ដែលជាថ្ងៃចូលរោង បង្កអោយមានការភ្ញាក់ផ្អើលអស់សាច់ញាតិ ទាំងខាងស្រីទាំងខាងប្រុស រួមទាំងភ្ញៀវ ស្រុកភូមិ ដែលត្រៀមចូលរួមអបអរ និងលៀងភោជនីអាហារផងដែរ។

ពាក់ព័ន្ធករណីកូនក្រមុំរត់ចោលរោងការ ចោលកូនកម្លោះនៅថ្ងៃសូត្រមន្តចូលរោង បង្កការភ្ញាក់ផ្អើលនេះ បើតាមការអះអាងពីស្រ្តីឈ្មោះផាន់ សិរី អាយុ៣៩ឆ្នាំត្រូវជាម្តាយ បានរៀបរាប់អោយដឹងថា កូនស្រី របស់ គាត់ដែល ជាកូនក្រមុំក្នុងថ្ងៃចូលរោងការនេះ មានឈ្មោះសុខ សិរីវឌ្ឍន៍ អាយុ២១ឆ្នាំ ជាកម្មការិនី បម្រើការងារនៅរោងចក្រអឹមវ៉េ ខេត្តកំពង់ឆ្នាំង។

ចំណែកឯកូនកម្លោះដែលត្រូវចូលរោងការ ជាមួយកូនស្រីរបស់គាត់ មានឈ្មោះស៊ិន ស៊ីវង៉ុក អាយុ២២ឆ្នាំរស់នៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដូចគ្នា ហើយរវាងពួកគេទាំងពីរនាក់ជាអ្នកស្គាល់គ្នាទៀតផង មិនមែនមេបាចាប់ដាក់ផ្សំផ្គុំអោយនោះទេ ហើយមង្គលការនេះ ត្រូវសូត្រមន្តចូលរោង នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០១៦ និងរៀបកានៅថ្ងៃទី២៤មករា ស្រាប់តែកូនស្រីគាត់បានរត់ចេញពីផ្ទះបាត់ តាំងពីព្រលឹមស្រាងៗ ថ្ងៃចូលរោងមកម្ល៉េះ។

ស្រ្តីរូបនេះបានប្រាប់បន្តទៀតថា អ្វីដែលធ្វើអោយគាត់ហួសចិត្ត ស្មានមិនដល់ គឺនៅព្រឹកថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃសូត្រមន្តចូលរោង ញាតិមិត្តជិតឆ្ងាយ ទាំងសងខាង បានមកជួបជុំ ហើយរោងការបានរៀបចំហើយជាស្រេច សម្រាប់ពិធីមង្គលការនេះ ស្រាប់តែ បាត់កូនស្រីរបស់គាត់ដែលជាកូនក្រមុំ ត្រៀមចូលរោងការនេះ តាំងពីព្រលឹមស្រាងៗ ធ្វើអោយភ្ញៀវ ញាតិមិត្ត ជិតឆ្ងាយ ផ្អើលឈូរឆនាំគ្នាចាត់ដើររក គ្រប់ច្រកល្ហក តែទោះជាខំរកយ៉ាងណាក៍នៅមិនឃើញ។ ទូរស័ព្ទរបស់នាងក៍តេមិនចូល រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ច សម្រាប់ជាការដឹងឮ និងជួយរកផងដែរ។

ស្ត្រីជាម្ដាយបានបញ្ជាក់ថានាង កូនក្រមុំដែលបាត់ទៅនេះ បានភ្ជាប់ទៅជាមួយនឹងគ្រឿងអលង្គការ មានដូចជាខ្សែដៃ ខែ្សក ចិញ្ចៀន ទាំងមាសនិងប្លាទីន ប្រមាណជាង១តម្លឹង។

