CamNews

តារា 

ពេជ្រ សោភា ស្ងាត់​ដំណឹង​ទៅ​រស់​នៅ ជា​មួយ​ស្វាមី​ឯ​នាយ​សមុទ្រ ខណៈ​គិត​ត្រឹម​ថ្ងៃ​នេះ មង្គល​ការ​មាន​..

(ភ្នំពេញ)៖ ​អ្នកនាង ពេជ្រ សោភា តារាចម្រៀងដែលទើបតែមានដំណឹងច្បាស់ថា មិនបានដើចេញពីហង្សមាស មកទល់នឹងថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានអ្នកគាំទ្រដឹងថា បានរៀបអាពាហ៍ពិពាហ៍​មួយឆ្នាំគត់មកហើយ ជាមួយស្វាមីឈ្មោះ ឡៅ ឆាលី ជានាយទាហានខ្មែរ ធ្វើការនៅទឹកដីសម្បូរដុល្លារ នៃសហរដ្ឋអាមេរិ​ក។ គេនៅចាំបានថា ក្នុងថ្ងៃមង្គលការ ពេជ្រ សោភា មានវត្តមានតារាសិល្បៈល្បីល្បាញ រះព្រោងព្រាត សុទ្ធតែ​តារាធំៗប្រចាំប្រទេសចូលរួម ដែលជាកិត្តិយសដ៏ធំធេង សម្រាប់នាង ព្រោះ​រៀបចំកម្មវិធី ក៏អធឹកអធ័ម មិនធម្មតាដែរ ។

ក្រោយពី ពេជ្រ សោភា រៀបការរួច នាងធ្លាប់បានផ្ដល់បទសម្ភាសន៍ ឲ្យសារព័ត៌មានក្នុងស្រុកនានាថា នាងនឹងទៅតាមស្វាមី​ក្នុងពេលណាមួយ ដែលមិនយូរទេ បន្ទាប់ពីចេញអាល់ប៊ុម កាហ្វេ១៥០០ អាចជាអាល់ប៊ុមចម្រៀងទោលចុងក្រោយ ក្នុងអាជីពសិល្បៈចម្រៀង របស់តារា​ស្រីសម្បូររឿងរូបនេះ​។ ប៉ុន្តែប្រភពមួយបាននិយាយថា ពេជ្រ សោភា មិនអាចទាន់ចេញ​ទៅណាបានទេ ព្រោះនាងកំពុងជាប់កិច្ចសន្យា ជាមួយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The voice Cambodia» ដូចនេះនាងត្រូវបំពេញការងារនេះ ឲ្យបានចប់រួចរាល់សិន។

​កំឡុងពេលដែល ពេជ្រ សោភា មិនទាន់បានចេញទៅរស់នៅជាមួយស្វាមី ក៏​ដុតដៃដុតជើង រៀបចំអាល់ប៊ុមថ្មីមួយទៀត ​មានតែនាង​និង​តារារ៉េបដ៏ល្បីល្បាញលោក ដេវីត ក្នុងអាល់ប៊ុម ម្ចាស់ក្សត្រីឬ «Queen» ដែលបទចម្រៀងក្នុងអាល់ប៊ុមនេះ សម្បូរបទចម្រៀងប្លែកៗ នឹងត្រូវចិត្តមិត្តយុវវ័យខ្លាំងណាស់ ​ជាពិសេសបទចម្រៀង «តាក់ទីងណឹងណឹង..!» និងបទ «ទឹកភ្នែកក្មេងរើសសំរាម» ដែលជាស្នាដៃនិពន្ធ រវាងនាង និងលោកដេវិត ដែលសុទ្ធសឹងជាមនុស្សមានសមត្ថភាព។

រឿងរ៉ាវដ៏ក្ដៅគគុកមួយ បានផ្ទុះឡើងខណៈដែល ពេជ្រ សោភា គ្រោងចាកចេញពីហង្សមាស ក្រោយពីកម្មវិធី ប្រឡងចម្រៀងបានបញ្ចប់ ប៉ុន្តែក្រោយមក ហង្សមាស បានចរចាត្រូវរ៉ូវគ្នាវិញ ក៏បន្តកិច្ចសន្យានៅក្នុងផលិតកម្មនេះដដែល ។ ប៉ុន្តែអ្វីដែលគេមិនដែលឃើញនាង និយាយសោះ គឺរឿងប្ដី​ ព្រោះនាងហាក់ឃ្លាតឆ្ងាយពីស្វាមី ​ផ្ទុយពីតារាសិល្បៈដទៃ ដែលតារាខ្លះរៀបការរួច បានពីរ ឬបីខែ ក៏​ចេញ​ទៅបាត់តាមប្ដី។ ចំណែក ពេជ្រ សោភា ធ្លាប់បាននិយាយថា នាងមានលិខិតឆ្លងដែនហើយ តែបែរជាស្ងាត់ឈឺង គ្មានដំណឹងអ្វីសោះ។

តារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា មិនអាចសុំការបំភ្លឺបានទេ ថានាងគ្រោងចាកចេញនៅពេលណា ប៉ុន្តែមើលទៅដំណឹងចាកចេញ ទៅរស់នៅជាមួយស្វាមី ដើម្បីឆាបបានកូននោះ ហាក់កាន់តែស្ងប់ស្ងាត់ ខណៈប្រជាប្រិយភាព​ ចេះតែកើនឡើងបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Pich sophea Star news local news