គាត់មិនដឹងថាកូនគាត់ទៅជាមួយអ្នកណានោះទេ ប៉ុន្តែគាត់បានបង្ហើបថាការបាត់កូនស្រី របស់គាត់នេះ គឺស្របពេលបុរសម្នាក់ ដែលជាអ្នកធ្វើការនៅរោងចក្រអឹមវ៉េ ជាមួយគ្នាក៏បាត់ខ្លួនផងដែរ ហើយទូរស័ព្ទក៍ខលមិនចូលដូចគ្នា។ ចំណែកឯឪពុកកូនក្រមុំវិញ បានប្រាប់អោយដឹងថា កូនស្រីរបស់គាត់អាចចាញ់បោកគេ ពីការល្បួងលួងលោមអោយនាងចេញពីរោងការ ឬអាចជាចាញ់បោកគេល្បួងយក គ្រឿងអលង្ការរបស់កូនគាត់។

ស្រ្តីជាម្តាយបានរៀបរាប់ថា គាត់មិននឹកស្មានថាកូនស្រីរបស់គាត់ ធ្វើបែបនេះនោះទេ ព្រោះអ្វីៗដែលបានរៀបចំផ្សំផ្គុំ ពិធីការនាពេលនេះ គឺបានកើតឡើងដោយសារតែ មានការយល់ព្រមរវាងកូនស្រីរបស់គាត់ និង កូនកម្លោះនោះដែរ។ នៅពេលដែលកូនកម្លោះ ចូលស្ដីដណ្តឹង កូនស្រីរបស់គាត់ មិនបានប្រកែកប្រណាំងអ្វីទេ រហូតបានធ្វើពិធីភ្ជាប់ពាក្យ។

តាំងពីស្តីដណ្តឹងរហូតដល់ថ្ងៃចូលរោងការ នេះគឺ មានរយៈពេលជិត ១ឆ្នាំមកហើយ ក្រោយពីស៊ីស្លាភ្ជាប់ពាក្យរួចមក ដែលកាលណោះកូនកម្លោះ ធ្វើការនៅរោងចក្រអឹមវ៉េជាមួយគ្នា ហើយពេលទៅធ្វើការ គឺជិះម៉ូតូឌុបគ្នាទៅជាមួយគ្នា មិនដែលមានហេតុភេទអ្វីនោះទេ។ មុនពេលរៀបចំពិធីការនេះឡើង គឺពុំដែលកូនស្រីរបស់គាត់និយាយអ្វីនោះទេ ហើយថែមទាំងកំម៉្មង់របស់ល្អៗ សម្រាប់រៀបចំពិធីមង្គលការនេះទៀតផង។

ស្រ្តីរូបនេះបានប្រាប់ទៀតថា មង្គលការកូនស្រីរបស់គាត់នេះ គឺគាត់គ្រោងហៅភ្ញៀវ ប្រមាណជាង៤០០នាក់ សម្រាប់ចូលរួមជាកិត្តិយសអាពាហ៍ពិពាហ៍ កូនស្រីរបស់គាត់នេះ អ្វីៗបានគ្រោងរៀបចំទុកជាស្រេចរួចអស់ហើយ ចាប់តាំងពីភ្លេងប្រពៃណី តន្រ្តីសម័យ ចុងភៅ ភេសជ្ជៈ និងពិធីការផ្សេងៗ ដែលគ្រោងចំណាយថវិកាប្រមាណជាង ៤០០០ដុល្លារឯណោះ។

ជាចុងក្រោយគាត់បានផ្ដាំ ថាក្នុងនាមគាត់ជាឪពុកម្តាយ សូមអំពាវនាវអោយកូនស្រីត្រឡប់មកផ្ទះវិញ ទោះកូននៅទីណាក៏ដោយ ឬខុសឆ្គងយ៉ាងណាក្តី ម្តាយឪពុកមិនយកទោសពៃអ្វីទេ អោយតែកូនវិលត្រឡប់មកផ្ទះ រកម្តាយឪពុកវិញ។

ចំណែកភាគីខាងកូនកម្លោះ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា នឹងប្រកាន់យកដំណោះស្រាយ បែបណានៅឡើយនោះទេ ព្រោះរឿងរ៉ាវនៅថ្មីៗ ពេកណាមួយ ជារឿងរ៉ាវដែលពួកគេមិន ធ្លាប់ជួបប្រទះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh